ទេសចរណ៍

ណាត់គ្នាទៅបាត់ដំបងខែវិច្ឆិកា មហោស្រព សៀក ទីនេះ ទីនោះ របស់ហ្វារ ដឹងតែអស្ចារ្យជាមួយសិល្បករ ១២ ប្រទេស

September 3, 2024
August Stella
Heading
Option 1

មហោស្រពសៀកអន្តរជាតិ​ ទីនេះ ទីនោះ នឹង​វិលត្រឡប់​សាជាថ្មី​ក្នុង​ខែ​វិច្ឆិកាដែល​នឹង​ក្លាយជា​ព្រឹត្តិការ​ដ៏​ធំពុំ​ធ្លាប់មាន ជាមួយ​វត្តមានក្រុមសៀក​ជាតិ និង​អន្តរជាតិ ១៤​​ក្រុម និង​អ្នក​ចូលរួម​ប្រមាណ ១១០០០​នាក់​មក​កាន់​ទឹកដី​ខេត្តបាត់ដំបង។

ហ្វារពន្លឺសិល្បៈ​បាន​ឱ្យ​ដឹង​ក្នុងសេចក្ដីប្រកាស​របស់ខ្លួនថាមហោស្រព​សៀកអន្តរជាតិ ទីនេះ ទីនោះ លើកទី​១២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤។

មហោស្រព​សៀក​រយៈពេល ​១​សប្ដាហ៍​នេះ​​នឹង​រួមបញ្ចូល​សិក្ខាសាលា ការផ្លាស់ប្តូរការពិភាក្សា​របស់​សិល្ប​ករ ការសម្តែង​សៀក​ពេលយប់ការសម្តែង​នៅ​ទូទាំង​ខេត្តបាត់ដំបង ក្បួន​ដង្ហែ​តាម​ដងផ្លូវ​សៀក និង​ការប្រគំតន្ត្រី​បិទ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ការសម្តែង​សៀក​ពេលយប់​​មិន​ត្រឹមតែ​ស្ថិតក្រោម​កំពូលរោង​សៀក​​ដ៏​ធំ​ប៉ុណ្ណោះ​ទេប៉ុន្តែ​នៅបរិវេណ​សាលា​ហ្វារ​ និង​​តាម​​​ទីប្រជុំជនសាធារណៈ ជាមួយ​​​ក្បួន​ដង្ហែសៀក​ឆ្លងកាត់​ទីប្រជុំជន​ប្រវត្តិសាស្ត្រ​នៃ​ខេត្តបាត់ដំបងនៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា​នេះ ដែល​ប្រិយមិត្ត​​មិនគួរ​រំលង​ឡើយ​។អ្នកចូលរួម​ក៏​នឹង​ទទួលបាន​ទស្សនីយភាព​ដ៏​អស្ចារ្យ​ជាមួយ​សិល្បករ​ Oliver Zimmerman ដែលលោក​នឹង​​ដើរលើខ្សែពួរ​ឆ្លង​កាត់​ដងស្ទឹង​សង្កែ​។​

​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ​យប់​ចុងក្រោយ​នៃ​មហោស្រព​នៅ​ខេត្ត​​បាត់ដំបង ​ពិធីជប់លៀង​​អបអរសាទរ​ខួប​លើក​ទី៣០​ នៃ​ហ្វារ​ពន្លឺ​សិល្បៈ​នឹងពោរពេញដោយ​​អាហារនិង​ភេសជ្ជៈ​សម្រាប់​អ្នក​រាល់គ្នា​នៅក្នុង​សហគមន៍​មូលដ្ឋាន ​​ជាមួយ​មិត្តភក្តិនិង​ក្រុមគ្រួសារ​របស់ហ្វារ​មក​ពី​ជុំវិញ​ពិភពលោករួមទាំង​ការសម្តែង​តន្ត្រី​ពិសេស​ដោយ​សិល្បករ វណ្ណថាន​ និង​មិត្តភក្តិ​ផង​ដែរ។

ដោយប្រារព្ធ​ធ្វើ​រៀងរាល់​​ ២ ​ឆ្នាំ​ម្ដង ឆ្នាំ​នេះ​មហោស្រព​សៀក​មាន​សិល្បករ​មក​ពី​ចំនួន ១២ ប្រទេស​ចូលរួម​សម្ដែង​​ដូចជា បារាំង អាល្លឺម៉ង់ អូស្ត្រាលី ឥណ្ឌា ហ្គីណេ វៀតណាម កូរ៉េខាងត្បូង ថៃ និងឡាវ សម្ដែង​នៅបរិវេណ​សាលាហ្វារ​ពន្លឺ​សិល្បៈ និង​ជុំវិញ​ក្រុងបាត់ដំបង។

​លោក Osman Khwaja នាយកប្រតិបត្តិ​នៃ​ហ្វារពន្លឺ​សិល្បៈ បាន​ចាត់ទុក​​មហោស្រព​សៀក​អន្តរជាតិទីនេះ ទីនោះ លើក​នេះ​ថា​ជា​​​ព្រឹត្តិការណ៍​នៃការ​ងចាំមួយ។

លោក​បាន​​ឱ្យដឹង​ទៀត​ថា៖ «កម្មវិធីនេះ​តែង​តែ​ប្រមូលផ្ដុំ​អ្នកចូលរួម​មក​ពី​ជុំវិញពិភពលោក​ដើម្បីអបអរ​សិល្បៈ​សៀកទំនាក់ទំនង​ក្រុម​បណ្ដាញ​នានា និង​ដើម្បី​ផ្លាស់ប្ដូរ​ការ​រៀនសូត្រ​​ពីគ្នា​ទៅវិញ​ទៅមក។ហើយ​ជា​ការ​ពិត​ណាស់ សម្រាប់ទស្សនិកជន​តែង​តែទទួលបានភាព​សប្បាយរីករាយ»។

មហោស្រពសៀកអន្តរជាតិ​ ទីនេះ ទីនោះ​មានគោលបំណង​នាំ​យក​ពិភព​សៀក​ដ៏អស្ចារ្យ​មក​កាន់កម្ពុជាដើម្បី​ផ្ដល់​ភាពសប្បាយ​​រីករាយ​ដល់​ទស្សនិកជន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ក៏ដូចជា​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​និង​សិល្បៈ​ដ៏សម្បូរ​បែប​របស់​ទឹកដី​ខេត្តបាត់ដំបង។

លោក ឃួន ដេត សហស្ថាបនិក​ហ្វារពន្លឺសិល្បៈនិង​ជានាយកសាលាជំនាញសិល្បៈ​ទស្សនីយភាព​ហ្វារ​ពន្លឺសិល្បៈ​ បាន​ចាត់ទុក​សៀក​​មានសារៈ​សំខាន់ក្នុង​​ការ​កំណត់អត្តសញ្ញាណ​នៃ​ប្រទេស​មួយ​និង​ជា​គឺ​ជាផ្នែកមួយ​ដ៏សំខាន់​នៃ​មរតក​វប្បធម៌​ខ្មែរ​ដែល​យើង​គួរ​តែ​មាន​មោទនភាព​ក្នុងការ​បង្ហាញ​ទៅ​កាន់ពិភពលោក​ទាំង​មូល។

លោក​បាន​លើកឡើង​ថា៖ «ជាមួយ ទីនេះ ទីនោះ យើងមានមោទនភាព​ក្នុង​ការ​ផ្ទេរ​ចំណេះដឹង​សិល្បៈ​សៀក​ដល់​យុវជន​កម្ពុជានិង​អន្តរជាតិ​ជំនាន់ក្រោយ។មហាស្រព​នេះ​តំណាង​ឱ្យ​អ្វីៗ​គ្រប់យ៉ាង​ដែល​សៀក​បាន​ផ្ដល់​នូវ​រួមមាន កម្លាំង​ការ​ធ្វើ​ការងារ​ជាក្រុម ភាព​បត់​បែន ការ​ស្រមើលស្រមៃ និង​ជាការពិតណាស់ ភាព​សប្បាយ​រីករាយ»។

តស់! កក់​សណ្ឋាគារ ផ្ទះ​ស្នាក់​​សម្រាប់ខែ​វិច្ឆិកា ដើម្បី​ទស្សនា​​មហោស្រពសៀកទីនោះ ទីនោះ ក៏ដូចជា​​គាំទ្រ​ការ​បង្កើត​ស្នាដៃ​សៀក​ លើកស្ទួយ​​វប្បធម៌ខ្មែរ​​សម្រាប់​ទីផ្សារ​សៀកពិភពនិង​ជា​ពិសេស​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខេត្ត​បាត់ដំបង ដែល​ជា​តំបន់​ទេសចរណ៍​វប្បធម៌​និង​សិល្បៈទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​ផងដែរ​៕​​

អត្ថបទពេញនិយម

«កីឡាលើទឹកក្បាលឆាយ» ទីជិះទូកកាត់ទឹកធ្លាក់ព្រឺព្រួច ងូតទឹកត្រជាក់កាយ អមដោយធម្មជាតិស្រស់បំព្រង

យកក្រោលគោបង្រៀនសិស្ស រហូតបង្កើតជាសាលាសហគមន៍ បង្រៀនសិស្សមិនយកប្រាក់

Nvidia ប្រគល់តំណែងជើងឯកជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកទៅ Microsoft

«ភ្នំទឹកធំ» ឈរកណ្តាលទឹក ស្អាតខ្លាំងក្នុងរដូវវស្សា ជាប់ព្រំដែនវៀតណាម

ពិធីសែននំចាំង មានអត្ថន័យដូចម្តេច? សែនបែបណាទើប ត្រឹមត្រូវ?