ភ្នំពេញ : ក្រោយពីត្រូវបានប្រកាសក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ទម្រង់សិល្បៈល្ខោនខោល កាន់តែត្រូវបានផ្សព្វផ្សាយនិងលើកយកមកសម្ដែងជារឿយៗក្នុងព្រឹត្តិការណ៍តូចធំ ក៏ដូចជាការបើកវគ្គបង្រៀនបណ្ដុះបណ្ដាលអ្នកបន្តវេនជំនាន់ក្រោយផងដែរ។
ល្ខោនខោលជាទម្រង់ល្ខោនសិល្បៈមួយប្រភេទ ដែលនាថការីពាក់របាំងមុខពេលសម្ដែងរាំប្រកបដោយភាពប៉ិនប្រសប់ ក្នុងខ្សែរឿងទេវថាសាសនាហិណ្ឌូ។
តួអង្គទាំងអស់តម្រូវឱ្យពាក់របាំងមុខទៅតាមចរិតលក្ខណៈរបស់តួអង្គនីមួយៗ លើកលែងតែតួស្រីៗមួយចំនួនប៉ុណ្ណោះ ដែលមិនតម្រូវឱ្យពាក់របាំងមុខខ្មុកនោះទេតែតម្រូវឱ្យតួអង្គស្រីៗទាំងនោះត្រូវលាបម្សៅមុខស ក្បុស តំណាងឱ្យភាពជាតួអង្គក្នុងប្រភេទរឿងទេវកថារាមកេរ្តិ៍ ។
ល្ខោនខោល ដែលមានដើមកំណើតក្នុងអំឡុងសតវត្សទី១០ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស៩៦៨-១០០១)នេះបើយោងតាមសិលាចរឹកនៅតំបន់ស្ទឹងស្រែង ខេត្តសៀមរាប ។
ល្ខោនខោលវត្តស្វាយអណ្ដែតដែលតំណាងឱ្យល្ខោនខោលប្រទេសកម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៨។
ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានសម្ដែងដោយសហគមន៍មួយរស់នៅជុំវិញអារាម ដែលស្ថិតនៅចម្ងាយជាង១០គីឡូម៉ែត្រ នៅតាមទន្លេមេគង្គ ខាងកើតរាជធានីភ្នំពេញ។ល្ខោននេះសម្ដែងដោយពាក់មុខ (ខ្មុក) និងមានវង់ភ្លេងពិណពាទ្យអមជាមួយផង។គោលបំណងនៃការសម្ដែងល្ខោននេះគឺជាការបន់ថ្វាយដល់អ្នកតាដែលថែរក្សាការពារ នាំមកនូវសេចក្ដីសុខសម្បូរសប្បាយក្នុងសហគមន៍ ទឹកដី និងក៏ដើម្បីទទួលបានភោគផលល្អផងដែរ។
ក្រៅពីនេះសម្បត្តិបេតិកភណ្ឌអរូបីរបស់កម្ពុជាដទៃទៀតដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌយូណស្កូ រួមមានដូចជារបាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែងនិងក្បាច់គុនល្បុក្កតោ។
ក្រោយពីជាប់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិល្ខោនខោលត្រូវបានលើកតម្កើង និងផ្សព្វផ្សាយកាន់តែទូលំទូលាយដោយស្ថាប័នរដ្ឋនិងឯកជន។
កាលពីថ្មីៗនេះ ក្រសួងវប្បធម៌បានរៀបចំមហោស្រពល្ខោននិងពិធីប្រគល់ពានរង្វាន់ល្ខោនខោល នៅបរិវេណ វត្តភ្នំស្របនឹងព្រឹត្តិការណ៍ពិធីដង្ហែក្បួនប្រទីបពិធីអកអំបុក សំពះព្រះខែ ទស្សនីយភាពដាល់អំបុក និងរបាំ ប្រពៃណីជាដើម។
ចំពោះការចូលរួមផ្សព្វផ្សាយពីវិស័យឯកជនត្រូវបានធ្វើឡើងតាមរយៈការអញ្ជើញសិល្បករទៅសម្ដែងល្ខោនខោល នៅតាមពិធីសម្ពោធធំៗដូចជារថយន្តទំនើបជាដើម។
រីឯកម្មវិធីបុណ្យភូមិប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមភ្លើងគប់ ពុំដែលរំលងការសម្ដែងទស្សនីយភាពល្ខោនខោលឡើយ ដោយពង្រីកពីរាជធានីភ្នំពេញទៅសម្ដែងតាមបណ្ដាខេត្តនានា តាមរយៈកម្មវិធី បុណ្យភូមិមានជើង ផងដែរ។
ដើម្បីបណ្ដុះបណ្ដាលនាថការីល្ខោនខោលជំនាន់ក្រោយ ក្រុមសិល្បៈយុវជនល្ខោនខោលដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៦ ដោយនាដករល្ខោនខោល លោក ហង់ ភូមិរ៉ា ក៏បានប្រកាសពីការបង្ហាត់របាំដោយឥតគិតថ្លៃដើម្បីអភិរក្សទម្រង់សិល្បៈបុរាណខ្មែរ។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីមនុស្សជាតិបានធ្វើឱ្យទម្រង់ល្ខោននេះកាន់តែទទួលបានចំណាប់អារម្មណ៍ច្រើន និជាការរួមចំណែកធ្វើឲ្យសម្បត្តិវប្បធម៌អរូបីរបស់កម្ពុជាកាន់តែលេចធ្លោរថែមទៀតនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕