ដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលជារឿយៗគេហៅថាយុគសម័យ Y2K គឺជាពេលវេលានៃជម្រើសម៉ូដហឹរៗ លះៗ ពណ៌រស់រវើក ជាការលាយឡំនៃរចនាប័ទ្មអនាគតនិងអតីតកាល។
ជាង ២០ឆ្នាំក្រោយ ម៉ូដ Y2K កំពុងត្រឡប់មកទាក់ទាញយុវជនជំនាន់ក្រោយនិងអ្នកចូលចិត្តលេងខ្លួនដូចគ្នា។
នៅប្រទេសកម្ពុជា តារាល្បីៗបានរួមចំណែកធ្វើឱ្យហ្វេសសិននេះរស់រវើកខណៈហាងសម្លៀកបំពាក់ និងអាជីវកម្មអនឡាញ ក៏បានគាស់កកាយម៉ូដសម័យឆ្នាំ ២០០០ មកលក់ព្រោងព្រាត។
ខោខូវប៊យចង្កេះខ្លីខោរលុងហោប៉ៅធំៗ អាវខើចលើផ្ចិត (Crop Tops) ពពួកអាវយឺតរឹប (Baby tees) អាវមានមួក និងអាវឈុត សំពត់ខ្លីមានខ្សែក្រវាត់មួកតូចគ្របក្បាល ដង្កៀបតូចៗរាយពេញសក់ ខ្សែករឹបក កងដៃខ្សែដៃ វ៉ែនតាខ្មៅ បូរក្បាលស្បែកជើងប៉ាតាបាតក្រាស់ ស្បែកជើងផ្ទាត់ អាវក្រណាត់ស្បៃមានរំភាយ ក្រណាត់កាំម្ញីឌិនភ្លឺៗ និងខោអាវមានរូប ឬឡូហ្គូនានា។ ទាំងនេះសុទ្ធតែវត្ថុតុបតែងខ្លួនបង្ហាញអត្តសញ្ញាញហ្វេសសិន Y2K។
យោងតាមអ្នកជំនាញហ្វេសសិន កត្តាសំខាន់មួយដែលជំរុញឱ្យម៉ូដសម័យ Y2Kវិលមកវិញនោះគឺអារម្មណ៍អាឡោះអាល័យនឹកដល់អតីតកាល។នៅពេលដែលក្មេងជំនាន់ Z ឈានចូលដល់វ័យមួយចាស់ទុំពួកគេកំពុងសម្លឹងត្រឡប់ទៅកុមារភាពរបស់ពួកគេ និងចង់ស្លៀកពាក់តុបតែងខ្លួនវិលរកសម័យនោះវិញ។
ម៉ូដ Y2K បង្ហាញអារម្មណ៍នៃភាពសប្បាយរីករាយនិងសុទិដ្ឋិនិយមដោយឥតខ្វល់ខ្វាយ ដោយផ្តល់នូវអារម្មណ៍ស្រាកស្រាន្តចាកចេញពីបញ្ហាប្រឈមនៃសម័យបច្ចុប្បន្ន។
ហេតុផលមួយទៀតសម្រាប់ការរស់ឡើងវិញរបស់ Y2K គឺជាលក្ខណៈវដ្តនៃនិន្នាការម៉ូដ។ នៅពេលដែលនិន្នាការថ្មីលេចឡើងរចនាប័ទ្មចាស់ៗតែងតែត្រលប់មកវិញ។
អ្នកជំនាញម៉ូដនិងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យម៉ូដY2Kពេញនិយមផងដែរ។
នៅប្រទេសកម្ពុជា តារាល្បីៗរួមមានតារាចម្រៀងល្បីស្ទីល K-Pop កញ្ញា មីណា តារាចម្រៀងរូបស្រស់ SKតារាម៉ូដែល ម៉ៅ ធីតា ហៅដា ដាវ និង អ្នកនាង គង់ ច័ន្ទស្រីមុំសុទ្ធតែបានចាប់យកស្ទីល Y2K ក្នុងការតុបតែងខ្លួន។
ខណៈពេលដែលម៉ូដ Y2K បានវិលមកទាន់សម័យវិញនៅឆ្នាំ២០២៤ វាក៏មិនមានភាពដូចគ្នាទាំងស្រុងទៅនឹងសម័យជាង ២០ឆ្នាំមុននោះដែរ។ ហ្វេសសិន Y2K សម័យ ២០២៤ ត្រូវបានធ្វើបច្ចុប្បន្នភាពនិងបញ្ចូលធាតុផ្សំដ៏ច្នៃប្រឌិត ធ្វើឱ្យវារក្សាលំនាំដើមតែទាន់សម័យ៕