ភ្នំពេញៈ ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលសិល្បៈស្រមោលមួយបែបនេះសម្តែងនៅទីងងឹត ឬក្នុងពេលយប់ ប្រើប្រាស់ ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។
អតីតនិស្សិតអក្សរសាស្ត្រខ្មែរដែលធ្លាប់បានសិក្សារឿងរាមក្តេរ៍ និងជាអ្នកស្រឡាញ់វប្បធម៌ លោក ប៉ែន ជំនោរ បង្ហាញពីអារម្មណ៍សប្បាយចិត្តរាល់ពេលបានទស្សនានូវការសម្តែងល្ខោនស្រមោលស្បែកធំនេះនិងចាត់ទុកល្ខោនមួយនេះ ជាសិល្បៈមួយដ៏អស្ចារ្យ ត្បិតល្ខោននេះប្រៀបដូចជាកុនខ្មែរដំបូងបង្អស់ដោយហេតុដូនតាខ្មែរ បានយកសាច់រឿងមកដាក់នៅលើស្បែកយកទៅសម្តែង ផ្សំជាមួយនឹងការ ពិពណ៌នាឬពោលតាមសាច់រឿង គឺជាសិល្បៈកំណាព្យ ម៉្យាងទៀតបើទោះបីជាគ្មានភ្លើងអគ្គីសនីបំភ្លឺក៏គេអាចលេងល្ខោនស្បែកនេះបាន ដោយការដុតភ្លើងបំភ្លឺបញ្ចេញជាស្រមោល ចំណែកភ្លេង អាចលេងដោយមិនមានឧបករណ៍បំពងសំឡេងជាជំនួយ។
បន្ថែមពីនេះ អ្នកស្រឡាញ់វប្បធម៍រូបនេះយល់ថានៅក្នុងកម្មវិធីថ្នាក់ជាតិធំៗ គួរតែមានការបង្ហាញនូវ ល្ខោនស្រមោលស្បែកធំជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា ដោយអាចកាត់យកឈុតសំខាន់ត្រង់ កន្លែងណាមកសម្តែងត្រឹមរយៈ៥ ទៅ១០នាទី ដើម្បីឱ្យពិភពលោកបានស្គាល់ពីសិល្បៈវប្បធម៍ដ៏មាន តម្លៃនៃជាតិខ្មែរដែលល្ខោនស្រមោលស្បែកធំ មានសិល្បៈខ្មែរច្រើនទម្រង់។
លោក សួស យ៉ាមីអ្នកសិក្សាស្រាវជ្រាវ និងធ្វើការទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរយល់ថា៖ « ល្ខោនស្រមោលស្បែកធំគឺបេតិកភណ្ឌពិភពលោកអរូបិយរបស់ពិភពលោក អ៊ីចឹងបើមានការយកមក សម្តែងក្នុងកម្មវិធីជាតិឬបញ្ជ្រៀបក្នុងកម្មសិក្សា ខ្ញុំគិតថាល្អណាស់ ព្រោះល្ខោននេះ មានតែទាំងការ សម្តែងការពោល ការលេងភ្លេង និងមានទាំងសិល្បៈចម្លាក់លើស្បែកទៀត ហើយអស្ចារ្យគឺប្រទេសជិតខាងយើងខ្លះ គឹចង់បានល្ខោននេះណាស់ តែមិនអាច ព្រោះនេះជារបស់ខ្មែរមានតែយើងទេ ជាអ្នកថែ ជាអ្នកចូលរួមផ្សព្វផ្សាយ»។
លោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បៈលោ្ខនគោកធ្លក បានលើកឡើងកាលពីកន្លងមកថាល្ខោនស្បែកធំជាការសម្ដែងសក្ការរឿងទេវកថាដែលកាលជំនាន់នោះមានភាពមហស្ចារ្យ ដោយសារការសម្ដែងមានប្រើវង់ភ្លេងប្រគំអមនិងការដុតបំពួនភ្លើងភ្លឺលេចជាស្រមោល ធ្វើឲ្យទស្សនិកជនរំជើបរំជួលប្រៀបបានទៅនឹងទស្សនាខ្សែភាពយន្តក្នុងរោងមហោស្រពនាសម័យបច្ចុប្បន្ន។ល្ខោនស្បែកធំត្រូវបានដូនតាបង្រៀនតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ប៉ុន្តែដោយសារសង្គ្រាម និងការវិវត្តទៅមុខឥតឈប់ឈរបច្ចុប្បន្នល្ខោនដ៏ល្បីល្បាញនេះ ស្ទើរតែសាបរលាបកិត្យានុភាពរបស់ខ្លួនទាំងស្រុងបើទោះបីជាល្ខោននេះត្រូវបានចុះជា បេតិកភណ្ឌពិភពលោកអរូបិយ ក៏ដោយ។
សូមជម្រាបថា ល្ខោនស្រមោលស្បែកធំ មានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកានៅក្នុងសតវត្សរ៍ទី៩។ កាលពីដើម ឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រ សម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះមានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រនិងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។
ក្រោយសតវត្សទី១៣ជនជាតិប្រទេសជិតខាងខ្លះបានអះអាងថា មរតកសិល្បៈខ្មែរនេះ ជារបស់ជាតិសាសន៍ខ្លួនដូចជាជនជាតិថៃ ឬជនជាតិម៉ាឡេជាដើម។ ប៉ុន្តែបើតាមឯកសារ ស្រាវជ្រាវបានបញ្ជាក់ថា យ៉ាងច្បាស់ថាសិល្បៈស្រមោលស្បែកខ្មែរ និងឥណ្ឌានេះ សុទ្ធតែមានភាពចំណាស់នៃប្រវត្តិរបស់វានៅក្នុងប្រទេសនីមួយៗយ៉ាងពិតប្រាកដ ហើយសិល្បៈស្បែកនេះក៏នៅតែបន្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០០៥។ ទន្ទឹមនឹងនេះនា ថ្ងៃទី២៥ ខែវិច្ជិកា ជារៀងរាល់ឆ្នាំ តែងតែមានការរំឭកខួបនៃការដាក់បញ្ចូលសម្បត្តិវប្បធម៌ជាបេតិកភណ្ឌពិភពលោកដើម្បីបញ្ជាក់បង្ហាញអំពីការចូលរួមនៅក្នុងកិច្ចអភិរក្សថែរក្សាព្រោះសម្បត្តិវប្បធម៌ដែលដាក់បញ្ចូលនោះមិនមែនត្រឹមតែជារបស់ខ្មែរនោះទេប៉ុន្តែវាជាតម្លៃសកលសម្រាប់មនុស្សជាតិលើពិភពលោក៕