ជាអ្នកវិភាគរឿងភូមិសាស្ដ្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គម ហិរញ្ញវត្ថុ វិធីសាស្ដ្រចិញ្ចឹមកូន និងបញ្ហាជាច្រើនទៀត អ្នកស្រី កន្និដ្ឋា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ដោយហ្វេសប៊ុកមានអ្នកតាមដាន (Follower) ចំនួនជាង១លាន ៣សែននាក់ និងយូធូបមានអ្នកជាវ (subscribe) ប្រមាណជាង 53ម៉ឺននាក់ ដោយមានវីដេអូប្រមាណជិត ៥០០វីដេអូ ។
ស្ដ្រីខ្មែរវ័យជាង ៣០ រូបនេះ បានប្រាប់សារព័ត៌មានឌីជីថល SR ឱ្យដឹងថា អ្នកស្រី ជាមនុស្សចូលចិត្ដនិយាយអំពីបញ្ហាផ្សេងៗដែលគិតថាមានប្រយោជន៍ ជាពិសេសវាមានតម្លៃសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដូច្នេះមិនថាជាប្រធានបទ ឬបញ្ហាអ្វីនោះទេ អ្នកស្រីតែងតែលើកយកមកចែករំលែកនៅលើបណ្ដាញសង្គមជាមួយការបន្ថែមរូបភាព វីដេអូ ឬទិន្នន័យឱ្យកាន់តែទាក់ទាញថែមទៀត។
អ្នកវិភាគដែលកំពុងរស់នៅសហរដ្ឋអាមេរិកបន្តថា ការចងចាំរបស់អ្នកស្រី ក៏មិនល្អប៉ុន្មានដែរ ដោយប្រធានបទនីមួយៗដែលលេចឡើងលើបណ្ដាញសង្គមនោះ អាស្រ័យលើការលើកឡើងរបស់មហាជនប៉ុណ្ណោះ ដោយអ្នកស្រីត្រូវការការស្រាវជ្រាវបញ្ជាក់បន្ថែម រួចផលិតជាវីដេអូអំពីប្រធានបទនោះតែម្តង។
កន្និដ្ឋាបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនមានប្រវត្ដិការសិក្សាជ្រៅជ្រះ ជាបញ្ញវន្ត ឬជាអ្នកវិភាគអាជីពអ្វីទេ ខ្ញុំគ្រាន់តែជាមនុស្សធម្មតាដែលមិនមានចំណេះដឹងអ្វីជាក់លាក់ទេ ហើយខ្ញុំចូលរួមប្រធានបទទូទៅគ្រប់ប្រភេទ។ ខ្ញុំព្យាយាមនិយាយពីរឿងរ៉ាវគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ខណៈពេលខ្ញុំនៅចងចាំរឿងទាំងនោះ។ អ្នកមិនដឹងថានៅពេលរឿងនោះមិនត្រូវបានផ្សព្វផ្សាយ ខ្ញុំច្បាស់ជាមានអារម្មណ៍សោកស្ដាយណាស់»។
ជាអ្នកផលិតមាតិកាវីដេអូទៅលើប្រធានបទជាច្រើនដែលមានប្រយោជន៍ដល់សង្គម ប៉ុន្តែពេលនិយាយ ដល់បញ្ហានយោបាយ កន្និដ្ឋា សារភាពថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ និងមិនសូវដឹងច្បាស់អំពីរឿងនយោបាយឡើយ ដោយវាមានរបត់បញ្ហាជាច្រើន មានប្រវត្ដិសាស្ដ្រជាច្រើន និងបុគ្គលជាច្រើនដែលប្រកួតប្រជែងគ្នា។
កន្និដ្ឋា បន្ដថា៖ «ខ្ញុំមិនខុសពីអ្នកដទៃទេ ខ្ញុំដឹងរឿងដូចតែគេឯងដែរ ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំដឹង ខ្ញុំនឹងទុករឿងនយោបាយឱ្យអ្នកដទៃដែលមានសមត្ថភាពជាងខ្ញុំ»។
ទាក់ទងនឹងដំណើរការផលិតវិញ អ្នកស្រីត្រូវចំណាយពេលវេលាស្រាវជ្រាវ អាស្រ័យទៅលើប្រធានបទនីមួយៗ ដោយប្រធានបទខ្លះមាននៅក្នុងខួរក្បាលរបស់អ្នកស្រីស្រាប់ ហើយអ្វីដែលអ្នកស្រីធ្វើ គឺព័ត៌មានជាក់លាក់ដូចជាការបរិច្ឆេទ និងពេលវេលានៃព្រឹត្ដិការណ៍ដែលបានកើតឡើង ឬឈ្មោះបុគ្គល ឬទីកន្លែងជាដើម។
អ្នកផលិតវីដេអូរូបនេះបញ្ជាក់ថា៖ «អ្វីដែលជាឧបសគ្គសម្រាប់ខ្ញុំ គឺពេលវេលា ពីព្រោះរាល់វីដេអូទាំងអស់អាចចាយពេលចន្លោះពី ១០ ទៅ ២០ ម៉ោង ក្នុងការកាត់ត។ ការចំណាយពេលលើការដំណើរការផេចនេះ គឺជាពេលវេលាដែលខ្ញុំ ឆ្លៀតពីការមើលថែកូន និងកិច្ចការផ្សេងៗទៀត»។
មានអ្នកតាមដាន និងគាំទ្រច្រើនបែបនេះ កន្និដ្ឋា បាននិយាយថា៖ «កិច្ចការទាំងអស់នេះមិនអាចចេញជាសមិទ្ធផលពេញលេញនិងដំណើរការជាច្រើនទេ បើគ្មានស្វាមីនៅពីក្រោយនោះ ស្វាមីរបស់ខ្ញុំបានរួមចំណែកយ៉ាងសំខាន់ក្នុងការដំណើរការផេចនេះទាំងការកាត់តវីដេអូ និងធ្វើជាជំនួយការរបស់ខ្ញុំគ្រប់យ៉ាង»។
គួរបញ្ជាក់ថា កន្និដ្ឋា បានចាប់កំណើតជាមួយប្អូនស្រីភ្លោះម្នាក់ទៀតរូនៅរាជធានីភ្នំពេញ និងបានធំធាត់ដឹងក្ដីនៅក្រុងព្រះសីហនុ។ នៅវ័យប្រមាណ២០ឆ្នាំ កន្និដ្ឋា បានរៀបការ និងបានទៅរស់នៅជាមួយស្វាមី នៅឯសហរដ្ឋអាមេរិក មកដល់សព្វថ្ងៃនេះ។ ក្រៅពីកម្មវិធី The Kanitha Show លើហ្វេសប៊ុក អ្នកស្រី កន្និដ្ឋា ក៏មានបណ្ណាល័យ The Kanitha Society ជាមជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកគាំទ្រកម្មវិធី The Kanitha Show ផងដែរ៕