សៀមរាប៖ សិប្បករអង្គរ (Artisans Angkor)ដែលបានបណ្ដុះបណ្ដាលធនធានជាងចម្លាក់ និងតម្បាញរាប់ពាន់នាក់ រំពឹងថានឹងមានមនុស្សកាន់តែច្រើនមកមើលដំណើរការសិប្បកម្មរបស់ខ្លួនដោយផ្ទាល់ដើម្បីឱ្យដឹងកាន់តែច្បាស់អំពីតម្លៃនៃការខិតខំថែរក្សានិងអភិរក្សមរតដូនតាអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ។
ជាក្រុមហ៊ុនសង្គមដែលបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានិងមានកិច្ចសហប្រតិបត្តការជាមួយ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិប្បករអង្គរ មានគោលបំណងចម្បងផ្ដោតលើការថែរក្សាអភិរក្ស មរតដូតាឱ្យនៅគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ។
លោក ខូ ដារ៉ាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ របស់សិប្បករអង្គរបានប្រាប់សារព័ត៌មាន SR News ថា៖«Artisans Angkor បង្កើតឡើងនៅឆ្នាំ ១៩៩២មានកិច្ចសហការជាមួយក្រសួងអប់រំបានបើកទទួលបណ្ដុះបណ្ដាលប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំមានចំណេះដឹងបន្តិចបន្តួចមកស្វែងរកវគ្គបណ្ដុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី៦ទៅ៨ខែ»។
ក្រោមការឧបត្ថម្ភពីសហគមន៍អឺរ៉ុបរយៈពេល៣ឆ្នាំ សិប្បករអង្គរ បានបន្ថែមមុខជំនាញវគ្គបណ្ដុះបណ្តាលវិជ្ជាជីវៈចម្លាក់ដើម្បីបេសកកម្មជាថែរក្សា និងអភិរក្សមរតដូនតា ដោយមានសហប្រតិបត្តការពីអាជ្ញាធរអប្សារារាជរដ្ឋាភិបាល រួមទាំងប្រទេសបារាំង។ អ្នកជំនាញអភិរក្សអង្គរត្រូវបានបញ្ជូនមកបង្ហាត់បង្រៀនសិក្ខាកាមទាក់ទងនិងចម្លាក់ ដើម្បីបន្តបេសកកម្មជួសជុល និងថែទាំប្រាសាទបន្តទៅទៀត។
ប្រមាណជាង ៣០ឆ្នាំមកនេះ សិប្បករអង្គរបានបន្តបេសកម្មបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលជាទំពាំងស្នងឫស្សីរាប់ពាន់នាក់មកហើយក្នុងជំនាញចម្លាក់ ជួសជុលប្រាសាទ ថែទាំប្រាសាទ និងសិប្បកម្មតម្បាញដោយដៃនានាជាច្រើនទៀត។
លោក ដារ៉ា បានឱ្យដឹងទៀតថា៖ «តាំងពីបង្កើតពីឆ្នាំ១៩៩២ មក បើគិតពីការពេញរូបរាងរបស់សិប្បករអង្គរនៅឆ្នាំ ១៩៩៤ អ៊ីចឹងបើគិតពីនោះមក៣០ឆ្នាំហើយ បេសកកម្មរបស់យើងបានបន្សល់អ្នកបន្តវេនរាប់ពាន់នាក់មកហើយ»។
សិប្បករអង្គរ ក្រោមវិបត្តិកូវីដ
ទោះជាយ៉ាងណាក្ដី ឥទ្ធិពលជំងឺកូវីដបានធ្វើឱ្យសិប្បករអង្គរ បង្ខំចិត្តបិទទ្វាររយៈពេលប្រមាណ ៣ឆ្នាំចាប់ពីឆ្នាំ ២០២០ រហូតដល់ខែតុលាឆ្នាំ២០២៣។
ការបើកដំណើរការឡើងវិញនេះជាទ្រង់ទ្រាយតូចផ្ដើមពីសិប្បករត្រឹមតែ ៧៣នាក់ បើធៀបនឹងមុនពេលវិបត្តិកូវីដ ដែលមានសិប្បករជាង១ពាន់នាក់។
មកទល់នឹងសព្វថ្ងៃនេះ សិប្បករអង្គរបានទទួលសិប្បករចាស់ៗមកវិញចំនួន ៤២៨នាក់ នៅចំនួន ២ ទីតាំង គឺកសិដ្ឋានសូត្រនិងរោងជាងចម្លាក់។
បច្ចុប្បន្នមានសិប្បករជាង ៧០នាក់បានចូលរួមជួលជុល និងស្ដារឡើងវិញ នៅប្រាសាទមេបុណ្យខាងលិច។
សិប្បករអង្គរ មានរោងជាងសិប្បកម្មផលិតដោយដៃជាច្រើនរួមមាន៖ចម្លាក់ថ្ម ចម្លាក់ឈើ ខ្មុក-ម្រ័ក្សណ៍ ចម្លាក់ស្ពាន់។ សម្រាប់ផ្នែកកសិវប្បកម្មមាន៣ផ្នែកធំរួមមាន ការដាំដើមមន ការចិញ្ចឹមដង្កូវនាងនិងការប្រើប្រាស់សូត្រ (របៀបនៃកាធ្វើសូត្រទៅជាផលិតផលផ្សេងៗរបៀបនៃការចងគៀត ការតំឡើងកី) និងការត្បាញ់សូត្រផងដែរ។
យោងតាមបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈរូបនេះបានបន្តថា៖ «វត្ថុធាតុដើមនៃការផលិតនៅក្នុងរោងជាងរបស់យើងសុទ្ធសឹងតែផលិតផលក្នុងស្រុកទាំងអស់មានទាំងថ្ម និងឈើ។ រាល់ថ្ងៃយើងប្រើតែឈើកៅស៊ូ ដែលអាចកែច្នៃឡើងវិញនោះទេវាមិនធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាននោះទេ»។
ប្រភពថ្មក្នុងការយកទៅចម្លាក់ទៀតសោតយកពីខេត្តចំនួន ៣ រួមមានខេត្តពោធិ៍សាត់ខេត្តបន្ទាយមានជ័យ (មាន ២ ទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រុកនិងស្រុកព្រះនេត្រព្រះ) និងខេត្តព្រះវិហារ។វត្ថុធាតុដើមទាំងនេះសុទ្ធសឹងតែអនុលោមតាមច្បាប់របស់ក្រសួងរ៉ែនិងថាមពលត្រឹមត្រូវ។ នេះបើតាមការលើកឡើងរបស់លោក ដារ៉ា។
ស្វែងយល់រឿងរ៉ាវពីក្រោយតម្លៃវត្ថុសិប្បកម្ម
សិប្បករអង្គរមានទីតាំងសម្រាប់ដាក់លក់នូវផលិតផលសម្រេច ចំនួន២ធំៗ នៅសៀមរាប និងមានដៃគូសហប្រតិបត្តការជាមួយសណ្ឋាគារជាច្រើនដោយមានមួយទីតាំងនៅរាជធានីភ្នំពេញ ស្ថិតនៅទល់មុខ ប្រៃសណីយ៍កម្ពុជាផងដែរ។
បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈវ័យ៤០ឆ្នាំរូបនេះ បានប្រាប់បន្ថែមថា៖ «សិប្បករអង្គរយើងនេះជាកន្លែងដែលផ្ដល់បទពិសោធន៍ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិជាមួយយើងដោយភ្ញៀវអាចស្វែងយល់ពីមរតដូនតាដែលបន្សល់ទុករាប់ពាន់ឆ្នាំ ឱ្យគាត់បានឃើញដោយដៃការដាប់ ការឆ្លាក់ ទាំងអស់ហ្នឹង»។
លោកក៏សូមអំពាវនាវពិសេសប្រជាពលរដ្ឋខ្មែរចូលទៅទស្សនកិច្ចក៏ដូចជាមកសិក្សាផ្ទាល់នៅ សិប្បករអង្គរដើម្បីទទួលយកបទពិសោធន៍ល្អៗឱ្យបានច្រើននិងបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការខិតខំប្រឹងប្រែថែរក្សានិងអភិរក្សមរតដូនតាមួយនេះ ដោយមិនមានគិតកម្រៃអ្វីនោះទេ។
លោក ដារ៉ា បានលើកឡើងថា៖ «ក្នុងនាមជាប្រតិបត្តករធ្វើការនៅសិប្បករអង្គរ លោកយល់ថាប្រជាពលរដ្ឋមួយចំនួនមិនទាន់បានមកដល់ទីតាំងផ្ទាល់និងមិនទាន់យល់នូវតម្លៃ ឬការលើកម្ពស់ទៅដល់សិប្បករដែលជាអ្នកបន្តវេន។មានផលិតផលខ្លះមាននៅលើទីផ្សារដែលមានតម្លៃទាបក៏ប៉ុន្តែពួកគាត់មិនទាន់ដឹងថាឧបករណ៍ទាំងនោះធ្វើឡើងដោយរបៀបណា? តើមានរឿងរាវអ្វីនៅពីក្រោយការលក់ផលិតផលនេះទេ?»។
សិប្បករអង្គរ នេះផងដែរក៏មានមគ្គទេសចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបក្នុងការទទួលស្វាគមន៍ដោយមានការនាំទៅមើលផ្ទាល់ក្នុងរោងជាងហត្ថកម្មផងដែរ។
លោកបានបន្តថា៖«នៅទីតាំងនេះយើងមានមគ្គុទេសក៍ដែលអាចនិយាយភាសាបរទេសជាច្រើនដូចជា ភាសាជាតិយើង អង់គ្លេស អេស្បាញ ជប៉ុននិងចិន ក្នុងការបដិសណ្ឋារកិច្ចដល់ភ្ញៀវទាំងអស់ ដែលមកបំពេញទស្សនកិច្ចនៅសិប្បករអង្គរ ឬ ArtisansAngkor នេះផងដែរ»។
សិប្បករអង្គរក៏មានកញ្ចប់វគ្គសិក្សាខ្លីដែលផ្ដល់ឱកាសដល់អ្នកមកទស្សនកិច្ចបានទទួលបទពិសោធន៍ក្នុងការដាប់ឆ្លាក់ ប្រើប្រាស់ពន្លាក ជាមួយមគ្គុទេសក៍ជំនាញដោយផ្ទាល់ក្នុងតម្លៃ ៣ម៉ោង៧៥ដុល្លារ។ កញ្ចប់វគ្គសិក្សាអំពីសូត្រមានវគ្គក្នុងការច្រលក់ពណ៌១ម៉ោងកន្លះ តម្លៃ ២៥ដុល្លារ ផងដែរ។
នាថ្ងៃអនាគត សិប្បករអង្គរ រំពឹងអាចប្រមូលសិប្បករចាស់ៗដែលធ្លាប់ធ្វើការពីមុនក៏ដូចជាសិក្សាគៀងគរសិប្បករជំនាន់ថ្មី មករួមរួមគ្នាដើម្បីបន្តវេនមរតដូនតាឱ្យគង់វង្សយូរអង្វែង។
សិប្បករអង្គរ មានទីតាំងនៅភូមិស្ទឹងថ្មីសង្កាត់សៀមរាប ក្រុងសៀមរាប ឬទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក Artisans Angkor ឬតាមរយៈលេខទូរសព្ទ 063 963 330៕