កំពង់ធំៈផ្តើមចេញពីការប្រមូលផ្តុំក្មេងៗដែលស្រឡាញ់សិល្បៈមកហាត់រៀននូវទម្រង់សិល្បៈបុរាណ ពេលនេះក្រុមសិល្បៈវត្តព្រៃក្ទម្ព បានក្លាយជាក្រុមសិល្បៈមួយលេចធ្លោប្រចាំខេត្តកំពង់ធំនិងទទួល បានការសម្តែងជាច្រើនទាំងនៅក្នុងស្រុក និងបណ្តាខេត្ត។
ក្រុមសិល្បៈវត្តព្រៃក្ទម្ពគឺជាក្រុមសិល្បៈមួយប្រចាំវត្តព្រៃក្ទម្ព ដែលបង្ហាត់ក្មេងៗទាំងប្រុសនិងស្រី នូវសិល្បៈយីកេ របាំក្បាច់បុរាណខ្មែរជាច្រើន ដូចជារបាំជូនពររបាំបួងសួងព្រាហ្ម របាំអប្សរាជាដើមនិងមានទីតាំងស្ថិតនៅស្ថិតក្នុងភូមិនីពេជ «ខ» ឃុំនីពេជស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក វី ថៃអ្នកគ្រប់គ្រងក្រុមសិល្បៈវត្តព្រៃក្ទម្ព បានប្រាប់សារព័ត៌មាន SRNEWS ថា ការផ្តួចផ្តើម បង្កើតក្រុមសិល្បៈវត្តព្រៃក្ទម្ពកើតចេញពីគំនិតរបស់ ភិក្ខុថិរចិត្តោ ក្រូច សំបាន ព្រះគ្រូចៅអធិការវត្តបុញ្ញក្ខេត្ត រតនារាមព្រៃក្ទម្ព ហៅវត្តព្រៃក្ទម្ពដែលព្រះអង្គមានទឹកព្រះទ័យ ស្រឡាញ់នូវទម្រង់សិល្បៈ ខ្មែរបុរាណនិងចង់បង្កើតឱ្យមានក្រុមសិល្បៈមួយប្រចាំវត្តផងដែរ។
លោក វី ថៃ បញ្ជាក់ថា៖ «បង្កើតដំបូងនៅចុងឆ្នាំ ២០១៩ពេលហ្នឹងព្រះអង្គបានរកគ្រូសិល្បៈដែលគាត់ ស្ម័គ្រចិត្តមកបង្រៀនគាត់ឈ្មោះលោកគ្រូ ហម ច័ន្ទធឿន នៅខេត្តសៀមរាប គាត់ជាអតីតសិស្សនៅសាលាវិចិត្រសិល្បៈ ជំនាញផ្នែកល្ខោនយីកេ និងរបាំបុរាណហើយពេលបង្កើតដំបូងហ្នឹង មានសិស្សចូលមកហាត់ដល់ទៅ ៨៧ នាក់គឺថាច្រើនខ្លាំង អាចថាជាប្រវត្តិសាស្ត្រហើយ ហើយក្មេងៗទាំងអស់នោះជាក្មេងក្នុងភូមិនេះឯង»។
ទទួលបានសិស្សមកហាត់រៀនច្រើនក៏ពិតមែនប៉ុន្តែក្រុមសិល្បៈថ្មីថ្មោងនេះ ត្រូវជួបប្រទះនឹងឧបសគ្គ និងបញ្ហាជាច្រើនរួមមានទាំងធនធានមនុស្ស ថវិកា និងសម្ភារៈ។
«បង្កើតដំបូងពិបាកខ្លាំងទី១ពួកគាត់សុទ្ធតែអត់ធ្លាប់ហាត់រៀនពីមុនមក អ៊ីចឹងយើងត្រូវបង្ហាត់បន្តិចម្តងៗ ក្បាច់បាត ពត់ដៃជើង ទី២ កន្លែងហាត់រៀនដំបូងយើងអត់មានកន្លែងទេ យើងក្រាល កៅស៊ូនៅដីធម្មតា ហើយឱ្យពួកគាត់ហាត់ហាត់យូរៗសិស្សខ្លះក៏ឈប់ខ្លះទៅ តែយើងនៅតែ តស៊ូហាត់រហូតមក ទី៣ដំបូងៗខ្វះខាតសម្ភារៈ យើងសុំលុយពីលោក (ព្រះសង្ឃ) ទិញខ្សែក្រវាត់ ទិញអីផ្សេងៗហើយក្មេងៗពាក់តែអាវណយរាំធម្មតាទេ មិនទាន់មានអីពាក់ស្អាតទេ និយាយទៅពេលខ្វះ សុំលុយលោកទិញ»។ នេះបើតាមលោក វី ថៃ
បើទោះបីជាជួបនឹងការលំបាកយ៉ាងណាក៏ក្រុមសិល្បៈមួយនេះ នៅតែតស៊ូបន្តដំណើរទៅមុនរហូតបានចេញសម្តែងនៅតាមទីវត្តអារាម និងកម្មវិធីនានា។ លុះកណ្តាលឆ្នាំ២០២១ ក្រុមសិល្បៈ វត្តព្រៃក្ទម្ព ក៏ចាប់ផ្តើមមានការគាំទ្រ និងស្គាល់ច្រើនហើយក៏ទទួលបានការសម្តែងច្រើនផងដែរ។
ក្មេងៗនៅក្នុងក្រុមសិល្បៈវត្តព្រៃក្ទម្ពទទួលបានការហ្វឹកហាត់ចំនួន៣ថ្ងៃក្នុង១សប្តាហ៍ ដោយចាប់ផ្តើម ពីម៉ោង ១ រសៀលដល់ម៉ោង ៥ ល្ងាច សម្រាប់ថ្ងៃសុក្រ ចំណែកថ្ងៃសៅរ៍-អាទិត្យ ចាប់ផ្តើមហាត់សម្តែងពីម៉ោង៧ព្រឹក ដល់ម៉ោង ១១ព្រឹក និងហាត់បន្តពីម៉ោង២រសៀល ដល់ម៉ោង៦ ល្ងាច។
គិតមកដល់ពេលនេះក្រុមសិល្បៈវត្តព្រៃក្ទម្ព បានបណ្តុះបណ្តាលអ្នកស្រឡាញ់សិល្បៈ បានចំនួន៣ជំនាន់ ដែលមានចំនួនប្រមាណជិត ២០០នាក់ ដែលភាគច្រើនជាសិស្សស្រីមានអាយុចាប់ពី៦ឆ្នាំឡើង និងមានគ្រូបង្ហាត់ចំនួន១នាក់និងមានអ្នកជំនាញសិល្បៈជួយបង្ហាត់បង្ហាញផងដែរ។
អ្នកគ្រប់គ្រងក្រុមសិល្បៈវត្តព្រៃក្ទម្ពបញ្ជាក់បែបនេះថា «លោកគ្រូ ហមច័ន្ទធឿន គាត់នៅតែបង្ហាត់ ១ខែ គាត់ចុះមក១អាទិត្យមកមើលក្មេងៗ ក្រៅពីនេះសិស្សធំដែលរៀនពីមុនៗ គាត់ជាអ្នកបង្ហាត់បន្ត ហើយព្រះសង្ឃស្គាល់អ្នកសិល្បៈច្រើន ភាគច្រើនជាសិស្សមកពីខាងសាលារចនា អ៊ីចឹងព្រះអង្គ អញ្ជើញពួកគាត់ឱ្យមកជួយបង្ហាត់បង្ហាញនិងកែក្បាច់ ជួយកែតម្រូវពួកគាត់ធ្វើឱ្យត្រូវ»។
ក្រៅពីការបង្ហាត់បង្រៀនការសម្តែងសិល្បៈនៅក្នុងវត្តព្រៃក្ទម្ពនេះ ក៏បង្រៀនក្មេងៗដែលជាអ្នកស្នង មរកតដូនតានេះនូវការធ្វើគ្រឿងតុបតែង លម្អតួសម្តែងផងដែរ។
លោកបញ្ជាក់ថា «ក្មេងៗទាំងអស់ គាត់ចេះចាក់ស្បៃ ចាក់អីខ្លួនឯងដោយសារយើងមិនមែនបង្រៀន គាត់តែរាំទេយើងបណ្តុះគាត់ឱ្យចេះផ្សារស្ពាន់ខ្លួនឯង ឱ្យគាត់ចេះធ្វើខ្សែក្រវាត់ឱ្យគាត់ចេះចាក់ស្បៃអី ខ្លួនឯង ភាគច្រើនសិស្សស្រីៗអី គាត់ឃើញអីស្អាតៗអីគាត់ផ្សារខ្លួនឯង ស្រឡាញ់ម៉ូតណាធ្វើខ្លួនឯងយើងគ្រាន់តែចំណាយលុយទិញស្ពាន់ឱ្យពួកគាត់»។
ក្រុមសិល្បៈវត្តព្រៃក្ទម្ពមានសម្តែងដូចជា ល្ខោនយីកេ របាំបុប្ផាលោកីយ៍ របាំទិវាប្រពៃ របាំជូនពរ របាំបួងសួងព្រាហ្ម របាំឆួយឆាយបួងសួង របាំតាយ៉ែរបាំព្រាបសន្តិភាព របាំនារីជាជួល របាំភួងនារី របាំអប្សរា។
ជាក្រុមសិល្បៈប្រចាំវត្តព្រក្ទម្ពនិងប្រចាំភូមិផងនោះ ក្រុមសិល្បៈមួយនេះ ទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវក្នុងខេត្តរបស់ខ្លួន និងនៅតាមបណ្តាខេត្តនានា។
លោក វី ថៃ រៀបរាប់ថា៖ «ឥឡូវនេះយើងទទួលបានកម្មវិធីច្រើន ភាគច្រើនតាមរោងការនិងបុណ្យផ្កាអី ហ្នឹងតាមវត្ត និងកម្មវិធីផ្សេងដែលមានគណៈអធិបតីយើងមានរបាំជូនពរ បួងសួង ហើយគេតែងតែរកពួកយើងរហូត បើចាប់ពីចេញវស្សាយើងមានកម្មវិធីរហូត ជាពិសេសរវល់ខ្លាំងចន្លោះខែ៤ដល់ខែ៦ រដូវគេការ បុណ្យ ហើយភាគច្រើនគេហៅទៅដល់សៀមរាប ព្រះវិហារ កំពង់ចាមកំពង់ធំ ស្វាយរៀង ជាដើម»។
លោក បន្តថា ថវិកាដែលទទួលបានពីការសម្តែងពុំបានបែងចែកជាចំណូលចូលវត្តឡើយ ដោយត្រូវបានបែងចែកឱ្យសិល្បករវិញដើម្បីលើកទឹកចិត្តដល់ពួកគាត់ ខណៈនាពេលអនាគត អ្នកគ្រប់គ្រងរូបនេះនឹងព្យាយាមបញ្ជូលនូវទម្រង់សិល្បៈមួយចំនួនបន្ថែមទៀត៕