ស្ថិតនៅឧទ្យានបៃតងខៀវស្រងាត់ដ៏ស្ងប់ស្ងាត់លាក់ខ្លួននៅចំកណ្តាលទីក្រុងផ្សារសួនម្លប់ «កសិកម្ម» នឹងរំលេចរូបរាងនៅថ្ងៃទី ៧ និង ៨ ខែកញ្ញា ស្វាគមន៍ប្រិយមិត្តអ្នកទស្សនាស្វែងយល់ពីទីផ្សារបន្លែផ្លែឈើស្រស់ជី ដំណាំ និងរុក្ខជាតិជាច្រើនប្រភេទ នៅតំបន់បឹងទំពុន។
អ្នកដើរទិញឥវ៉ាន់អាចរីករាយនឹងបរិយាកាសស្ងប់ស្ងាត់ក្រោមម្លប់ដើមឈើខ្ពស់ៗឬសម្រាកនៅលើវាលស្មៅ។ សួនម្លប់ មានប្លង់ថតរូបស្អាតៗច្រើន រួមទាំងវីឡាខ្មែរក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតងផ្លូវដើរខ្វាត់ខ្វែងព័ទ្ធដោយរុក្ខជាតិយ៉ាងត្រជាក់ភ្នែក វាលស្មៅធំទូលាយនិងអាងហែលច្នៃទៅជាកន្លែងដាំផ្កាព្រលិតលំចង់ដ៏ស្រស់ស្អាត។
ផ្សារសួនម្លប់ ពោរពេញដោយអ្នកលក់ និងអ្នកទិញដែលភាគច្រើនជាជនបរទេស បង្កើតបានបរិយាកាសដ៏រស់រវើក។
សហការរៀបចំដោយ Pteah Chas ដែលជាសហគមន៍ច្នៃប្រឌិតផ្សារសួនម្លប់ «កសិកម្ម» ផ្តោតលើការលើកកម្ពស់កសិកម្មក្នុងស្រុកនិងនិរន្តរភាព។
លោក ហែម ច័ន្ទសុភ័ក្ត្រ ស្ថាបនិក Pteah Chas បានឱ្យដឹងថា ផ្សារសួនម្លប់ «កសិកម្ម»មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងគាំទ្រកសិកម្មប្រកបដោយនិរន្តរភាព។
លោកបានប្រាប់ SR News ថា៖ «អ្នកចូលរួមអាចរំពឹងថា នឹងមានការដាក់តាំងលក់ផលិតផលកសិកម្មក្នុងស្រុកមានលក្ខណៈនិរន្តរភាព ចាប់ពីផលិតផលស្រស់រហូតដល់រុក្ខជាតិក្នុងផ្ទះ និងផលិតផលការថែរក្សាស្បែកពីរុក្ខជាតិ»។
លោក សុភ័ក្ត្រ មានបទពិសោធន៍រៀបចំទីផ្សារឥតដំបូលជាច្រើនកន្លែង រួមទាំងទីផ្សារលើអគារផ្ទះចាស់របស់លោកដើម្បីលើកកម្ពស់អាជីវកម្មរុក្ខជាតិ កសិកម្ម សិប្បកម្ម និងសិល្បៈជាដើម។
ផ្សារសួនម្លប់ «កសិកម្ម» ត្រូវបានរៀបចំឡើងជាលើកទី៣ ដោយកន្លងមកមានអាជីវករប្រមាណ ៥០ រួមទាំងអាជីវកម្មខ្នាតតូចនិងមធ្យម។
លោក សុភ័ក្ត្របានឱ្យដឹងថា៖ «យើងរំពឹងថានឹងទាក់ទាញអ្នកចូលរួមជាង ២៥០០ ដោយកន្លងមកភាគច្រើនជាជនបរទេសក្រុមគ្រួសារ និងមនុស្សវ័យជំទង់»។
ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះគឺការសម្ដែងតន្ត្រីផ្ទាល់ដែលបង្កើតបរិយាកាសរីករាយនិងទាក់ទាញសម្រាប់អ្នកទស្សនាវ័យក្មេង។ ក្រុមសិល្បៈ Khmer Art Action នឹងសម្ដែងរបាំប្រពៃណីខ្មែរ បង្ហាញពីទេវកថា ផ្សារភ្ជាប់ឈុតឆាកសារៈសំខាន់នៃកិច្ចការពារបរិស្ថាន។
បន្ថែមពីលើការទិញទំនិញ និងការកម្សាន្ត ទីផ្សារម្លប់ក៏មានសិក្ខាសាលា និងការពិភាក្សាជាក្រុមលើប្រធានបទប្រកបដោយនិរន្តរភាព។អ្នកចូលរួមអាចរៀនអំពីជីកំប៉ុសក្នុងផ្ទះ និងការដាំផ្កាអ័រគីដេ ក្នុងចំណោមមុខវិជ្ជាផ្សេងៗទៀត។
លោក សុភ័ក្ត្រ គ្រោងនឹងបន្តការរៀបចំកម្មវិធីផ្សារ«កសិកម្ម» និងផ្សារឥតដំបូលផ្ដោតលើប្រធានបទខុសៗគ្នាពីនិរន្តរភាពនាពេលអនាគត ដើម្បីផ្តល់បទពិសោធន៍ផ្សេងៗដល់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេស និងភ្ញៀវទេសចរ។
សួនម្លប់ ទីតាំងនៅសង្កាត់បឹងទំពុន ចម្ងាយ៣០០ម៉ែត្រ ខាងលិចផ្លូវ ២៧១។ ផ្សារសួនម្លប់ «កសិកម្ម» នឹងបើកជាស្វាគមន៍ភ្ញៀវឥតគិតថ្លៃចាប់ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច នៅថ្ងៃទី ៧ និង ៨ ខែកញ្ញា។ ការសម្តែងសិល្បៈខ្មែរនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៥កន្លះល្ងាច ដល់ ៧យប់ នៅលើវាលស្មៅខាងក្រោយ។សំបុត្រនឹងមានក្នុងពេលឆាប់ៗនេះ៕