នំបញ្ចុកស្រុសទឹកកាពិគឺជាអាហារមួយដែលអ្នកទៅផ្សារអូរឫស្សី តែងតែល្បីតៗគ្នាដោយសារតែរសជាតិឆ្ងាញ់មុត បរិមាណច្រើន សាច់ចម្រុះសម្បូរបែបហើយតម្លៃក៏ថោកសមរម្យ។
តាមរយៈការសាកសួរទាំងអាជីវករនិងអ្នកដំណើរឆ្លងកាត់ផ្សារ នំបញ្ចុកស្រុសទឹកកាពិត្រូវបានគេឱ្យពិន្ទុជាប់លេខមួយតែម្តងដោយមតិភាគច្រើនលាន់មាត់សរសើរថា នំបញ្ចុកស្រុសទឹកកាពិតូបនៅខាងក្រោយផ្សារ មានរសជាតិឆ្ងាញ់ ប្លែកនិងមានជំរើសសាច់ច្រើនប្រភេទ។
ស្ថិតនៅខាងក្រោយផ្សារអូឬស្សីច្រក លេខ ៧ និងលេខ ៨ ដែលមានផ្ទះល្វែងជាជួរ តូបលក់នំបញ្ជុកស្រុសទឹកកាពិនេះស្ថិតនៅខាងក្រោយកន្លែងលក់ផ្លែឈើ។
មិនខុសពីការល្បីតៗគ្នាត្បិតតែតូបលក់នំបញ្ចុកតូចមែនពិត តែមានមនុស្សចេញចូលមិនដាច់ដោយខ្លះអង្គុយទទួលទានផ្ទាល់ និងខ្លះទៀតកុម្ម៉ង់ខ្ចប់។
នំបញ្ចុកស្រុសមួយចាន តម្រៀបដោយខួរក្តាមជើងជ្រូក ជើងមាន់ តៅហូបំពង ឈាមជ្រូកទាំងដុំៗ។អ្នកញ៉ាំក៏អាចជ្រើសរើសទឹកស៊ុប ២ រសជាតិ គឺទឹកស៊ុបក្រហមមានប៉េងប៉ោះនិងទឹកស៊ុបខៀវឈ្ងុយក្លិនគ្រឿងរំដេង រមៀត និងខ្ជាយ។
ចំពោះជម្រើសបន្លែមានត្រយូងចេក ត្រកួនគូឆាយ សណ្ដែកបណ្ដុះ និងពោតបារាំងស្រុសដែលធ្វើឱ្យអ្នកញ៉ាំទទួលបានតុល្យភាពបន្លែ និងសាច់ ហើយមិនរងាន់។
អាហារនេះក៏ទាមទារឱ្យអ្នកញ៉ាំលាយទឹកជ្រលក់ឱ្យបានគ្រប់គ្រឿងដោយដាក់ ទឹកកាពិ ជាមួយនឹងទឹកអំពិលទុំ បន្ថែមដោយម្ទេស និងក្រូចឆ្មារ ក្នុងបរិមាណទៅតាមចំណូលចិត្ត។
នំបញ្ចុកស្រុសទឹកកាពិនេះចានតូចមានតម្លៃត្រឹមតែ ៨០០០៛ និងចានធំមានតម្លៃតែ ១០០០០៛។អ្នកត្រូវការបន្ថែមគ្រឿងផ្សំផ្សេងៗ ត្រូវចំណាយបន្ថែម ២០០០៛ សម្រាប់បន្លែ និង ៤០០០៛ ចំពោះការថែមសាច់។
អ្នកចង់សាកទទួលទានចំណីអាហារក្រោយផ្សារអូរឫស្សីគួរតែត្រៀមខ្លួននឹងបរិយាកាសក្ដៅបែបអ៊ូអរនិងការបែកញើសស្អុះស្អាប់បន្តិច។ ប៉ុន្តែប្រសិនបើមេឃស្រទុំអាកាសធាតុត្រជាក់ ការញ៉ាំនំបញ្ចុកស្រុសនេះអស់មួយចានអាចធ្វើឱ្យយើងស្រួលខ្លួនមានកម្លាំងព្រឺសតែម្ដង។ ដូច្នេះហើយ មិនបាច់ឆ្ងល់ទេថាហេតុអ្វីកន្លែងលក់នំបញ្ចុកស្រុសទឹកកាពិមួយនេះមានភ្ញៀវចេញចូលហូរហែបែបនេះ៕