ជីវិត និង សង្គម

យុវជនសំរាម សានដារ៉ាវីត ងាកមកបើកសាលាបង្រៀន ជួយក្មេងក្រីក្រតាមទីដាច់ស្រយាល

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញៈ ក្រោយពីយុទ្ធនាការប្រមូលសំរាម​ទទួលបានជោគជ័យ​​ដោយមានការចូលរួមយ៉ាងផុសផុស ពីសំណាក់យុវជន និងស្ថាប័នរដ្ឋជាច្រើនរួចមក លោក សានដារ៉ាវីត ដែលត្រូវបានគេ​ស្គាល់ថា ជាយុវជនសំរាម បានងាកមកបង្កើតសាលារៀនវិញម្តងដើម្បីផ្តល់ចំណេះវិជ្ជាជូនទៅដល់​កុមារ​ក្រីក្រ​ឱ្យបានសិក្សារៀនសូត្រ ដោយសាលានេះមានទីតាំងនៅរាជធានី​ភ្នំពេញនិងនៅខេត្តកំពង់ស្ពឺ។

លោក សាន ដារ៉ាវីត បានប្រាប់ឱ្យសារព័ត៌មាន SRDigital Media ដឹងថា៖

«នៅឆ្នាំ​២០២៣ខែ៥​​ខ្ញុំ​ឃើញក្មេងៗក្រី​ក្រ ​ដែលមានឪពុកម្តាយចំណាកស្រុកមករស់នៅទីក្រុងភ្នំពេញហ្នឹងពួកគេមិនទទួល បានការសិក្សា​រៀនសូត្រ​គ្រប់គ្រាន់ ដោយសារតែបន្ទុកជីវភាព ហើយ​ពួកគេដូចជាដបប្លាស្ទិក​ដែលគេ ហូបហើយបោះចោល អ៊ីចឹងនាពាក់កណ្ដាលខែ៥​ ខ្ញុំក៏បាន​បើក​ថ្នាក់​រៀន​មួយ ​ដែល​មានសិស្ស​ចូលរៀន​តែ​៥​នាក់​ស្ថិតនៅក្នុងបុរីកាំម៉េង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ​។
រូបភាព៖ យុវជនសំរាម

បន្ទាប់ពីបើកដំណើរសាលារៀនរួច លោក ដារ៉ាវីតក៏បានលើកសា្លកមួយឈ្មោះថា «សាលាបង្រៀនក្មេងក្រីក្រ» ក្រោយមកសាលានេះបានទទួលកុមារក្រីក្រ​ចុះឈ្មោះ​ជា​ហូរ​ហែរ​ប្រមាណ ៧០នាក់ ដែលជាកុមារទាំងនោះភាគច្រើនជាកូនរបស់កម្មករ អ្នកយាមដី សន្តិសុខ និងអ្នកចំណាក ស្រុកមក ធ្វើការនៅទីក្រុងជាដើម។ ដោយចំនួនសិស្សបានកើនឡើងច្រើនស្ថាបនិកសាលាបង្រៀនក្មេងក្រីក្រ រូបនេះ បានស្វែងរកគ្រូស្ម័គ្រចិត្តបន្ថែម ដោយផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភអាហារ ថវិកា សម្ភារៈ និងកន្លែង ស្នាក់ផងដែរ។  

បុរសវ័យ ៣៣ ឆ្នាំរូបនេះបញ្ជាក់ថា៖

«នៅសាលាមានគ្រូបង្រៀនស្ម័គ្រចិត្ត៦នាក់ យើងមាន​បង្រៀន អក្សរសាស្ត្រ​ខ្មែរ​ បរិស្ថាន​ អង់គ្លេស​ក៏ដូចជាកុំព្យូទ័រដែរ ហើយយើងឧបត្ថម្ភជាបាយ ទឹក​ ម្ហូបអាហារ សម្ភារៈ ជូនដល់ក្មេងៗទៀតចំណែកទីតាំងនេះវិញ គឺយើងទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​តាមពិតទៅកន្លែងសាលារៀននេះដំបូង ជាកន្លែងប្រមូលផ្ដុំ ប្រជុំ​យុវជន​ធ្វើការងារ​បរិស្ថាន​​ផ្សេងៗទេ​ តែខ្ញុំក៏សម្រេចកែទៅ​សាលាបង្រៀនក្មេងៗក្រីក្រនេះ»។

បន្ទាប់ពីបើកដំណើរការសាលានៅរាជធានីភ្នំពេញបានប្រមាណជាងកន្លះឆ្នាំអ្នកស្រឡាញ់​បរិស្ថានរូបនេះ បានសម្រេចបង្កើតសាលារៀនទី២ ដែលមានឈ្មោះថា «សាលាសហគមន៍​ភ្នំឱរ៉ាល់​»​ ស្ថិតនៅភូមិស្រែកិន ឃុំ​ត្រពាំង​ជោរ​ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដើម្បីបង្រៀនក្មេងក្រីក្រដូច​នឹង​សាលា​រៀន​ទី១ដែរ។

លោក ដារ៉ាវីដ បានឱ្យដឹងថា៖

«ក្រោយចូលឆ្នាំខ្មែររួច​សាលាចាប់ផ្ដើមបើក ពេលនោះមានសិស្ស​ក្រីក្រ​ជាង​២០​នាក់​ដែល​បានមកចុះឈ្មោះចូលរៀន​ ប៉ុន្តែ​ពេល​នេះ​យើងមានសិស្សជាង​៩០​នាក់ហើយក្នុងនោះ​មានគ្រូបង្រៀន​ចំនួន២នាក់ ​ដែល​​បង្រៀន​អក្សរសាស្ដ្រខ្មែរ និងអង់គ្លេស ហើយនៅឱរ៉ាល់នេះគ្រូ​ស្មគ្រ័ចិត្ត យើង​​ផ្តល់​ជូនអាហារ កន្លែងស្នាក់នៅ ​ផ្តល់​ដី​ដាំដុះ និងចិញ្ចឹមសត្វ​និង​ប្រាក់​ឧបត្ថម្ភសម្រាប់គាត់»។​​
រូបភាព៖ យុវជនសំរាម

ថ្វីត្បិតសម្រេចបំណងបង្កើតសាលា និងទទួលបានសិស្សចូលរៀនច្រើនក៏ពិតមែនប៉ុន្តែស្ថាបនិកសាលា បង្រៀនក្មេងក្រីក្ររូបនេះ បានជួបនូវការលំបាកជាច្រើនដូចជាការកង្វះខាតថវិកាសម្ភារៈ និងគ្រូបង្រៀន។

លោក ដារ៉ាវីដ បញ្ជាក់ថា៖

«បញ្ហាចម្បងគឺថវិកាយើងត្រូវចំណាយជាង ២ពាន់ ទៅ៣ពាន់ដុល្លារ ក្នុងមួយខែ សម្រាប់គ្រប់គ្រង​លើសាលាទាំង២ សាខាវា​មាន​ការឧបត្ថម្ភគ្រូ ចាយលើស្បៀងអាហារ​ និងការធ្វើដំណើរទៅមកភ្នំពេញ-ឱរ៉ាល់​។បើសម្រាប់សាលានៅភ្នំពេញ​ បញ្ហាមួយទៀតគឺ សិស្សចូល រៀន និងឈប់ទៅវិញ​​មិនទៀងទាត់​ដោយសារក្មេងៗទាំងនោះ​ ត្រូវផ្លាស់ប្ដូរ​ទីលំ​នៅ​​របស់ឪពុកម្តាយ​​។ចំណែកនៅឱរ៉ាល់នេះវិញ ​ពិបាករកគ្រូ​ទៅបង្រៀន​ និងជួយមើលការខុសត្រូវផង»។
រូបភាព៖ យុវជនសំរាម

ទន្ទឹមនឹងនេះ សាន ដារ៉ាវីត ស្នើឱ្យសាធារណជន ជួយគាំទ្រគម្រោងសាលាបង្រៀងក្មេងក្រីក្រនេះ ដែលអាចចូលរួមជាថវិកា និងជំនួយផ្សេងៗ ព្រោះគម្រោងនេះត្រូវការចំណាយថវិកាច្រើន​ម៉្យាងបើ គម្រោងនេះជោគជ័យ លោកនឹងបន្តបង្កើតសាលាតាមទីជនបទបន្ថែមទៀត ដើម្បីផ្តល់ចំណេះដឹងដល់មូលដ្ឋានដែលមានកុមារក្រីក្រ និងពិបាកក្នុងការសិក្សា។  

លោក បញ្ជាក់បែបនេះថា៖

«ខ្ញុំនៅមានកម្លាំង​ មានពេលវេលាគ្រប់គ្រាន់នៅតែធ្វើ ​​នៅតែបន្តទៅមុខ ​ ហើយរយៈពេល ៥ទៅ១០​ឆ្នាំខាងមុខ ខ្ញុំរំពឹងថាអាចបង្កើត​សាលារៀន​តាមជនបទ​​ដាច់ស្រយាល​ឱ្យបានច្រើន​ដើម្បីបង្កើតឱកាស​ ឬក៏ជាជម្រើស​សម្រាប់ក្មេងៗ យើងធ្វើអ្វីៗ ដើម្បី​ស្វែងរកការ​ជួយឧបត្ថម្ភ​ដល់​ក្មេងៗ​ឬ​ធ្វើជាស្ពាន​ ហើយបើសិន​ជា​សិស្សទាំងនោះ ពួកគាត់ចង់រៀន​បន្ត​នៅថ្នាក់ សកលវិទ្យាល័យ​នោះខ្ញុំនឹងស្វែងរកអាហារូបករណ៍​ជូនពួកគាត់ផងដែរ»៕
រូបភាព៖ យុវជនសំរាម

អត្ថបទពេញនិយម

វិស្វករសំណង់បែកគំនិតចិញ្ចឹមក្តាមថ្មក្នុងប្រអប់រកចំណូលបានខ្ទង់ម៉ឺនដុល្លារ

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

លោក យឿម យាំ៖ គៀងគរអ្នកភូមិរកទំពាំងព្រេច បង្កើនមុខរបរ សម្រួលជីវភាពពីអនុផលព្រៃឈើ