កូរ៉េខាងត្បូងជួបវិបត្តិប្រជាសាស្ត្រដោយជំរុញឱ្យមានគោលនយោបាយលើកទឹកចិត្តដល់ការរៀបការ និងការសម្រាលកូនបន្តពូជពង្សមនុស្សជាតិ។ទោះជាយ៉ាងណាក៏ដោយ YouTuber កញ្ញា Seen Aromi បែរជាមាននូវទស្សនៈផ្ទុយគ្នា ដោយនាងស្វែងរកភាពជោគជ័យលើបណ្ដាញសង្គមតាមរយៈការលើកកម្ពស់ភាពរីករាយនៃជីវិតនៅលីវ។
មានកំណើតកើតជានៅទីជនបទដាច់ស្រយាល Seen អាយុ ៣៧ ឆ្នាំ បានបើកឆានែល YouTube ដ៏ពេញនិយមមួយ ដែលមានចំនួន Subscribers ជាង ២០ម៉ឺននាក់។
កញ្ញាលើកទឹកចិត្តអ្នកគាំទ្រទទួលយកភាពនៅលីវនិងបដិសេធសម្ពាធសង្គមដែលបង្ខំឱ្យមនុស្សត្រូវតែរៀបការ និងមានកូន។
ក្រៅពីសកម្មភាពលើបណ្ដាញសង្គមសៀវភៅរបស់ Seen ដែលមានចំណងជើងថា "I Can't Help but Live Well On My Own" (ជួយមិនបានទេខ្ញុំអាចរស់នៅយ៉ាងសុខស្រួលតែម្នាក់ឯង) បានក្លាយជាសៀវភៅលក់ដាច់បំផុតដែលទាក់ទាញចិត្តប្រជាជនកូរ៉េខខាងត្បូង ជាពិសេសស្ត្រីនៅលីវ។ សៀវភៅនេះសង្កត់ធ្ងន់ទៅលើសេរីភាពនិងការរកឃើញដោយខ្លួនឯង តាមរយៈជីវិតនៅលីវ។
កត្តាសេដ្ឋកិច្ចនិងវប្បធម៌បានរួមចំណែកដល់អត្រាកំណើតទាបរបស់ប្រទេសកូរ៉េ។កំណើនដែលនៅទ្រឹង តម្លៃផ្ទះខ្ពស់ និងការប្រកួតប្រជែងលើវិស័យការងារខ្លាំងធ្វើឱ្យអាពាហ៍ពិពាហ៍ និងការចិញ្ចឹមកូនកាន់តែក្លាយជារឿងដ៏សែនលំបាកសម្រាប់ប្រជាជនកូរ៉េ។
បន្ថែមពីលើនេះកូរ៉េខាងត្បូងនៅតែជាសង្គមអភិរក្សនិយម ដោយការមានកូនទាំងមិនបានរៀបការគឺជារឿងដ៏អាម៉ាសត្រូវបិទបាំង ហើយការដាក់បន្ទុកលើស្ត្រីជាម្ដាយត្រូវតែមើលកូននោះជាផ្នត់គំនិតប្រពៃណីនៅតែបន្តរហូតដល់សព្វថ្ងៃ។
កញ្ញា Seen ដែលបានច្រានចោលគំនាបប្រពៃណី មិនខ្ចីខ្វល់ពីកម្មសិទ្ធិផ្ទះល្វែងនៅទីក្រុងសេអ៊ូលមិនរវល់នឹងរកការងារប្រាក់ខែខ្ពស់ និងដៃគូរៀបការ បាននិយាយថា នឹងពិតជារីករាយនៅលីវដ៏សប្បាយបំផុត។នាងទទួលបានជោគជ័យក្នុងការរកលុយនៅលើ YouTube ដែលស្នើនឹង ៥ដងច្រើនជាងប្រាក់ខែនាងធ្លាប់ទទួលបានកាលពីមុន។
ខណៈពេលដែលអ្នកអនឡាញខ្លះរិះគន់ពីសុភមង្គលនៅលីវរបស់នាងភាពជោគជ័យនៃសៀវភៅរបស់ Seen បង្ហាញពីការកើនឡើងនៃការទទួលយកផ្លូវជីវិតមួយបែបផ្សេងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
កញ្ញា Seen បានសន្និដ្ឋានថា៖ «ប្ដីប្រពន្ធភាគច្រើនមានកូនសម្រាប់តែបំពេញសុភមង្គលផ្ទាល់ខ្លួនរបស់ពួកគេ។នេះមិនមែនជាអនាគតរបស់មនុស្សជាតិទេ។ ដូច្នេះអ្នកនៅលីវ ក៏សក្ដិសមនឹងទទួលបានការគោរពដូចគ្នាចំពោះជម្រើសរបស់ពួកគេ»៕