សៀមរាប:ក្នុងទីធ្លាផ្ទះឈើអមដោយរុក្ខជាតិតូចធំគ្រែធំទាបៗមានតម្រៀបកៅអីជ័រជុំវិញត្រូវបានប្រែក្លាយជាទីកន្លែងសម្រាប់កុមាររៀនគំនូរ និងសិល្បៈនានា។រីឯបរិវេណក្នុងផ្ទះវិញតុឈើតម្រៀបគ្នាជាជួរគឺជាបន្ទប់សិក្សាស្វាគមន៍កុមារមកក្រេបជញ្ជក់ចំណេះដឹងអង់គ្លេសក្នុងភូមិមួយនៅទឹកដីទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាបអង្គរ។
នេះជាសាលាសហគមន៍Village Homeschool ដែលស្ថិតនៅភូមិស្រះស្រង់ត្បូង ឃុំនគរធំ ស្រុកសៀមរាប។នៅទីនេះសិស្សានុសិស្សចំនួន ៣០០នាក់ កំពុងទទួលបានសិក្សាភាសាអង់គ្លេស និងចំណេះដឹងទូទៅខ្លះៗដោយឥតគិតថ្លៃក្រោមគំនិតផ្ដួចផ្ដើមរបស់កញ្ញា យត់ សីយ័ន្ដ។
ធ្លាប់ជាក្មេងរស់ក្នុងគ្រួសារក្រីក្រ កញ្ញាសីយ័ន្ត មានចិត្តចង់ចេះចង់ដឹងភាសាបរទេសជាខ្លាំង ប៉ុន្តែកាល ណោះស្ថានភាពគ្រួសារពុំអំណោយផល។
លុះដល់ពេលចម្រើនវ័យធំឡើង កញ្ញាមានលទ្ធភាពចាប់យកជំនាញភាសាអង់គ្លេសហើយថែមទាំងទទួលបានឱកាសការងារល្អទៀត។
យ៉ាងណាមិញ បទពិសោធន៍គ្មានឱកាសសិក្សាភាសាបរទេសពីកុមារភាពបានជំរុញឱ្យកញ្ញា សីយ័ន្ត សម្រេចចិត្តបោះបង់អាជីពការងារ មកចាប់យកក្ដីស្រមៃបើកសាលាបង្រៀនក្មេងក្រីក្រដើម្បីបណ្តុះបណ្តាលក្មេងៗនៅក្នុងតំបន់ដែលខ្លួនរស់នៅ ព្រោះតែខ្លួនធ្លាប់ឆ្លងកាត់នូវការលំបាកទាំងអស់នេះ។
ស្ថាបនិកសាលាសហគមន៍Village Homeschool បានប្រាប់សារព័ត៌មាន SR News ថា៖«មូលហេតុដែលធ្វើឱ្យខ្ញុំមានឆន្ទៈ បង្កើតសាលានេះឡើងដោយខ្លួនខ្ញុំផ្ទាល់ជាក្មេងដែលរស់នៅតំបន់ហ្នឹង ក្នុងស្ថានភាពមកពីគ្រួសារក្រីក្រតែចង់ចេះចង់រៀនភាសានិងជំនាញផ្សេងៗ តែអត់លទ្ធភាពនិងឱកាសដោយសារត្រូវលក់ដូរវត្ថុអនុស្សាវរីយ៍តាមប្រាសាទដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ»។
ស្ថាបនិកសាលាសហគមន៍Village Homeschool បានរំឭកទៀតថា៖«ស្ថានភាពបែបហ្នឹងមិនមែនជួបប្រទះតែខ្ញុំម្នាក់ទេគឺមានក្មេងៗជាច្រើន ប្រឈមនឹងបញ្ហាដូចជាខ្ញុំដែរដោយសារមូលហេតុខាងលើនេះហើយ បានជំរុញទឹកចិត្ដឱ្យខ្ញុំចង់បង្កើតមណ្ឌលឬសាលាដែលអាចផ្ដល់ឱកាសដល់ក្មេងៗដែលគ្មានលទ្ធភាពបានចូលរៀននឹងទទួលបានការអប់រំផ្សេងៗ»។
កញ្ញា សីយ័ន្ដ ក៏បានសម្រេចចិត្តបង្កើតសាលាVillage Home School ដំបូងនៅឆ្នាំ២០១៧ ដោយផ្ដើមចេញពីសិស្សមកចុះឈ្មោះរៀនជាង៣០នាក់ប៉ុណ្ណោះ។
សាលានេះទទួលសិស្សឲ្យចូលរៀនបានចាប់ពីអាយុ៦ឆ្នាំឡើងទៅ ដោយមានការបង្រៀនអង់គ្លេសដែលជាភាសាគោល។ សាលាសហគមន៍Village Homeschool ក៏បានបន្ថែមនូវចំណេះដឹងទូទៅគំនូរ កីឡា និងការអប់រំសុខភាពអនាម័យផងដែរ។
ការបង្រៀនមានតែមួយវេនទេគឺចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង៧យប់ ដោយគ្រូស្ម័គ្រចិត្តចំនួន ១៣នាក់ នៅក្នុងសាលាសហគមន៍ដ៏កក់ក្ដៅមួយនេះ។
កញ្ញា សីយ័ន្ដ បានបញ្ជាក់ផងដែរថា៖ «នៅសាលាយើងមិនមានបន្ទប់ទេបង្រៀននៅកណ្ដាលវាលដែលចែកចេញជា១៤ថ្នាក់ដោយ៥ថ្នាក់ទៀតធ្វើនៅដីក្រោយភូមិ»។
ចាប់តាំងពីការកកើតប្រមាណ៧ឆ្នាំមកនេះសាលាសហគមន៍បានផ្ដល់ការសិក្សាឥតគិតថ្លៃរហូតដល់ពាក់កណ្ដាល ឆ្នាំ២០២៤ទើបស្ថាបនិកត្រូវបង្ខំចិត្តស្នើសុំវិភាគទានតិចតួចពីក្រុមគ្រួសារសិស្សដើម្បីទ្រទ្រង់ដំណើរការប្រចាំថ្ងៃ។
ស្ថាបនិកសាលាសហគមន៍វ័យ៣៧ឆ្នាំបានពន្យល់ថា៖ «កាលពីដើមឡើយសាលាយើងខ្ញុំពុំយកកម្រៃពីសិស្សទេដោយសាលាយើងទទួលការជួយឧបត្ថម្ភពីបណ្ដាលមិត្ដភក្តិនិងបងប្អូនក្នុងការចំណាយប្រចាំខែទៅលើទឹក ភ្លើងនិងសម្ភារសិក្សារបស់សិស្ស។ ប៉ុន្តែចាប់តាំងពីខែឧសភាឆ្នាំ២០២៤មកនេះ យើងពុំទទួលបានការជំនួយទៀតទេ»។
ទោះបីជាយ៉ាងណាក៏ដោយកញ្ញា សីយ័ន្តទទូចប្រាប់ថា ការខិតខំប្រឹងប្រែងប៉ុន្មានឆ្នាំកន្លងមកនេះមិនត្រូវអាសាបង់ត្រឹមនេះទេដោយកញ្ញាត្រូវស្វះស្វែងរកជំនួយបន្តទៀតដើម្បីអនាគតសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងសាលាមួយនេះ។
កញ្ញាបានលើកឡើងថា៖ «ការស្នើសុំឱ្យសិស្សានុសិស្សឲ្យជួយចូលរួមប្រាក់ម្នាក់ៗ៣០០០រៀល ក្នុងមួយខែៗ គឺជាការសម្រេចចិត្តមួយដ៏លំបាកបំផុត ព្រោះកន្លងមកមានឮពាក្យនិយាយថាខ្ញុំយកក្មេងៗមកធ្វើជាអាជីវកម្មប៉ុណ្ណោះ»។
ស្ថាបនិកសាលាសហគមន៍បានបញ្ជាក់ថា៖ «តាមពិតទៅសាលាយើងមិនចង់បានអីច្រើនទេគ្រាន់តែសង្ឃឹមថាសាលានឹងអាចបន្ដដើរទៅមុខបានហើយសង្ឈឹមថាបងប្អូនសប្បរជនអាចចូលរួមចំណែកខ្លះៗដើម្បីឱ្យសាលាអាចបន្ដទៅមុខទៀត!»។
សម្រាប់ព័ត៌មានបន្ថែមពីសាលានិងចេតនាចង់ធ្វើការឧបត្ថម្ភនានា សូមទំនាក់ទំនងហ្វេសប៊ុកផេក Village Homeschoolឬទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៤១១៣៧៣៕