ជាជនជាតិអង់គ្លេសមានម្ដាយដើមកំណើតខ្មែរ លីហ្សា អូវេន (Liza Owen)គឺជាតារាចម្រៀង និងអ្នកនិពន្ធ ដ៏មានទេពកោសល្យតែមនុស្សមិនច្រើននោះទេដែលដឹងថា ស្នាដៃរបស់នាងបានរំលេចចេញជាបទចម្រៀងដ៏ល្បាញជាច្រើនបទ។
បទចម្រៀងដែល លីហ្សា បានចូលរួមនិពន្ធមាន Airplane pt.2 របស់ក្រុម K-Pop ដ៏ល្បីល្បាញ BTS ដែលមានចំនួនស្ដាប់លើ Spotify រហូតជិត ៣៤៤លានដង បទ Cut You Off របស់ សេលីណា ហ្គូមេស ជាមួយចំនួនអ្នកស្ដាប់ជិត៣៨ បទ Now or Never របស់ GOT7 និង Jonas Blue ជាមួយចំនួនស្ដាប់ជាង ៧លានកន្លះ។
ក្រៅពីស្នាដៃនិពន្ធលីហ្សា ក៏ជាមានបទចម្រៀងផ្ទាល់ខ្លួនដ៏ពីរោះជាច្រើនដូចជាបទ Getting Good និងបទ Why Aren’t We Having Sex? ដែលមានចំនួនទស្សនាជិត១,៥លានលើយូធូប។
ទោះបីជាកើត និងចម្រើនវ័យនៅបស្ចិមប្រទេសពិតមែន តែ លីហ្សា នៅតែមិនភ្លេចសាវតាជាខ្មែរ។ម្ដាយរបស់នាងជាជនភៀសខ្លួនពីរបបខ្មែរក្រហមនិងបានជួបឪពុកនាងនៅទីក្រុងប៉ារីសក្នុងទសវត្សរ៍ ៧០។
នាងត្រូវបានចិញ្ចឹមបីបាច់ដោយអ្នកម្ដាយ នៅភូមិ Headley ដ៏តូចនៃតំបន់ជនបទ Surrey។ នាងបានចាប់ផ្ដើមច្រៀង និងនិពន្ធតាំងពីអាយុ ១៣ឆ្នាំ។ ក្នុងវ័យត្រឹមតែ១៧ឆ្នាំ នាងបានលាស្រុកកំណើត មកភាគអាគ្នេយ៍ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនិងផ្ដើមអាជីពសិល្បៈក្នុងវ័យ ១៨ឆ្នាំ តាមរយៈការបង្ហោះបទចម្រៀង Coverដែលមានចំនួនទស្សនារាប់សិបលានដង។
លីហ្សា ធ្លាប់ត្រូវបានម្ដាយនាំមកលេងប្រទេសកម្ពុជាក្នុងវ័យជាង១០ឆ្នាំ តែឥទ្ធិពលឈាមជ័រជាខ្មែរនៅតែស្ថិតក្នុងបេះដូងរបស់នាង ដោយសូម្បីតែស្នាដៃចម្រៀងបទ Young Guns ក៏ លីហ្សាបានបញ្ចូលសម្លេងព្រះសង្ឃសូត្រធម៌ក្នុងនោះផងដែរ។នៅមានការរចនាអាល់ប៊ុមបទចម្រៀង ដោយប្រើអក្សរខ្មែរថែមទៀត។
សព្វថ្ងៃ លីហ្សា មានវ័យខ្ទង់ ៣០ឆ្នាំ ហើយនាងបានបន្តអាជីពចម្រៀងនៅទីក្រុងLA សហរដ្ឋអាមេរិក ដោយមានការណែនាំពីជនមានឥទ្ធិពលក្នុងឧស្សាហកម្មចម្រៀងដូចជាAli Tamposi, Beyoncé, XtinaនិងOne Direction ជាដើម។ នេះបើយោងតាមទស្សនាវដ្តី Wonderland Magazine បានចុះផ្សាយ។
ចង់ដឹងថាបទចម្រៀងរបស់ លីហ្សា ស្ដាប់ទៅជាប់ចិត្តប៉ុណ្ណាអាចចូលឆានែលយូធូបរបស់នាង https://www.youtube.com/channel/UCSzOzdEuTxPGewqfmF2aYOA ហើយចង់ដឹងថាបទល្បីៗណាខ្លះ ដែលនាងបានរួមចំណែកនិពន្ធអាចចូលមើលនៅទំព័រអ្នកនិពន្ធ Spotify https://artists.spotify.com/songwriter/3vGzXt9MNSvgPUD1LhZfZ6៕