អ្នកមានទេព្យកោសល្យតែងនិពន្ធអ្នកស្រឡាញ់សៀវភៅ អ្នកគាំទ្រអំណានអក្សរសិល្ប៍និងសាធារជនក្មេងចាស់អាចដាក់កាលវិភាគធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមដើម្បីចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរ ដែលមានទាំងស្ដង់សៀវភៅ ការសម្ដែងសិល្បៈរួមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។
ជាមួយចក្ខុវិស័យក្នុងការលើកកម្ពស់និងផ្សព្វផ្សាយអំពីអក្សរសិល្ប៍ខ្មែរមហោស្រពអក្សរសិល្ប៍ខ្មែរនឹងត្រឡប់មកវិញជាលើកទី៧ដោយត្រូវបានរៀបចំនៅទឹកដីខេត្តកំពង់ចាមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៤។
ចាប់តាំងពីបង្កើតដំបូងក្នុងឆ្នាំ២០១៧ ក្រោមការផ្តួចផ្តើមគំនិតដោយអ្នកនិពន្ធ សូ ភីណាមហោស្រពនេះមានគោលបំណងលើកកម្ពស់អក្សរសិល្ប៍ខ្មែរបណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិលើកកម្ពស់កិត្តិយសគុណតម្លៃរបស់អ្នកនិពន្ធក៏ដូចជាបង្កើនឱកាសទំនាក់ទំនងនិងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធនិងវិស័យបោះពុម្ព និងអក្សរសិល្ប៍។
សម្រាប់កម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋឆ្នាំ២០២៤ បង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអក្សរសិល្ប៍តាមរយៈការផ្តល់ឱកាសដល់អ្នកស្រឡាញ់សិល្បៈអក្សរសិល្ប៍បំផុសនូវគំនិតថ្មីៗប្លែកៗ ដែលមានលក្ខណៈច្នៃប្រតិដ្ឋហើយឆ្លុះបញ្ចាំងអំពីបញ្ហានៅក្នុងសង្គម។ នេះបើយោងតាមលោក លោក ចេង រតនា គណៈកម្មការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរនិងជាអ្នកដឹកនាំក្រុមការងារប្រកួតស្នាដៃអក្សរសិល្ប៍ច្នៃប្រតិដ្ឋប្រចាំឆ្នាំ២០២៤។
ទូតសុច្ឆន្ទៈដែលបានជួយគាំទ្រមហោស្រពអក្សរសិល្ប៍ខ្មែរកន្លងមករួមមានលោក ម៉ុង ម៉ានិត ដែលជាអ្នកនិពន្ធ និងតារាចម្រៀងវ័យក្មេង និងអ្នកនិពន្ធ គឹមឌីណា។
ប្រធានបទនៅឆ្នាំនេះគឺ«អក្សរសិល្ប៍បៃតង» អាចឱ្យអ្នកចូលរួមស្រមៃដល់ព្រៃឈើបរិស្ថាន ធម្មជាតិ ពណ៌ស្រស់បំព្រង និងជីវិតរស់រវើក។គោលគំនិតនៃប្រធានបទនេះគឺសំដៅលើតួនាទីអក្សរសីល្ប៍ក្នុងការចូលរួមចលនាការពារថែរក្សាធម្មជាតិជាចម្បង។
ការប្រកួតមានវិញ្ញាសាចំនួនពីរ។ទីមួយគឺផែ្នករឿងខ្លី ជាសំណេះមិនត្រូវលើសពី ៨ ទំព័រនៃក្រដាសទំហំ A4 ពុម្ពអក្សរទំហំ ១២។ ទីពីរគឺផ្នែកកំណាព្យជាសំណវដែលមិនត្រូវលើសពី ៣ ទំព័រ ពុម្ពអក្សរទំហំ ១២ ។
បេក្ខជនដែលទទួលជ័យលាភីលេខ១នៅក្នុងកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋឆ្នាំ នឹងទទួលបានថវិកា ៨០ម៉ឺនរៀលរួមជាមួយប័ណ្ណសរសើរលេខ២ ទទួលបាន ៦០ម៉ឺនរៀល និងប័ណ្ណសរសើរ និងលេខ៣ទទួលបានថវិកា៤០ម៉ឺនរៀលរួមជាមួយនឹងប័ណ្ណសរសើរផងដែរ។
លើសពីការប្រកួតស្នាដៃអក្សរសិល្ប៍មហោស្រពរយៈពេល៣ ថ្ងៃដែលមានកម្មវិធីពិសេសៗជាច្រើនដូចជាពិព័រណ៍មរតកអក្សរសិល្ប៍វេទិកាពិភាក្សាអំពីអក្សរសិល្ប៍សិក្ខាសាលានិពន្ធច្នៃប្រឌិត ទស្សនកិច្ចវប្បធម៌ បទបង្ហាញកម្មវិធីកំណាព្យបញ្ចាំងភាពយន្តឯកសារ កម្មវិធីទស្សនីយភាពសម្ដែងព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។
ក្រុមការងារនៃកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋឆ្នាំ២០២៤បន្តទទួលស្នាដៃនិពន្ធចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៤។ សូមផ្ញើស្នាដៃមកកាន់អ៊ីមែល៖khmerliteraturefestival@gmail.com ឬប្រអប់សាររបស់ទំព័រហ្វេសប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ KhmerLiterature Festival៕