ចំណេះដឹង

ពិធីសែននំចាំង មានអត្ថន័យដូចម្តេច? សែនបែបណាទើប ត្រឹមត្រូវ?

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ នំចាំង ឬអន្សមចិន ឬបាក់ចាំង គឺជាអាហារចម្អាបមួយប្រភេទរបស់ជនជាតិចិនដែលធ្វើឡើង ពីអង្ករដំណើបលីងជាមួយប្រេងឆា មានស្នូលសាច់ជ្រូកបីជាន់ ឬសាច់ជ្រូកផាឡូវ,ពងទាប្រៃដែល យកតែពងក្រហមប៉ុណ្ណោះ,បង្គាក្រៀម, ផ្សិតស៊ីតាគិជាដើម ដោយខ្ចប់ជាមួយស្លឹកចេកឬ ស្លឹកឫស្សី ហើយចំហុយឱ្យឆ្អិន។

ការសែននំចាំង គឺមានអត្ថន័យតំណាងឱ្យភាពស្មោះត្រង់សច្ចៈ ចិត្តល្អ។ នៅពេលដែលអ្នកសែននំចាំង ជូនទេវតា គឺមានន័យថា អ្នកមនុស្សគោរពភាពសច្ចទៀងត្រង់ស្មោះល្អ ហើយអ្នកអាចបួងសួងផ្សង សុំសេចក្ដីសុខ និងបំណងប្រាថ្នាផ្សេងៗជាពិសេសគឺសូមជួបមនុស្សល្អៗឱ្យច្រើនក្នុងជីវិត។  

ក្បួនសែននំចាំងឱ្យបានត្រឹមត្រូវចំពោះទេវតាព្រះភូមិ កុងម៉ា ទេវតាក្នុងផ្ទះ អ្នកតាចង្ក្រាន៖

·     នំចាំង 1ចាន (ចន្លោះ 8 គ្រាប់នំ)

·     ស្ករស 1ចាន

·     តែក្ដៅ 3កែវ

·     ក្រដាសសែន 1 ឈុត(ដាក់ក៏បានអត់ក៏បាន)

·     ទៀនក្រហម 1 គូ

·     អុជធូប 3សសៃរក្នុងម្នាក់

ចំណែកការសែនសម្រាប់ជំនាងផ្ទះមាន៖

·     នំចាំង 1ចាន (ចន្លោះ 16 គ្រាប់នំ)

·     ស្ករស 1ចាន

·     តែក្ដៅ 5កែវ

·     ក្រដាសសែន 1 ឈុត(ដាក់ក៏បានអត់ក៏បាន)

·     ទៀនក្រហម 1 គូ

·     អុជធូប 5សសៃរក្នុងម្នាក់

ប្រវត្តិបុណ្យសែននំចាំង

កាលពីសម័យបុរាណក្នុងរាជការ ស្ដេច ឈូ (楚王)មានអ្នកប្រាជ្ញ កំណាព្យ និងជាទីប្រឹក្សាព្រះ មហាក្សត្រដែលមានឈ្មោះថាឆី យាន (屈原)តែងតែផ្ដល់យោបល់ល្អៗដល់ស្ដេច ឈូ។ ស្ដេច ឈូ តែងតែស្ដាប់ និងគោរពតាមយោបល់របស់ឆី យាន ហេតុនេះទើបធ្វើឱ្យមន្ត្រីដទៃទៀត កើតចិត្ត​ច្រណែន ចងគំនុំដោយតែងតែនិយាយអាក្រក់ចាក់រុកស្ដេច ឈូ ឱ្យស្អប់ ឆី យាន។

លុះក្រោយមក ស្ដេច ឈូ ផ្តើមលែងស្ដាប់យោបល់ ឆីយាន ហើយទ្រង់ក៏បានបណ្ដេញ ឆី យាន ឱ្យទៅរស់នៅតំបន់ដាច់ស្រយាលមួយជាមួយអ្នកភូមិធម្មតា។ត្បិតជាមន្ត្រីស្មោះត្រង់ ឆី យាន តែងតែ បារម្ភពីជោគវាសនានគរជានិច្ច ដែលធ្វើឱ្យរូបគេរស់នៅមិនបានសុខក្នុងចិត្តឡើយស្របពេលដែល ប្រជារាស្រ្ដកាន់តែក្រ ទាហានកាន់តែចុះខ្សោយ។

នាថ្ងៃមួយ ឆីយាន បានឈរនៅមាត់ទន្លេ ហើយមានលោកតានេសាទម្នាក់បានសួរលោកថា ហេតុអ្វីបានជាលោកមានទឹកមុខ ស្រងូតស្រងាត់ ខ្លាំងបែបនេះ? ឆី យានឆ្លើយវិញថា លោកបារម្ភពីនគរ ព្រោះអ្នកជុំវិញស្ដេច ឈូ សុទ្ធតែជាអ្នកដែលមិនគិតពីជាតិជាធំ ហើយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកតានេសាទនោះនិយាយថាចុះហេតុអ្វីលោកមិននិយាយអ្វីដែលស្ដេចឈូចូលចិត្តស្ដាប់ទៅ?ឆី យាន ឆ្លើយថា លោកមិននិយាយ និងមិនធ្វើអ្វីទាំងអស់ជាពិសេសគឺរឿងក្បត់នគរ។ ថ្ងៃមួយ ឆី យាន កើតមានគំនិតចង់សម្លាប់ខ្លួន ពេលនោះលោកឱបដុំថ្មហើយលោតចូលក្នុងទន្លេ ស្លាប់បាត់ទៅ។ ពេលនោះ អ្នកភូមិបានចេញទូកជាច្រើនតាមរកលោកឆី យានតែរកមិនឃើញនោះទេ។

ចំនុចនេះ ក៏មានអ្នកខ្លះតំណាលបែបផ្សេងថា៖

ដោយសារតែប្រជាជនបារម្ភ ពី ឆីយាន ពេលលោកធ្លាក់ចូលទឹកពុំមានអ្វីហូប ប្រជាជនបាននាំគ្នា ពូនបាយបោះចូលក្នុងទន្លេ តែដោយសារតែឃើញបាយទាំងនោះ មិនបានធ្លាក់ដល់បាតទន្លេ ព្រោះមានត្រី សត្វក្នុងត្រីមកដណ្ដើមស៊ីអស់ ទើបប្រជាជននាំគ្នាយកស្លឹកឈើមកខ្ចប់ពីខាងក្រៅ ដើម្បីការពារកុំឱ្យមានសត្វស៊ី។ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែ៥ ក្នុងប្រតិទិនចន្ទគតិ ឬប្រតិទិនចិនតែងតែមានទំនៀមទម្លាប់មួយ នោះគឺពិធីសែននំចាំង ដោយក្នុងនោះប្រជាជននាំគ្នាប្រណាំងទូកនាគសែននំចាំង និងហូបនំចាំង ដើម្បីរំលឹកដល់ភាពស្មោះត្រង់របស់លោក ឆី យាន។

ប្រភព៖ ហុងស៊ុយ

អត្ថបទពេញនិយម

ព្រះវិហារកាតូលិក (ពេទ្យយាយជី) មជ្ឈមណ្ឌលសាសនាដ៍ទាក់ទាញ នៅ ខេត្តបាត់ដំបង

មិនចង់ឲ្យមុខជាំ ស្រីៗត្រូវចេះតិចនិកទាំងនេះ

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន

អ្នកឯកទេសភ្នែក៖ ថ្នាំបន្តក់ភ្នែកប្រើរួចរក្សាទុកលើស១ខែ អាចបង្កឱ្យឆ្លងមេរោគ

ភ្ញៀវទេសចរជាង ៥ពាន់នាក់ ចូលរួមព្រឹត្តិការណ៍“Big Bike meeting Elite Night” នៅផាប់ស្ទ្រីត