បរទេស៖ កាសែត Straits Times បានរាយការណ៍ថាបុរសរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Parlindungan Siregar អាយុ 45 ឆ្នាំបានសម្លាប់អ្នកជិតខាងរបស់គាត់ឈ្មោះ Asgim Irianto អាយុ60 ឆ្នាំ ដែលជាមន្ត្រីរាជការចូលនិវត្តន៍ជាមួយនឹងដុំឈើដោយសារការសួរដេញដោលញឹកញាប់ពេកថា ហេតុអ្វីបានជាគាត់មិនទាន់រៀបការ។ ដែលហេតុការណ៍នេះបានកើតឡើងនៅ Tapanuli Selatan ភាគខាងជើងកោះស៊ូម៉ាត្រាវេលាម៉ោងប្រហែលម៉ោង 8 យប់ថ្ងៃទី 29 ខែកក្កដា។
ជំនួយការស្នងការប៉ូលីស Maria Marpaung បាននិយាយនៅថ្ងៃទី 31 ខែកក្កដាថា ជនរងគ្រោះ លោក Irianto បានព្យាយាមរត់គេចចេញពីឃាតក Siregar ដែលបានវាយប្រហារគាត់ ប៉ុន្តែគាត់បានដួលបន្ទាប់ពី ត្រូវបានវាយត្រូវក្បាល។ Siregar ក៏បានបន្តវាយ Irianto ហើយក៍មានអ្នកជិតខាងជួយអន្តរាគមន៍ភ្លាមៗផងដែរ។អ្នកជិតខាងបាននាំលោក Irianto ទៅកាន់មណ្ឌលសុខភាពក្នុងតំបន់ប៉ុន្តែគាត់បានស្លាប់នៅតាមផ្លូវ។
អ្នកស្រី Marpaungបាននិយាយថា Siregar ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយបានសារភាពថា រូបគេបានរៀបចំផែនការសម្លាប់អ្នកជិតខាងរបស់គាត់ពិតមែន។ នាងបានបន្ថែមថា៖ « Siregar បានប្ដេជ្ញាចិត្តថានឹងវាយលោក Asgim Irianto ឲ្យស្លាប់ដោយសារតែការតិះដៀលញឹកញាប់អំពីស្ថានភាពនៅលីវរបស់គាត់»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Parlindungan Siregar ត្រូវបានចាប់ខ្លួនក្នុងរយៈពេលមួយម៉ោងក្រោយពីការវាយប្រហារ។ ក្នុងអំឡុងពេលសាកសួរ Siregar បានប្រាប់ប៉ូលីសថាគាត់ប្តេជ្ញាចិត្តវាយ Asgim Irianto ឱ្យស្លាប់ព្រោះគាត់ឈឺចាប់ដោយសារបុរសវ័យ 60 ឆ្នាំរូបនេះតែងតែសួរដេញដោលញឹកញាប់ អំពីការដែលគាត់មិនទាន់រៀបការ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍បន្តទៀតថាមុនពេលមានការវាយប្រហារ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកគ្នាខ្លាំងៗ ផងដែរតែដោយសារតែមានការសម្របសម្រួលពីអ្នកជិតខាងអ្នកទាំងពីរក៍ចូលផ្ទះរៀងៗខ្លួន៕