អ្នកនិពន្ធ ម៉ៅ ចាន់រស្មី ហៅ កូនទន្សាយ បានដាក់សម្ពោធប្រលោមលោកលើកទី៤របស់ខ្លួនជាផ្លូវការ ដែលមានចំណងជើងថា «បុរសឈុតពណ៌ស» (ភាគ២)ដោយទទួលបានការកក់ និងជាវយ៉ាងច្រើនពីសំណាក់មិត្តអ្នកអាន ជាពិសេសយុវវ័យ។
អ្នកអានម្នាក់បានសរសេរចំណាប់អារម្មណ៍ថា៖ «ពិតណាស់សៀវភៅមួយក្បាលនេះមានគ្រប់រសជាតិទាំងអស់ សប្បាយរីករាយ Sad អប់រំ។ បន្ទាប់ពីអានបុរសឈុតពណ៌សភាគ ២ ចប់ ខ្ញុំក៏អស់ចិត្តជាមួយនឹងសាច់រឿងមួយនេះដែរព្រោះវាបរិបូណ៌ដូចអ្វីដែលអ្នកអានចង់បានអស់ហើយ។ បើនិយាយពីសាច់រឿងមួយក្បាលនេះវិញសម្រាប់ខ្ញុំគឺវា Perfect មិនមានអីរៀបរាប់ច្រើនទេតែនៅឈឺចិត្តមិនទាន់បាត់ទេរឿងអ្នកនិពន្ធធ្វើស៊ីអាកន្ទុយចុងក្រោយបន្តិចហ្នឹង»។
សៀវភៅ «បុរសឈុតពណ៌ស» ភាគ ១ បានចេញផ្សាយកាលពីឆ្នាំ ២០២៣។សៀវភៅប្រលោមលោកថ្មីភាគ ២ នេះជាប្រភេទរឿងអភិនីហារបន្តពីសាច់រឿងមុន ដែលនិយាយអំពីតួអង្គតារាវុធ និង អេសធើ ដោយបង្កប់ខ្លឹមសារអប់រំពីជីវិតគូភាពស្មោះស្ម័គ្រ និងការលះបង់។
សម្រាប់ការនិពន្ធសៀវភៅប្រលោមលោក នីមួយៗ អ្នកនាង ចាន់រស្មីបានចាត់ទុកជីវិតប្រៀបដូចជាជារូបផ្គុំ ហើយអ្នកនិពន្ធក៏ត្រូវស្វែងរកបំណែកថ្មីមួយទៀតជាបន្តបន្ទាប់។
អ្នកនិពន្ធវ័យក្មេងរូបនេះបានបន្តថា៖ «និយាយដោយស្មោះត្រង់ចុះការនិពន្ធប្រលោមលោករបស់ខ្ញុំពុំមែនជាការផ្គុំដែលល្អឥតខ្ចោះគ្មានចំណុចទាស់ទេ តែខ្ញុំបែរជាស្វែងរកចំណុចខ្វះខាតដើម្បីអាចស្វែងរករូបផ្គុំឱ្យបានត្រឹមត្រូវទៅវិញ។ ប្រសិនបើខ្ញុំរង់ចាំទាល់តែអាចរកឃើញគ្រប់បំណែកផ្គុំទើបចាប់ផ្តើមដើរនោះ ខ្ញុំប្រហែលជាមិនអាចមកដល់ទីនេះទេ»។
សៀវភៅ «បុរសឈុតពណ៌ស» (ភាគ២)ត្រូវបានចំណាយពេលសរសេររយៈពេលប្រមាណមួយឆ្នាំ។ ទោះយ៉ាងណាក្ដីអ្នកនិពន្ធបានចាត់ទុកដំណើរដ៏វែងឆ្ងាយនេះថា វាមានសេចក្តីសុខម្យ៉ាងបង្កប់នៅក្នុងភាពអត់ធ្មត់។
អ្នកនាង ចាន់រស្មី បានលើកឡើងថា៖ «មានសម្រស់ម្យ៉ាងស្ថិតនៅក្នុងការដើរទៅមុខសន្សឹមៗតាមល្បឿនរបស់យើងដោយមិនប្រញាប់ប្រញាល់តាមលោកិយ ដ្បិតអីការដើររបស់យើងម្នាក់ៗ មានជំហាននិងល្បឿនខុសៗគ្នា»។
អ្នកនាងបានលើកទឹកចិត្តដល់អ្នកនិពន្ធ ក៏ដូចជាមិត្តអ្នកអានដទៃទៀតថា៖«អ្នកខ្លះក៏អាចនិពន្ធចប់មួយរឿងក្នុងមួយខែ ខ្លះក៏ឡើងទៅដល់មួយឆ្នាំ។ការប្រៀបធៀប បានត្រឹមតែដាក់សម្ពាធឱ្យយើងតែប៉ុណ្ណោះ»។
អ្នកនិពន្ធរូបនេះលើកឡើងថា ការទទួលស្គាល់ល្បឿនរបស់ខ្លួនឯងក៏ជារឿងសំខាន់ដែរធ្វើឱ្យអ្នកដើរ បន្តដំណើរបានយូរ និងមិនងាយហត់ដូចការរត់តាមអ្នកដទៃ។
ជាមួយនឹងការសម្រេចគោលដៅបញ្ចប់សៀវភៅប្រលោមលោកទី ៤ អ្នកនាងចាន់រស្មីបានលើកឡើងថា៖ «ទីបំផុត ការដើរយឺតៗរបស់ខ្ញុំបានមកដល់គោលដៅហើយ។ សៀវភៅទីបួននេះគឺជាលទ្ធផលនៃការស្វែងរកបំណែកផ្គុំថ្មីដើម្បីបំពេញសិល្បៈនៃភាពស្រមើស្រមៃរបស់ខ្ញុំហើយក៏ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានដែលស្រឡាញ់សិល្បៈស្រមើស្រមៃមួយនេះផងដែរ»។
អ្នកនិពន្ធ ចាន់រស្មី ហៅ «កូនទន្សាយ» គឺជាអ្នកស្នងមរតកសរសេរប្រលោមលោកបន្ទាប់ពីម្ដាយដែលជាអ្នកនិពន្ធដ៏ល្បីល្បាញគឺអ្នកស្រី ម៉ៅ សំណាង រហស្សនាម«ទន្សាយ»។ អ្នកម្តាយតែងបន្តជំរុញទឹកចិត្តអ្នកនាងឱ្យសរសេររឿងបន្ថែមទៀតអំពីក្តីសង្ឃឹមសេចក្តីស្រឡាញ់ និងសេរីភាព។
រយៈពេល ៧ឆ្នាំមកហើយ អ្នកនាងបាននិពន្ធប្រលោមលោក ដោយក្នុងចិត្តតែងតែចងចាំសម្ដីរបស់អ្នកម្ដាយជានិច្ចថា៖«យើងមិនអាចកាន់កាំភ្លើងដើម្បីសង្គ្រោះពិភពលោកបានទេ ប៉ុន្តែយើងអាចកាន់ប៊ិកដើម្បីជួយសង្គមរបស់យើង»។
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រអ្នកនិពន្ធ www.maochanraksmey.com។
សម្រាប់ការទិញសៀវភៅអាចទំនាក់ទំនងលេខ ០៨៦៦៦៩៤២៤៕