នៅកម្ពុជាការលង់ទឹកជាសោកនាដកម្មជាមូលហេតុឈានមុខគេនៃការស្លាប់ក្នុងចំណោមកុមារអាយុពី ១ឆ្នាំដល់ ១៧ ឆ្នាំ។ ដើម្បីដោះស្រាយបញ្ហានេះ អង្គការហែលទឹកកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីកាត់បន្ថយស្ថិតិទាំងនេះតាមរយៈការអប់រំពីសារសុវត្ថិភាពទឹកដ៏ទូលំទូលាយ និងការបណ្តុះបណ្តាលហែលទឹក និងការរៀបចំព្រឹត្តិការណ៍ទូទាំងប្រទេសក្នុងទិវាពិភពលោកបង្ការការលង់ទឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
អ្នកស្រី តេក សារ៉ាត់ នាយកអង្គការហែលទឹក បានមាននិយាយថា៖«ព្រះរាជាណាចក្រកម្ពុជាមានចំនួនតួលេខករណីលង់ទឹកច្រើនជាងគេលំដាប់ទី១២ ក្នុងមួយឆ្នាំ បើទោះបីជាមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ៧៣ ក៏ដោយ»។
តាមការប៉ាន់ប្រមាណថា ជារៀងរាល់ថ្ងៃ ជាមធ្យមកុមារកម្ពុជា ៤ ទៅ ៥ នាក់ បានបាត់បង់ជីវិតដោយការលង់ទឹកដែលអាចបង្ការការពារជាមុនបាន។
ការលង់ទឹកនៅតែជាកង្វល់សុខភាពសាធារណៈដ៏សំខាន់ជាពិសេសប៉ះពាល់ដល់កុមារ។ភាគច្រើននៃឧប្បត្តិហេតុសោកនាដកម្មទាំងនេះកើតឡើងនៅក្នុងទន្លេ បឹង អណ្តូងនិងអាងស្ដុកទឹក ដោយសហគមន៍ជនបទទទួលរងនូវវិបត្តិយ៉ាងខ្លាំង។
ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សុវត្ថិភាពទឹក HTK កំពុងរៀបចំព្រឹត្តិការណ៍នៅក្នុងខេត្តសៀមរាបនិងរាជធានីភ្នំពេញ។ អ្នកចូលរួមនឹងសិក្សាអំពីការការពារការលង់ទឹកបច្ចេកទេសសង្គ្រោះ និងការធ្វើចលនាសម្រួលដង្ហើម CPR ។ ព្រឹត្តិការណ៍សៀមរាបនឹងបើកឲ្យសាធារណជនចូលរួមចំណែកឯការជួបជុំនៅរាជធានីភ្នំពេញគឺតាមរយៈលិខិតអញ្ជើញ។
អ្នកស្រីនាយកអង្គការបានពន្យល់ថា៖ «សុវត្ថិភាពនៅលើទឹកមិនត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋទេហើយដោយសារឪពុកម្តាយជាច្រើនខ្លួនឯងមិនដឹងពីរបៀបសង្គ្រោះបន្ទាន់បញ្ចូលខ្យល់ដង្ហើមធ្វើ CPR ឬសូម្បីតែហែលទឹក កុមារជាច្រើនត្រូវបានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ដែលយើងអាចបង្ការបាន»។
អង្គការហែលទឹក មានគោលបំណងដោះស្រាយបញ្ហាដោយការបណ្តុះបណ្តាលដែលអាចចែករំលែកចំណេះដឹងរបស់ពួកគេនៅក្នុងសហគមន៍របស់ពួកគេ។
អង្គការមិនមែនរដ្ឋាភិបាលក៏កំពុងចូលរួមសកម្មភាពរត់ម៉ារ៉ាតុងអាណាចក្រអង្គរនៅថ្ងៃទី៤ ខែសីហា ដើម្បីប្រមូលថវិកានិងលើកកម្ពស់ការផ្សព្វផ្សាយយុទ្ធនាការរបស់ខ្លួន។
អ្នកស្រី សារ៉ាត់ បានលើកឡើងថា៖ «ការដំណើរការវគ្គសិក្សារបស់យើងមិនថ្លៃទេហើយនៅពេលដែលចំណេះដឹងទាំងការសង្គ្រោះ និងការហែលទឹកមាននៅក្នុងសហគមន៍យុទ្ធនាការនឹងផ្សព្វផ្សាយកាន់តែទូលំទូលាយ»។
ដោយផ្តោតលើការអប់រំ ការការពារ និងការចូលរួមសហគមន៍ អង្គការកំពុងនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការលង់ទឹក។ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការនេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការបង្កើនការយល់ដឹងនិងការវិនិយោគនៅក្នុងកម្មវិធីសុវត្ថិភាពទឹកដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់។
អង្គការក៏មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសព្រឹត្តិការណ៍ប្រចាំឆ្នាំគឺ «រត់ដើម្បីបង្ការការលង់ទឹក» ដោយការខិតខំប្រឹងប្រែងនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើភាពសប្បុរសរបស់អ្នកស្ម័គ្រចិត្តនិងការរៃអង្គាសថវិកា។
នៅថ្ងៃទី ៤ ខែសីហា អ្នកស្ម័គ្រចិត្តរបស់យើងចំនួន ១៥នាក់នឹងចូលរួមក្នុងកម្មវិធីរត់ដើម្បីបង្ការការលង់ទឹក ដើម្បីរៃអង្គាសប្រាក់ចំនួន ២០០០ដុល្លារសម្រាប់អង្គការ។ ការគាំទ្ររបស់អ្នកគឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅនិងធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងជីវិតរបស់កុមារ និងគ្រួសារកម្ពុជា៕