សឹ្ទងត្រែង:ចង្កឹះធាងទ្រាំងបានមានវត្តមាននៅលើទីផ្សារយូរលង់ណាស់មកហើយ តាមរយៈការខិតខំប្រឹងប្រែងពីមន្ទីរកិច្ចការនារីខេត្ត ទទួលបន្ទុកមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដែលបានផ្សព្វផ្សាយលក់និងដំណើរការនៃការផលិតជាង១១ឆ្នាំមកហើយ។
ដើមឡើយ នៅក្នុងមូលដ្ឋានក្នុងភូមិមនឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ សម្បូរដើមទ្រាំងដែលប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាច្នៃធ្វើចង្កឹះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្តោះ។
ដោយមើលឃើញដូច្នេះហើយ ទើបមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផ្ដួចផ្ដើមគំនិតរកចំណូលបន្ថែមជូនប្រជាពលរដ្ឋស្របពេល ខណៈដែលវត្ថុធាតុដើមសម្បូរស្រាប់។ការចងក្រងជាក្រុមអ្នកផលិតចង្កឹះធាងទ្រាំងនេះធ្វើឡើងនៅឆ្នាំ ២០១៣។
អ្នកស្រី ប៉ាន បញ្ជារ៉ា ជាអនុប្រធានមន្ទីរកិច្ចការនារីខេត្តបានប្រាប់ SR News ថា៖ «ដើម្បីអាចឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានមុខរបរបន្ទាប់បន្សំបន្ថែមទៀតក្រៅពីការងារស្រែចម្ការ ទើបខាងមជ្ឈមណ្ឌលយើងខ្ញុំបានបង្កើតជាក្រុមដែលមានសមាជិក១០នាក់ភាគច្រើនសុទ្ធតែជាមនុស្សចាស់»។
បន្ទាប់ពីបង្កើតក្រុមសិប្បកម្មធ្វើចង្កឹះធាងទ្រាំងបានហើយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីក៏បានផ្សព្វផ្សាយនិងជួយរកទីផ្សារជូនពួកគាត់រហូតដល់ពេលបច្ចុប្បន្នដែលមានរយៈពេលជាង ១១ឆ្នាំមកហើយ។
អ្នកស្រី បញ្ជារ៉ា បានបញ្ជាក់ថា ចង្កឹះធាងទ្រាំងមាន ២ប្រភេទគឺចង្កឹះមូល និងចង្កឹះជ្រុង។ ការជ្រើសរើសធាងទ្រាំងដែលល្អសម្រាប់ធ្វើជាចង្កឹះជាធាងតាយសាក (ធាងទ្រាំងដែលចាស់ល្អ ស្ងួត សម្បុរខ្មៅ និងក្រឡាស្អា។ ការកាត់ត្រូវធ្វើឡើងដោយរណារឱ្យស្មើមុខល្អប្រវែង២៦សង់ទីម៉ែត្រ ទើបយកបំណែកធាងមកច្រៀកជា ចម្រៀកៗទំហំ ១ សង់ទីម៉ែត្រ ដោយវាស់ជាមួយនឹងពុម្ពឈើ។
បន្ទាប់មក ចម្រៀកធាងទ្រាំងដែលបានច្រៀករួចត្រូវយកមកវាស់កំណត់បណ្ដោយប្រវែង១០សង់ទីម៉ែត្ររួចបិតឲ្យគល់ចង្កឹះធំ និងតូចស្ដួចនៅខាងចុង។នៅខាងដើមចង្កឹះមានអង្កត់ផ្ចិត០,៧ សង់ទីម៉ែត្រ និងចុងចង្កឹះមានអង្កត់ផ្ចិត០,៥សង់ទីម៉ែត្រ។ ចង្កឹះដែលត្រូវខ្នាតហើយ ត្រូវយកទៅខាត់រំលីងឱ្យរលោងស្អាតល្អដោយប្រើក្រដាសខាត់ម៉ដ្ឋរួចវេចខ្ចប់ក្នុងមួយបាច់មាន១០គូ។
អនុប្រធានមន្ទីរកិច្ចការនារីខេត្តអ្នកស្រី បញ្ជារ៉ា បានបន្តទៀតថា៖ «សមាជិកក្នុងក្រុមមានប្រមាណ១០នាក់ហើយក្នុងម្នាក់ៗអាចបិតចង្កឹះបាន៥ដុំក្នុង១ថ្ងៃ ហើយសព្វថ្ងៃនេះពួកគាត់ក៏ផលិតជាលក្ខណ:គ្រួសារផងដែរ។ចំពោះចង្កឹះ១ដុំមានតម្លៃ ៧០០០៛ មានចំនួន១០គូចំពោះតម្លៃបោះដុំវិញមួយដុំតម្លៃ៦០០០៛»។
អ្នកស្រីបានបន្ថែមទៀតថាចំពោះការលក់លើទីផ្សារវិញ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីជាអ្នកទទួលទិញ ក៏ដូចជាផ្តល់ជាបច្ចេកទេសសម្របសម្រួល និងរកទីផ្សារជូនប្រជាពលរដ្ឋ។
រាល់ផលិតផលសម្រេចទាំងអស់ក៏ត្រូវបានស្ដុករក្សាទុកដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែង ដែលជាទីតាំងចែកចាយលក់បន្តទាំងក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសផងដែរ។
អតិថិជនដែលបានជាវយកទៅប្រើប្រាស់រួចហើយភាគច្រើនពួកគាត់បានទទួលស្គាល់ទាំងគុណភាព និងតម្លៃ ជាមួយការគុណភាពប្រើបានយូរជាងចង្កឹះជ័រនិងឫស្សី។
ការធ្វើចង្កឹះនេះគឺ បិតដោយដៃសុទ្ធសាធមិនមានការប្រើប្រាស់ម៉ាស៊ីននោះទេ ទាំងសម្ភារៈ និងឧបករណ៍ក្នុង ផលិតមានដូចជា កាំបិតបន្ទោះ រណារក្រដាសខាត់ ពុម្ពវាស់ខ្នាត ខ្សែម៉ែត្រ និងវត្ថុធាតុជាធាងទ្រាំង។
ប៉ុន្តែសព្វថ្ងៃវត្ថុធាតុដើមដ៏សំខាន់នេះកាន់តែខ្សត់ពុំសម្បូរដូចមុន ដោយសារតែការកាប់ឆ្ការព្រៃយកដីធ្វើចម្ការ។
ដូច្នេះហើយ អ្នកស្រី បញ្ជារ៉ា ជំរុញឲ្យអាជ្ងាធរជួយអភិរក្សដើមទ្រាំងកុំឱ្យបាត់បង់។ទន្ទឹមនឹងនោះការបន្តរកទីផ្សារនិងផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ដឹងពីគុណតម្លៃនៃចង្កឹះកែច្នៃដោយដៃរបស់ប្រជាពលរដ្ឋពិតជាសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរ។
ក្រៅពីធ្វើជាចង្កឹះ ដើមទ្រាំងក៏មានប្រយោជន៍ជាច្រើនដែលអាចយកមកកែច្នៃដូចមានវែកឆា វែកជ្រួយបាយ កញ្ច្រែង ទ្រូ ឈើច្រត់ និងឈ្នាង។ សម្រាប់សឹ្លកទ្រាំង គេអាចយកមកត្បាញជាស្លឹកប្រក់ផ្ទះ កន្ទេល មួក កាបូប កន្ត្រក និងអាចយកមកចារជាក្បួនច្បាប់ផ្សេងៗ។
ព័ត៌មានបន្ថែមពី ចង្កឹះធាងទ្រាំងសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ៨៤២ ៥៩១៕