នៅក្នុងពិភពនៃអ្នកចូលចិត្តរថយន្តច្នៃ លោកអាគីរ៉ា ណាកៃ (Akira Nakai) គឺជាឈ្មោះដែលច្របាច់បញ្ចូលសិល្បៈ និងភាពច្បាស់លាស់។ឈ្មោះរបស់លោកត្រូវបានអ្នកចូលចិត្តលេងរថយន្តនៅកម្ពុជាស្ងប់ស្ញែងជាពិសេសតាមរយៈស្នាដៃរថយន្តកែច្នៃឈ្មោះ Bella ដែលមកដល់កម្ពុជាកាលពីខែមេសាកន្លងទៅនេះ។
ជាប់ងារជាសេដ្ឋីប្រាក់លានដែលស្លៀកពាក់ដូចទុរគតជនតាមចិញ្ចើមផ្លូវស្ថាបនិក RAUH-Welt BEGRIFF (RWB) លោក Nakai ត្រូវបានគេស្គាល់តាមរយៈលក្ខណៈពិសេសរបសគាត់នៅក្នុងឧស្សាហកម្មរថយន្តជាមួយនឹងសិល្បៈកែច្នៃរថយន្តស៊េរីចាស់ឱ្យប្លែកនិងដំណើរការតាមបច្ចេកទេស ជាពិសេសស្នាដៃកែម៉ូដែលរថយន្ត Porsche បុរាណ។
កើតនៅក្នុងប្រទេសជប៉ុន ចំណង់ចំណូលចិត្តរបស់លោក Nakai បានដុះដាលតាំងពីកុមារភាព ហើយការច្នៃបង្កើតរបស់Nakai មិនមែនគ្រាន់តែជារថយន្តប៉ុណ្ណោះទេ។
ស្នាដៃរថយន្តកែច្នៃទាំងនេះឆ្លុះបញ្ចាំងពីទស្សនវិជ្ជារបស់គាត់ក្នុងការរស់នៅក្នុងភាពរីករាយគ្រប់ទិដ្ឋភាពនៃជីវិត។វិធីសាស្ត្ររបស់លោកក្នុងការកែប្រែរថយន្តគឺល្អិតល្អន់ ដែលជារឿយៗលោកប្រើតែភ្នែករបស់លោកជារង្វាស់ដើម្បីធ្វើកិច្ចការដោយដៃ ផ្ដល់ការតុបតែងបំពាក់គឿងគ្រៅបរិក្ខាឱ្យសមឥតខ្ចោះសម្រាប់រថយន្តនីមួយៗ។
តម្លៃសម្រាប់ការកែរថយន្តមួយគ្រឿងដោយលោក Nakai គឺចន្លោះពី ៤ ទៅ ១០ម៉ឺនដុល្លារ នេះបើយោងតាមវិបសាយរថយន្តTop Gear និង Top Speed បានរាយការណ៍។
រថយន្ត Porsche ពណ៌ខៀវ RMB ដែលដាក់ឈ្មោះថា «Bella» តាមឈ្មោះកូនស្រីរបស់លោក ទា ស្យាម ដែលប្រធានកម្មវិធីវប្បធម៌ឡានកម្ពុជា Cambodia Car Culture គឺជាស្នាដៃមួយរបស់លោក Nakai។
ការបង្កើតដ៏ពិសេសនេះមិនត្រឹមតែបានទាក់ទាញបេះដូងម្ចាស់របស់វាប៉ុណ្ណោះទេថែមទាំងមានការចាប់អារម្មណ៍ពីអ្នកចូលចិត្តរថយន្តទូទាំងប្រទេសកម្ពុជា។ឈ្មោះ 'Bella' មានន័យលើសពីយានជំនិះ។
នៅពេលសួរអំពីការងារជាអ្នកកែរថយន្ត និងការផ្សារភ្ជាប់ទៅនឹងជីវិតអតិថិជនរបស់គាត់Nakai បានចែករំលែកថា៖ «រថយន្តនីមួយៗដែលខ្ញុំបង្កើតគឺជាផ្នែកមួយនៃរឿងរ៉ាវរបស់នរណាម្នាក់ឬអាចថាជាជំពូកមួយនៃទំព័រជីវិតរបស់ពួកគេ»។
ការដាក់ឈ្មោះរថយន្ត Porsche 'Bella' នេះផ្តល់ឱ្យវានូវព្រលឹងបុគ្គលិកលក្ខណៈ។ មិនមែនគ្រាន់តែជាម៉ាស៊ីនទេ វាជាសមាជិកនៃគ្រួសារ។
ការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោក Nakai មកកាន់ប្រទេសកម្ពុជាមានភាពលេចធ្លោក្នុងចំណោមសហគមរថយន្ត។អ្នកគាំទ្រចង់ឃើញសិល្បករ និងស្នាដៃរថយន្តរបស់លោកដោយផ្ទាល់។
ឥទ្ធិពលរបស់ Nakai លើវប្បធម៌រថយន្តរបស់កម្ពុជា គឺជាសក្ខីភាពមួយចំពោះការឈានទៅដល់សកលលោកនិងភាសាសកលនៃចំណង់ចំណូលចិត្តផ្នែកយានយន្ត៕