បាត់ដំបងៈ បន្ទាប់ពីទទួលបានឈ្មោះជា«គ្រូបង្រៀនចិត្តធម៌» និងមានការគាំទ្រច្រើនពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមលោក ឌុក សុឬទ្ធី បានបង្ហាញពីបំណងបើកមណ្ឌលកុមារកំព្រាដើម្បីជួយដល់កុមារក្រីក្រកុមារគ្មានឪពុកមា្តយ ឬកុមារគ្មានទីពឹង ឱ្យពួកគេមានទ្រនំស្នាក់នៅ និងទទួលបានការសិក្សារៀនសូត្រ។
លោក ឌុក សុឬទ្ធី គ្រូបង្រៀនចិត្តធម៌បានប្រាប់ឱ្យសារព័ត៌មានអេសអ័រ (SR News) ដឹងថា ការធ្វើសកម្មភាពជួយដល់កុមារការបង្រៀន ការមើលថែ និងការព្យាបាលសិស្សានុសិស្សនេះ គឺកើតចេញពីចិត្តអាណិតស្រឡាញ់ដល់ក្មេងៗទាំងអស់នោះនិងមិនចង់បានអ្វីតបស្នងវិញឡើយ ម្យ៉ាងទៀតទង្វើបែបនេះ ក៏រំឭកឱ្យលោកនឹកដល់អតីតកាលគ្រាដែលធ្លាប់ជួបការលំបាក ហើយនៅពេលមានអ្នកជួយ ឬអ្នកណាឱ្យអ្វីបន្តិចបន្តួចនោះវាធ្វើឱ្យលោកសប្បាយចិត្ត។
គ្រូបង្រៀនចិត្តធម៌បន្តថា៖ «ខ្ញុំយកប្រាក់ខែ៣០ភាគរយដើម្បីជួយដល់សិស្សខ្វះខាត និយាយទៅខ្ញុំអាណិតស្រឡាញ់កូនសិស្សដូចជាកូន ខ្ញុំយកចិត្តទុកដាក់ទាំងការបង្រៀននិងមើលថែក្មេងទាំងអស់ គឺធ្វើយ៉ាងណាដូចពេទ្យ និងឪពុកម្តាយរបស់ពួកគាត់អ៊ីចឹង»។
បន្ថែមពីការជួយដល់សិស្ស និងក្មេងៗដ៏ទៃទៀតជាប្រចាំលោកគ្រូល្បីក្នុងបណ្តាញសង្គមរូបនេះ ក៏បានបង្ហាញពីបំណងប្រាថ្នាថា៖ «បើខ្ញុំមានធនធានខ្ញុំនឹងបើកមជ្ឈមណ្ឌលកុមារកំព្រាទទួលក្មេងៗកំព្រាឪពុកម្តាយ ក្មេងក្រីក្រគ្មានអីពឹងពាក់ឱ្យគេមានកន្លែងនៅ និងបានរៀនសូត្រ អ៊ីចឹងហើយបានរាល់ថ្ងៃ ខ្ញុំខំប្រឹងធ្វើការក្រៅម៉ោងខំប្រឹងបង្រៀនឯកជន ខំប្រឹងទៅថតសម្តែងដើម្បីបានលុយមក ខ្ញុំនឹងបើកមណ្ឌលជួយកុមារកំព្រានេះជាក្តីសង្ឃឹម តែខ្ញុំអត់ទាន់ដឹងថាខ្ញុំដើរដល់ចំណុចណាទេ»។
បង្ហើបពីការខំរកប្រាក់ដើម្បីធ្វើឱ្យក្តីស្រម៉ៃបើកមណ្ឌលកុមារកំព្រាក្លាយជាការពិត គ្រូបង្រៀនរូបនេះ ក៏កំពុងទទួលបានឱកាសការងារជាច្រើនជាពិសេសវិស័យសិល្បៈដូចជាការ ការសម្តែងរឿង ការថតស្ពត និងថតសម្អាងការជាដើម។
សម្រេចចិត្តប្រឡូកចូលក្នុងវិស័យសិល្បៈ លោកឌុក សុឬទ្ធី បានបង្ហាញពីអារម្មណ៍រំភើប និងសប្បាយ ចិត្តខ្លាំង ហើយទោះបីជាការប្រឡូកចូលសិល្បៈនេះមានកេរ្តិ៍ឈ្មោះល្បីក្ដី ឬមិនល្បីក្ដី ក៏មិនមានបញ្ហាអ្វីដែរ ព្រោះនេះជាក្តីស្រម៉ៃនិងចំណង់ចំណូលចិត្តរបស់លោក។
គ្រូបង្រៀនចិត្តធម៌ អះអាងថា៖ «លុយដែលបានមកពីសិល្បៈគឺខ្ញុំយកមកទំនុកបម្រុងសិស្ស ក្រីក្រទាំងអស់ បានន័យថាយើងរកប្រាក់ចំណូលពីក្រៅតាមរយៈការថតដែលជាញើសឈាមយើងនេះ យើងជួយគាត់បានច្រើនជាងមុន ហើយខ្ញុំមិនបោះបង់អាជីពគ្រូបង្រៀននេះទេគឺខ្ញុំបន្តទាំង២ ទាំងការងារបង្រៀន ទាំងការងារមនុស្សធម៌ និងការងារសិល្បៈ»៕