ការឈឺចាប់ពេលមករដូវ (dysmenorrhea)គឺជាបញ្ហាដែលមនុស្សស្រីជាច្រើនប្រឈមមុខតែយើងក៍អាចកាត់បន្ថយ ឬបំបាត់ការឈឺចាប់ដោយប្រើប្រាស់វិធីធម្មជាតិនិងវិធីសាស្ត្រងាយៗដទៃទៀតបានផងដែរ។
ថ្ងៃនេះ SR News និងលើកយកវិធីសាស្ត្រខ្លះៗមកបង្ហាញដល់មិត្តៗនារីដើម្បីទប់ស្កាត់ការឈឺចាប់ពេលមករដូវ៖
១. ស្អំខ្នើយកម្ដៅ ឬទឹកក្តៅឧណ្ហៗ
បើសិនជាអ្នកមានអារម្មណ៍ថាឈឺចាប់សូមសាកល្បងប្រើខ្នើយ ឬបន្ទះកម្ដៅ (Heating Pad) ឬច្រកទឹកក្តៅឧណ្ហៗក្នុងដបស្អំស្រាលៗនៅត្រង់ផ្នែកខាងក្រោមពោះកំឡុងពេលមករដូវដោយសារកម្ដៅនេះអាចជួយបន្ថយការឈឺចាប់ផ្នែកសាច់ដុំបានយ៉ាងមានប្រសិទ្ធភាព។
២. ធ្វើលំហាត់ប្រាណស្រាលៗ
ការធ្វើលំហាត់ប្រាណស្រាលៗ ដូចជា ហែលទឹកហាត់យូហ្គា ឬដើរតិចៗ អាចជួយសម្រួលចរន្តឈាមរត់បានស្រួលនិងកាត់បន្ថយការឈឺចាប់។
៣. ញ៉ាំទឹកក្តៅ និងតែរុក្ខជាតិ
ការញ៉ាំទឹកក្តៅអាចជួយបន្ថយការឈឺក្រពះនិងជួយឲ្យសាច់ដុំធូរស្រាល ចំនែកឯការញ៉ាំតែរុក្ខជាតិដូចជាតែផ្កានិងតែក្រហមក៏អាចសម្រួលការឈឺចាប់បានខ្លះដែរ។
៤. បរិភោគប្រភេទអាហារ ដែលងាយស្រួលរំលាយ
ប្រសិនបើអ្នកឈឺពោះពេលមករដូវសូមជៀសវាងអាហារដែលមានជាតិប្រេងខ្ពស់, អំបិលច្រើន,និងអាហារណាដែលមានសារធាតុកាហ្វេអ៊ីន។អ្នកគួរតែបរិភោគអាហារណាដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាផ្លែឈើ បន្លែនិងប្រភេទអាហារណាដែលងាយស្រួលរំលាយ ដោយរបបអាហារនេះជួយបន្ថយការឈឺចាប់បាន។
៥. សម្រាកឲ្យបានគ្រប់គ្រាន់
កំឡុងពេលមករដូវ មនុស្សស្រីតែងតែបាត់បង់ឈាមច្រើនដូច្នេះហើយវាធ្វើឱ្យយើងអស់កម្លាំងជារឿងធម្មតា។ ដូច្នេះការសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់ គឺជារឿងចាំបាច់បំផុតដែលមិត្តនារីៗគួតែធ្វើ។
៦. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់
ប្រសិនបើការឈឺចាប់មានកម្រិតធ្ងន់អ្នកអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (Ibuprofen ឬ Acetaminophen)តែមុននឹងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនដើម្បីប្រាកដថាវាគ្មានផលប៉ះពាល់អាក្រក់ដល់សុខភាព។
ការប្រើប្រាស់វិធីសាស្ត្រ សាមញៗខាងលើទាំងអស់នេះពិតជាសន្សំសំចៃ និងងាយស្រួល ក្នុងការថែរក្សាខ្លួនក៏ដូចជាកាត់បន្ថយការឈឺចាប់ពេលមករដូវបានយ៉ាងមានប្រសិទ្ធភាព៕