ជីវិត និង សង្គម

សិប្បកម្ម Aiden’s Cashews កែច្នៃគ្រាប់ស្វាយចន្ទីជា ប៊័រចន្ទី លាបនំប៉័ង ដំបូងគេនៅកម្ពុជា

November 19, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ដោយមើលឃើញពី​គុណប្រយោជន៍នៃ​គ្រាប់ស្វាយចន្ទីចំពោះសុខភាព​គួបផ្សំ​នឹង​សក្ដានុពលសម្បូរបែប​​នៃ​​វត្ថុធាតុដើម​នេះ​ ស្ថាបនិក​ពីររូប​​បានសហការគ្នា​​ធ្វើ​​​ប៊័រ​ចន្ទី ​ដោយផ្ដោតលើការ​​​រក្សា​នូវ​ក្លិន​ឈ្ងុយរសជាតិដើម​ផ្អែម​បែបធម្មជាតិ និង​សុវត្ថិភាព​ពី​ការ​ការប្រើសារធាតិ​គីមីទុក​ឱ្យ​បានយូរ។

​​អ្នកស្រី សាយ ឆេង​ហោ ជា​សហស្ថាបនិក​ប៊័រ​ចន្ទីបាន​ប្រាប់​សារព័ត៌មានSRNews ឱ្យដឹងថា​៖ «សិប្បកម្ម Aiden’s Cashews ជា​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ទៅជា ប៊័រ​ចន្ទី​ដំបូង​គេ​នៅ​កម្ពុជា​»។

​ស្ថាបនិក​សិប្បកម្ម​ប៊័រ​ទាំង​ពីររូប​មាន​​​គ្រួសារ​មកពី​​អឺរ៉ុប​និង​បាន​សហ​ការគ្នា​ស្រាវជ្រាវ​​​ពី​អត្ថប្រយោជន៍​នៃ គ្រាប់ស្វាយចន្ទី​។

អ្នក​​ស្រីបាន​ឱ្យដឹង​ទៀត​ថា៖​ «ពួកយើង​បាន​កែច្នៃ​គ្រាប់​ចន្ទី​ឱ្យទៅជា​ប៊័រ​ចន្ទីដែលមាន​ក្លិន​ឈ្ងុយ រសជាតិ​ផ្អែម​បែប​ធម្មជាតិ​រសជាតិ​ដើមដូច​ទៅនឹង​ប័​រ​សណ្តែកដី​ដែរ​។ ហើយ​យើង​មិន​ដាក់បញ្ចូល​សារ​ធាតុគីមី​រក្សាទុក​នោះឡើយ ដោយ​គិតពី​សុខភាពសុ​វត្ថ​ភាព​ភាពជា​ចម្បង​»​។​

​គ្រាប់ស្វាយចន្ទី គឺជា​ធញ្ញជាតិ​​ដែល​ផ្ទុក​ប្រភព​ពពួក​ខ្លាញ់​ល្អចំពោះ​សុខភាព​។ ក្រៅពីនេះ វា​ក៏​សម្បូរទៅដោយ​​​សារធាតុ​រ៉ែ​ដូចជា​ ទង់ដែង ម៉ាញេស្យូមប៉ូ​តា​ស្យូ​ម ដែក និង​ស័ង្កសី​ជាដើម​។

លើស​ពីការ​ប្រមូលផល​យក​គ្រាប់ស្វាយចន្ទី​ទៅ​លក់​ក្រុមគ្រួសារទាំងពីរ​បានសាក​​​ល្បង​​កែច្នៃ​​​​គ្រាប់ចន្ទី​ជា​ប៊័រ ដែល​ជា​អាហារ​ដ៏ពេញ​នៅ​អឺរ៉ុប​ដោយសារ​ភាពងាយស្រួល​​គ្រាន់តែ​លាប​លើនំប៉័ង​សម្រាប់​អាហារ​ពេលព្រឹក​បែប​ងាយៗ​លឿនៗ​។

​​អ្នកស្រី ឆេង​ហោ បាន​បន្តថា​៖ «​ដំបូង​ឡើយ​ពួក​ខ្ញុំ​គ្រាន់តែ​ជា​អ្នកលក់​គ្រាប់ស្វាយចន្ទី​ធម្មតាៗ​ទេ ហើយ​ណាមួយ​ចន្ទី​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព  ក៏​នឹក​ឃើញថា​ផលិតផលប៊័រ​ចន្ទី​នេះ»​។

ស្ថាបនិកវ័យ ២៨​ឆ្នាំ​នេះ​បាន​លើកឡើង​ទៀត​ថា៖«នៅលើ​ទីផ្សារ​ច្រើនតែ​គ្រាប់ស្វាយចន្ទី អ៊ីចឹ​ង​ពួកយើង​ក៏មាន​គំនិត​ចង់​កែច្នៃ​គ្រាប់​ចន្ទី​ឱ្យទៅជា​ប៊័រ​ចន្ទីស្រដៀង​ទៅនឹង​ប៊័រ​សណ្តែកដី​ដែរ ដែល​ពួកយើង​ធ្លាប់​បានដឹង​ពីមុន​រួចមកហើយ​ដែរ​»​។

​​ក្នុង​ដំណើរការ​សាកល្បងផលិត​ជា​លើកដំបូងអ្នកស្រី​​​គ្រាន់តែ​យក​គ្រាប់ស្វាយចន្ទី​ទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ តែ​មិន​​ទទួលបាន​ផល​ល្អ​នៅឡើយ​។ ក្រោយពី​ទទួល​បាន​​យោបល់​ច្រើន​ពី​គ្រួសារ​ជា​ជនជាតិ​អឺរ៉ុប​ផ្ទាល់ស្ថាបនិក​រូបនេះ​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ពី​ដំណើរការ​ធ្វើ​ប៊័រ​​ចន្ទី​រហូត​ដល់​សម្រេច​​​បានផលិតផល​​​ជោគជ័យ​។​

ប៊័រ​​ចន្ទីត្រូវ​បានសម្រិតសម្រាំង​នូវ​​​គ្រឿងផ្សំ​ល្អៗ​រួមមាន​៖ គ្រាប់ស្វាយចន្ទី​សរីរាង្គ វ៉ាន់​នី​ឡា ប្រេងដូង និង​អំបិល​ក្រហម ទើប​ធ្វើឱ្យ​ប៊័រ​​នេះ​មាន​ភាព​ល្មួតនិង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។សារធាតុ​រក្សាទុក​បានយូរ​មិនត្រូវ​បាន​ដាក់​បញ្ចូល​ក្នុងប៊័រ​​​នោះទេ។

​អ្នកស្រី ឆេងហោ បានរៀបរាប់​ពី​​ការប្រើប្រាស់​ប៊័រចន្ទី​ជាអាហារ​យ៉ាងដូច្នេះ​ថា​៖«ប៊័រ​​​ចន្ទី Cashew butter របស់​យើង​ណា ញ៉ាំ​សុទ្ធ​ក៏បានញ៉ាំ​ជាមួយ​នំ​បុ័ង​គ្រប់​ប្រភេទ ការ៉េម​តាម​តម្រូវការក្រឡុក​ជាមួយ​ផ្លែឈើ​ធ្វើជា​ទឹកក្រឡុក smoothie ក៏បាន​ជំនួយ​សុខភាព​ច្រើន​ផ្នែក​និង​ឆ្អឹង​រឹងមាំ​ផងដែរ ញ៉ាំ​​បាន​ទាំង​ក្មេង ​និង​មនុស្ស​ចាស់​»​។

​ប៊័រ​​ចន្ទី ​ មានតម្លៃ​ ៦​ដុល្លារ ​ក្នុង​មួយ​ក្រឡ១៨០​ក្រាម។ អ្នកស្រី​ក៏​​ទទួល​ក​ម្ម៉​ង់​គិតជា​ថង់​មាន​ទម្ងន់ ៥​​ គីឡូក្រាម​​សម្រាប់​ដាក់​តាម​សណ្ឋាគារនិង​​ភោជនីយ​ដា្ឋ​ន​ផងដែរ​។

​សន្ទុះ​នៃ​ការគាំទ្រមានការ​កើនឡើង​ច្រើន​ជា​លំដាប់ ក្រោយពី​ការចុះបញ្ជី​ពាណិជ្ជកម្ម នៅ​ថ្ងៃទី ១១ខែតុលា ឆ្នាំ​២០២៣​។

ដោយមាន​ការដាក់ឱ្យ​ភ្លក្ស​រសជាតិ​ផ្ទាល់​នៅតាម​ទីតាំង​លក់​​ភ្ញៀវ​ជាច្រើន​បាន​សរសើរ​ថា ប៊័រចន្ទី​​ឆ្ងាញ់​ប្លែក ហើយអ្វី​ដែល​​សំខាន់ ​គឺមាន​ក្លិន​ឈ្ងុយ​ខ្លាំងរសជាតិ​ដើម​ផ្អែម​បែប​ធម្មជាតិ។

​បច្ចុប្បន្ន​ប៊័រ​ចន្ទីមាន​ចែកចាយ​នៅ​ភ្នំពេញ​តាមរយ​: Khmer Organic Shop និង​នៅ​ខេត្តសៀមរាប​ផ្ទាល់ដោយ​មាន​ដាក់លក់​នៅ​​​ស្ទើរតែ​គ្រប់​ម៉ា​ត និង​តាម​តូបលក់​​​ផលិតផល​ខ្មែរ​ផងដែរ​។

​នា​ថ្ងៃ​អនាគត​សិប្បកម្ម Aiden’s Cashews គ្រោង​នឹង​​កែច្នៃ​ផលិតផល​​​បន្ថែមពី​​ប៊័រ​​ដូចជានំ​ស្នូល​ប៊័រ​ចន្ទី នំ​កញ្ចប់​តូចៗ​ច្នៃ​ពី​ប៊័រ​​ចន្ទី ​ឬ​គ្រាប់​ចន្ទីដែល​មនុស្ស​គ្រប់​វ័យ​អាចទទួលទានបាន។

បន្ទាប់ពី​​ពង្រឹង​ទីផ្សារ​ក្នុងស្រុកប៊័រចន្ទី  Aiden’s Cashews ក៏​រំពឹងថា​នឹងអាច​​មាន​វត្តមាន​​​នាំចេញទៅលក់​នៅ​​បរទេសផង​ដែរ។

​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅទំព័រហ្វេសប៊ុក Aiden’s Cashews ឬលេខ​ទូរស័ព្ទ ០៧៧៦៥៧៣៣១៕​

អត្ថបទពេញនិយម

ផលប៉ះពាល់ចម្បងចំនួន៤ នៃការកើនឡើងចំនួនប្រជាជនលើពិភពលោក

ផ្កាព្រឹលទឹកកកស្អាតដូចក្នុងគំនូរជីវចលរឿងព្រេងនិទាន ពិតមាននៅប្រទេសហ្វាំងឡង់

គុណវិបត្តិនៃការបង្អត់អាហារ (fasting) មិនបានត្រឹមត្រូវ

តស់! ស្វែងយល់ពីទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ២០២៤

បាញ់កាំជ្រួច ៣យប់ជាប់គ្នា ដើម្បីអបអរខួបលើកទី២០ នៃការគ្រងរាជរបស់ព្រះមហាក្សត្រ នៅឆ្នាំនេះ