ភ្នំពេញៈលោក នាង ធី ប្រធានក្រុមស្រាវជ្រាវ និងអភិរក្សដីគោកបានឱ្យដឹងថាប្រជាពលរដ្ឋខ្មែរតែងតែ គិតថា អ្នកដែលត្រូវពស់ចឹក នោះជាតិពិសរបស់សត្វពស់នឹងជ្រាបចូលទៅក្នុងខ្លួនជាមិនខាន ប៉ុន្តែការពិត ពេលសត្វពស់ពិសចឹកមិនប្រាកដថា វាសុទ្ធតែបញ្ចេញពិសទាំងអស់នោះដែរ។
«ពស់ចឹក១០ដងជួនកាលមិនទាន់បញ្ចេញពិសម្ដងនោះទេ ទាល់តែវាមានបំណង ទើបវាបញ្ចេញពិសហើយការចឹកហ្នឹងដែរ គឺអាស្រ័យនៅពេលដែលវាចឹកតិច ឬខាំជាប់នៅមួយសន្ទុះហើយវាបញ្ចូលពិសតាមហ្នឹងដែរ»។នេះជាបញ្ជាក់របស់ លោក នាង ធី
លោកបន្ថែមថា ពស់ខាំ ឬចឹកអាចមានពិសឬមិនមានពិស និងមានពិសខ្លាំង ឬខ្សោយ វាអាស្រ័យលើប្រភេទនៃសត្វពស់ដែលចឹកនោះហើយវាក៏ជាប់ទាក់ទងនឹងសុខភាពរបស់អ្នកដែលត្រូវពស់ចឹកផងដែរដែលរោគសញ្ញាមានដូចជា ហើម ស្ពឹក ឈឺចុកចាប់ ងងុយដេក មានស្នាមតូចចំនួនពីររាងមូលពណ៌ ក្រហមនៅមិនឆ្ងាយពីគ្នា ដែលសន្មត់ថាជាស្នាមធ្មេញរបស់ពស់ពេលខាំ ឬចឹក។
ជារៀងរាល់ឆ្នាំ ពស់ចឹកឬពស់ខាំមនុស្ស មានជាច្រើនករណី ជាពិសេសនៅតាមទីជនបទ និងព្រៃភ្នំជាដើមដែលស្ថានភាពនៃពស់ចឹកនេះ ត្រូវបានប្រធានក្រុមស្រាវជ្រាវពន្យល់ថា បើមិនមានការរំខាន សត្វពស់នឹងមិនវាយប្រហារមកលើមនុស្សដោយឯកឯងនោះទេប៉ុន្តែសត្វពស់គិតថា បើវាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ មានការរំខានមានអ្នកចង់ចាប់វា ឬដើរជាន់វាដោយចៃដន្យនោះ ពស់នឹងធ្វើការចឹកតែម្តងដើម្បីការពារខ្លួន។
ទាក់ទិនវិធីសង្គ្រោះបឋមនៅពេលមានពស់ចឹកអ្នកស្រាវជ្រាវសត្វពស់ បានរៀបរាប់ប្រាប់សារព័ត៌មាន អេសអ័រ (SR) ថា៖«ពេលពស់ពិសចឹកដៃឬជើង យើងមិនត្រូវរត់នោះទេ ព្រោះវាធ្វើឱ្យឈាមរត់កាន់តែលឿនមកកាន់បេះដូងធ្វើឱ្យគ្រោះថ្នាក់កាន់ខ្លាំង យើងត្រូវរកខ្សែឬកៅស៊ូចងទប់ៗវាសិនទៅ តែមិនត្រូវចងតឹងពេកនោះទេចងល្មមៗដែលយើងសូកម្រាមដៃចូលបាន នេះជាការរារាំងពិសពស់ចូលទាំងស្រុង១០០ភាគរយហើយត្រូវបញ្ជូនអ្នកជម្ងឺមកកាន់មន្ទីរពេទ្យដែលនៅជិតបំផុតដែលមានជំនាញឱ្យបានលឿន ជាជាងរត់ទៅរកគ្រូខ្មែរ ហើយមួយទៀតតាមការយល់ឃើញរបស់ខ្ញុំ យើងមិនគួរបឺតពិសពស់ផ្ទាល់មាត់ទេ វាមិនមានប្រសិទ្ធភាពនោះទេ ព្រោះពិសពស់វារត់ទៅតាមសរសៃឈាមចូលទៅក្នុងបេះដូង យើងមិនអាចបឺតវាចេញមកក្រៅបានឡើយ»៕