ភ្នំពេញ: នាវា MV Doulos Hope ដែលដំណើរការដោយក្រុមហ៊ុន OM ShipsInternational បានធ្វើទស្សនកិច្ចដំបូងរបស់ខ្លួនទៅកាន់កំពង់ផែស្វយ័តភ្នំពេញដោយបន្ថែមសៀវភៅខ្មែរថ្មីៗសម្រាប់ប្រជាជនខ្មែរ។
ការបន្ថែមសៀវភៅភាសាជាតិទាំងនេះមានគោលបំណងធ្វើឱ្យការអានកាន់តែងាយស្រួល និងរីករាយសម្រាប់ភ្ញៀវកម្ពុជា។
កញ្ញា Wilma Hildebrand បុគ្គលិកមកពីប៉ារ៉ាហ្គាយនៃនាវា MV Doulos Hope បានចែករំលែកក្តីរំភើបអំពីការមកដល់នេះនៅភ្នំពេញ។
កញ្ញា Hildebrand បានឱ្យដឹងថា នាវានេះមិនធ្លាប់មករាជធានីភ្នំពេញពីមុនទេហើយការមកដល់លើកនេះតម្រូវឱ្យពួកគេធ្វើនាវាចរណ៍តាមដងទន្លេមេគង្គ។
នាវាតូចនេះបានផ្តល់ឱកាសឱ្យពួកគេធ្វើទស្សនកិច្ចដ៏សំខាន់នេះ។នៅថ្ងៃបើកដំណើរការ គឺថ្ងៃទី៥ ខែមិថុនា មានអ្នកទស្សនាប្រមាណ ៣០០នាក់បានមកលើនាវាដើម្បីមើល អាន និងទិញសៀវភៅ។
កញ្ញា Hildebrand បានគូសបញ្ជាក់ថាពួកគេមិនផ្តោតលើចំនួនអ្នកទស្សនាទេ ប៉ុន្តែពេញចិត្តក្នុងការផ្ដល់បទពិសោធន៍ដល់ភ្ញៀវគ្រប់គ្នាជាមួយនឹងក្រុមនាវិកអន្តរជាតិ និងពិព័រណ៍សៀវភៅ។
លោក កុក រស់ប្រធាននាយកដ្ឋានសៀវភៅ និងការអាន បានឱ្យដឹងថាលោកមានអារម្មណ៍រីករាយនឹងការមកដល់នៃបណ្ណាល័យបណ្ដែតទឹកនេះ ហើយលោកបានកំពុងនឹងបន្តចែករំលែកព័ត៌មាននេះទៅសិស្ស-និស្សិតនិងអ្នកចូលចិត្តអានផ្សេងទៀត។
មុនពេលចូលចតនៅភ្នំពេញ នាវា Doulos Hope បានធ្វើទស្សនកិច្ចនៅទីក្រុងហុងកុងហើយគ្រោងនឹងចេញដំណើរទៅប្រទេសសិង្ហបុរីបន្ទាប់។
ពិព័រណ៍សៀវភៅបណ្តែតទឹកនៅកំពង់ផែស្វយ័តភ្នំពេញនឹងបើកដំណើរការពីថ្ងៃទី៥ដល់ ១៦ មិថុនា និងពីថ្ងៃទី២២ មិថុនា ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ ២០២៤។
អ្នកទស្សនាអាចទស្សនាពិព័រណ៍ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យចន្លោះម៉ោង ១២:៣០ ថ្ងៃ ដល់ម៉ោង ៧:៣០ យប់ ដោយសម្រាកនៅថ្ងៃចន្ទ។ការទស្សនានាវានិងអានសៀវភៅ គឺដោយឥតគិតថ្លៃដែលធ្វើឱ្យពិព័រណ៍នេះកាន់តែទាក់ទាញភ្ញៀវក្នុងស្រុកបន្ថែមទៀតមកទទួលយកបទពិសោធន៍អានសៀវភៅក៏ដូចជាក្រេបកាហ្វេលើនាវាបណ្ណាល័យនេះផងដែរ៕