សេដ្ឋកិច្ច

អ្នកស្រី គឹម ស្រៀង បន្តមរតកដូនតា ផលិតតំណាប់ពីផ្លែក្រូចសើច និងវល្លិបណ្តូលពេជ្រ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ​:បារម្ភ​ពី​ការបាត់បង់​អត្តសញ្ញាណ និង​ចង់​ស្នង​មរតក​ស្នាដៃ​ដូនតា អ្នកស្រី ស្រេងគឹម​ស្រៀ​ង  បន្តធ្វើ​តំណាប់​ក្រូចសើច និង​តំណាប់​វល្លិ​បណ្តូល​ពេជ្រ ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សម្រាប់​ផ្គត់​ផ្គងក្នុង​កម្មវិធី​ប្រពៃណីជាតិ​ធំៗ ដូចជា​បុណ្យ​កថិន និង​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជាដើម​។  

​អ្នកស្រី ស្រេង គឹម​ស្រៀ​ង ប្រាប់​សារព័ត៌មានអេស​អ័​រ (SR) ឱ្យដឹងថាកាលពី​សម័យមុន តំណាប់​ក្រូចសើច និង​តំណាប់​វល្លិ​បណ្តូល​ពេជ្រគឺជា​ក្រយា​មួយ​សំខាន់​សម្រាប់​ថ្វាយ​ព្រះរាជា ហើយ​បង្អែម​មួយ​ប្រភេទ​នេះក៏​ក្លាយ​ជាទី​និយម​ចូលចិត្ត​របស់​ប្រជាជន​ខ្មែរ​តៗ​ រៀងមក ខណៈ​បច្ចុប្បន្ន​យុវវ័យហាក់​ពុំ​ស្គាល់​នូវ​បង្អែម​ខ្មែរ​មួយ​ប្រភេទ​នេះ ហើយក៏​ពុំ​សូវ​មាន​ការនិយម​ធ្វើតំណាប់​ទាំង​នេះឡើយ​។

​តំណាប់​ទាំង​២​ប្រភេទ​នេះមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ស្រួយ ដោយ​តំណាប់​វល្លិ​បណ្តូល​ពេជ្រ មានតម្លៃ ៨ម៉ឺន​រៀល ក្នុង​១​គីឡូ ចំណែក​តំណាប់​ផ្លែ​ក្រូចសើច​មានតម្លៃ ៧ ម៉ឺន​រៀល ក្នុង​១គីឡូក្រាម ជាពិសេស​បង្អែម​ដ៏​មានឱជារស​នេះច្រើនតែ​ប្រជាជន​និយម​បរិភោគ​នៅក្នុង​កម្មវិធី បុណ្យ​កឋិនទាន បុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរនិង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​។

​ស្ត្រី​វ័យ​៥១​ឆ្នាំ​ រូបនេះបន្តថា​ការធ្វើ​តំណាប់​នេះ ត្រូវ​ចំណាយពេល​ប្រមាណ​មួយ​សប្ដាហ៍ និង​ត្រូវមាន​ភាព​អត់ធ្មត់​ជាខ្លាំង ហើយ​តំណាប់​នេះអាច​រក្សាទុក​បាន​ប្រហែលជា​២​ខែ និង​ទុក​បាន​រហូតដល់ ២​ឆ្នាំ ដោយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​។

​អ្នកធ្វើ​តំណាប់​រូបនេះបាន​រៀបរាប់​ពី​វិធី​ធ្វើ​បង្អែម​តាម​រូបមន្ត​ត​ពី​ដូនតា​ថា​៖ «​យក​វល្លិ​បណ្តូល​ពេជ្រកាត់​ជា​កង់ បកសំបក​ចេញ ហើយ​ក្រូចសើច​ចិត​យកតែ​សំបកយើង​យក​វា​ទៅ​ប្រ​បាច់​ជាមួយ​អំបិល ទុកពេល​៣​ថ្ងៃ រួច​ស្រង់​ទៅ​ត្រាំ​ក្នុង​ទឹក​កំបោរ​ថ្លា​ ១​យប់ ហើយ​ស្រង់​ត្រាំ​ក្នុង​ទឹក​សាច់ជូរ​២​យប់​ទៀតឲ្យ​វា​ស្រួយ បន្ទាប់មក​យើង​យកទៅ​ស្ងោរ​ក្នុង​ឆ្នាំង​ស្ពាន់ ជាមួយ​ស្លឹក​ឫស្សីឬ​ស្លឹក​តើយ រួច យក​វា​ទៅ​ត្រាំ​ទឹក​៣​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​អស់​ជាតិ​ល្វីងហើយ​យក​ឆឹង​ជាមួយ​ស្ករស​គឺជា​ការ​ស្រេច​»​។

​បន្ថែម​ពីលើ​ផលវិបាក​ក្នុង​ការធ្វើ​តំណាប់​ផ្លែឈើ​ទាំង​២​ខាងលើនេះអ្នកស្រី គឹម​ស្រៀ​ង ក៏​កំពុង​ជួប​នូវ​បញ្ហា​ចំនួន​២​ទៀត​គឺកង្វះ​ផលិតផល​សម្រាប់ធ្វើ និង​កង្វះ​ទីផ្សារ​លក់​។ ទាក់ទង​នឹង​កង្វះ​ផលិតផល​ធ្វើ​តំណាប់នេះ អ្នកស្រី​ពន្យល់ថាកាលពីមុន​ទាំង​ផ្លែ​ក្រូចសើច និង​ដើម​បណ្តូល​ពេជ្រ គឺ​ពិបាករ​កមក​ធ្វើជា​តំណាប់​ណាស់ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​ផ្លែក្រូច​សើច ងាយស្រួល​រកដោយសារ​មាន​អ្នក​យកមក​លក់​ច្រើន ប៉ុន្តែ​វល្លិ​បណ្តូល​ពេជ្រនៅតែ​ចោទ​ជា​បញ្ហា​ចម្បង​ដដែល​។

​ចំណែក កង្វះ​ទីផ្សារ​វិញ អ្នកស្រីបញ្ជាក់ថា​៖ «​តំណាប់​ដែល​ខ្ញុំ​ធ្វើមិនទាន់មាន​ទីផ្សារ​ទូ​លំ​ទូលាយ ទេ ដោយសារ​គេ​មិនសូវ​ស្គាល់​តំណាប់​ទាំងនេះហើយ​ណាមួយ​ខ្ញុំ​ធ្វើជា​លក្ខណៈ​គ្រួសារ មាន​ម៉ូយ​តិចតួចម៉ូយ​ទាំង​អស់គេ​ស្គាល់​ខ្ញុំ ហើយ​កុម្ម៉ង់​ទៅតាម​រដូវ​បុណ្យ​ធំៗ​ប៉ុណ្ណោះហើយ​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ផង បើ​បងប្អូនឬ​អាជីវក​រណា មានបំណង​ទិញ អាច​ទំនាក់ទំនង​មក​ខ្ញុំ​បាន​»​។​

​ខិតខំ​ថែរក្សា​នូវ​រូបមន្ត​ធ្វើ​តំណាប់​ដែល​ដូនតា​បន្សល់​ទុកឱ្យពេលនេះ អ្នកស្រី ស្រេង គឹម​ស្រៀ​ង ក៏​កំពុង​ផ្ទេរ​ចំណេះវិជ្ជា​នៃ​ការធ្វើ​តំណាប់​នេះទៅដល់​កូនស្រី​របស់​អ្នកស្រី​ផងដែរ ពោលគឺ​ធ្វើ យ៉ាងណា​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នកស្រីចេះ​ចាំ​ឱ្យ​ស្ទាត់​នូវ​របៀប​នៃ ការធ្វើ​តំណាប់​បង្អែម ទាំងអស់នេះនិង​បន្ត​កុំ​ឲ្យ​បាត់បង់​។

​នា​ថ្ងៃ​ខាងមុខ ស្ត្រី​ធ្វើ​តំណាប់​រូបនេះមានបំណង​ពង្រីក​ទីផ្សារ និង​ផ្សព្វផ្សាយ​ផលិតផល​តំណាប់​ខ្មែរឱ្យ​ប្រជាជន​បាន​ស្គាល់ និង​បាន​ភ្លក្ស​រសជាតិ និង ដើម្បី​ចៀសវាង​នូវ​ការ​នាំចូល​ផលិតផលដំណាប់​ពី​ប្រទេស​ជិត ព្រោះ​តំណាប់​ខ្មែរ​មាន​រសជាតិ​ផ្អែម ឆ្ងាញ់មិន​ចាញ់​តំណាប់​បរទេស​ឡើយ​។​

​គួរ​គូសបញ្ជាក់ថាក្រៅពី​ដំណាប់​ផ្លែ​ក្រូចសើច និង​វល្លិ​បណ្តូល​ពេជ្រ អ្នកស្រី​ក៏​ធ្វើ​តំណាប់ជាច្រើន មុខ​ទៀត​ដូចជា តំណាប់​ផ្លែ​ម្រះ តំណាប់​ផ្លែ​បាស តំណាប់​ដើម​ដំបងយក្សតំណាប់​ផ្លែ​ល្ហុង និង​តំណាប់ត្រឡាច​ជាដើមដោយ​រំលេច​ក្បាច់​ផ្កា​នៅលើ​តំណាប់​ទាំងនោះ​ផងដែរ​។ អ្នកស្រី ស្រេង គឹម​ស្រៀ​ងរស់នៅក្នុង​ភូមិ​គង​ន​យ ឃុំ​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ  ០៩៦ ៤៤៩ ៦១៧៦ /០១២៤៨០ ១៧៦៕

អត្ថបទពេញនិយម

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប

សហគ្រិនវ័យក្មេង រកឃើញក្ដីស្រមៃក្នុងវិបត្តិកូវីដ ជោគជ័យនឹងការច្នៃទៀនក្រអូបលក់ល្បីទាំងនៅសហគមន៍ខ្មែរ និងបរទេស

ជាង១៧ឆ្នាំ អង្គការទន្លេគ្លីនិកផ្ដល់ការព្យាបាលឥតគិតថ្លៃ ៣៦ម៉ឺនករណី ដល់សហគមន៍ក្រីក្រនៅបឹងទន្លេសាប

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី