ជីវិត និង សង្គម

អ្នកស្ម័គ្រចិត្តជិត ៣០០ នាក់ នឹងចុះតាមសហគមន៍ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឥតគិតថ្លៃដល់សត្វសុនខនៅ ៣ ខេត្ត-ក្រុង

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញ​៖ ឆ្លើយ​តប​នឹង​តួរលេខ​​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​​នៅកម្ពុជា​យុទ្ធនាការ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួតឥតគិតថ្លៃ​ នឹងធ្វើឡើងចំពោះ​សត្វ​សុខន​នៅ រាជធានី​​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តបាត់ដំបង​ ចាប់ពីថ្ងៃទី ២១ តុលា ដល់​ថ្ងៃទី ១ ​វិច្ឆិកា ២០២៤​។

ក្រុម​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ប្រមាណ​ជិត ៣០០នាក់ នឹង​ទៅដល់​តាម​សហគមន៍​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដែល​នេះ​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ជីវិត​មនុស្ស និង​សត្វ​​ពី​ជំងឺ​ឆ្កែឆ្កួត​។

​​លោក Keiichiro Tazawa មន្ត្រី​គម្រោង​អន្តរជាតិ​នៃ​អង្គ​ការផ្តល់សេវា​បសុពេទ្យ​អន្តរជាតិ​បាន​ប្រាប់​សារព័ត៌មាន SR News ថា​៖ «​ឆ្នាំនេះ យើង​កំពុងធ្វើការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វអង្គការ​​​សង្គ្រោះ​​​សត្វ​កម្ពុជា និង​សាកលវិទ្យាល័យ​ក្នុងស្រុក ដើម្បី​ចាក់​វ៉ាក់សាំង​លើស​ត្វ​ឆ្កែ​ជាង ៧០% នៃ​ចំនួន​សត្វ​ឆ្កែ​ទាំងអស់​នៅក្នុង​ខេត្ត​ចំនួន ៣ គឺ​រាជធានី​ភ្នំពេញ បាត់ដំបងនិង​កណ្តាល»​។

លោកបាន​បន្ត​ទៀត​ថា៖ «យើង​មាន​ក្រុមមនុស្ស​ចំនួន២៨៧ នាក់​ដែល​ដើរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដោយ​ឥតគិតថ្លៃ​ដល់​សត្វ​ឆ្កែ​ទាំងអស់​ដែល​ពួកគេ​ជួបប្រទះ​»​។​​

​យុទ្ធនាការ​នេះ​ក៏ត្រូវ​បាន​បញ្ចូលក្នុង​​ផែនការ​នៃ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​សម្រាប់​ការគ្រប់គ្រងនិង​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា ដែល​ត្រូវ​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វនិង​ផលិតកម្ម​សត្វ (GDAHP) និង​អង្គការ​បេសកកម្ម​ជំងឺ​ឆ្កែឆ្កួត ជា​គម្រោង​របស់​អង្គការ​សប្បុរសធម៌​បសុពេទ្យ​អន្តរជាតិនិង​អង្គការ​ស​ង្ក្រោះ​សត្វ​នៅ​កម្ពុជា​ផងដែរ​។​

យោង​តាមអង្គការ​សុខភាពពិភពលោក ជំងឺ​ឆ្កែឆ្កួត​បានសម្លាប់​មនុស្ស​ប្រហែល ៥៩០០០ នាក់ ​នៅ​ទូ​ទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ។ នៅកម្ពុជា​ជំងឺ​ឆ្កែ​ឆ្កួត​បាន​ឆក់​យកជីវិត​មនុស្សប្រមាណ ៨១០ នាក់​ក្នុង​មួយឆ្នាំធ្វើឱ្យ​​ប្រទេស​នេះ​មានអត្រា​ស្លាប់​ខ្ពស់។ នេះបើយោង​តាម​អង្គការ​បេសកកម្ម​ជំងឺ​ឆ្កែឆ្កួត (Mission Rabies)។

​មន្ត្រី​គម្រោង​អន្តរជាតិ​នៃ​អង្គ​ការផ្តល់សេវា​បសុពេទ្យ​អន្តរជាតិ​ឆ្កែខាំ គឺជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​ឆ្កែឆ្កួត​ចំពោះ​មនុស្ស​។ តាម​ការប៉ាន់ស្មាន​នៅ​​កម្ពុជា មនុស្ស​ជាង ៣០ម៉ឺន​នាក់​ត្រូវបាន​ឆ្កែ​ខាំ​ជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​ទទួលបាន​ការព្យាបាល​ក្រោយពេល​ខាំ​នោះទេ​។

សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​នៅក្នុង​សត្វ​សុខន ឬ​ថនិកសត្វ​ផ្សេងទៀតមានដូចជា ​ខឹង​ម៉ួ​ម៉ៅ ការផ្លាស់ប្តូរ​ការ​ព្រុស ការ​ខាំ ចលនា​សកម្មភាព​ប្លែកៗ ការ​ហៀរ​ទឹកមាត់និង​ការស្លាប់​ដោយ​មិនបាន​រំពឹងទុក​។

បើ​សង្កេតឃើញ​អាកា​រៈទាំង​នេះសាធារណជន​ត្រូវបានស្នើ​ឱ្យ​រាយការណ៍​អំពី​សត្វ​ដែល​សង្ស័យថា​មាន​ជំងឺ​ឆ្កែ​ឆ្គួ​ត

ឬ​ទំនាក់ទំនង​ទៅកាន់​លេខ ១១៥ ដើម្បីទទួល​ការ​ផ្ដល់​​ដំបូន្មាន និង​ការប្រឹក្សាពី​សុខភាព​មនុស្ស​អំពី​ជំងឺ​ឆ្កែឆ្កួត​បាន។​

មន្ត្រី​គម្រោង​អន្តរជាតិ​រូបនេះ​បាន​លើកឡើងថាជំងឺ​ឆ្កែឆ្កួត គឺ ៩៥% នៃ​ករណី​កើតឡើង​នៅ​អាស៊ី និង​អាហ្វ្រិក​។ ទោះបី​ជាមាន​ភាព​ធ្ងន់ធ្ងរ​ក៏ដោយជំងឺ​ឆ្កែឆ្កួត​អាច​ការពារ​បាន ១០០% តាមរយៈ​ការការពារ​មុន​ការប៉ះពាល់ (PrEP) ឬ​ការការពារ​ក្រោយ​ការប៉ះពាល់ (PEP) ដែល​រួមមាន​ការលាង​មុខរបួសការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត និង immunoglobulin ជំងឺ​ឆ្កែឆ្កួត​។​

​យុទ្ធនាការ​ឆ្នាំ ២០២៤ ត្រូវបាន​​បន្ត​ពី​គម្រោង​កាល​ឆ្នាំ២០២៣ ដែល​កាលពី​ឆ្នាំមុន ​សត្វ​សុខន​ចំនួន ៧៤៩៨៣ ក្បាល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ក្នុងអំឡុងពេល​យុទ្ធនាការ​ត្រឹមតែ​រយៈពេល ១០ ថ្ងៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ធ្វើឱ្យ​មានការ​ប្រសើរឡើង​យ៉ាងខ្លាំងនៅក្នុង​ការគ្រប់គ្រង​ការ​ចម្លង​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា​។​

​យុទ្ធនាការ​នេះដែរ​មាន​អ្នកស្ម័គ្រចិត្ត​កម្ពុជានិង​អន្តរជាតិ ជា​ផ្នែក​មួយ​នៃ​ក្រុម​ចាក់​វ៉ាក់សាំង​ដោយផ្ទាល់​តែម្តង ដោយ​ក្នុងនោះ​មាន​និស្សិត​ពេទ្យសត្វ​ចូលរួម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្មនិង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​។

ដៃគូ​សំខាន់ៗ​ផ្សេង​ជាច្រើន​ទៀត រួមមាន វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ (NIPH) និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងក្រសួងសុខាភិបាល ដែល​បានផ្តល់​ថ្នាំ​បង្ការ​មុនពេល​ប៉ះពាល់​សត្វ​សុខន​ដល់​អ្នកស្ម័គ្រចិត្ត​ទាំងអស់និង​សមាគម​សុខុមាលភាព​ស​ត្វ​ភ្នំពេញ (PPAWS) ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (ARC) សម្រាប់​ការផ្តល់​ការព្យាបាល​សត្វ​។​

ក្រៅពីការចាក់វ៉ាក់សាំង​ឆ្កែឆ្កួត​ដល់សុនខឆ្នាំ​នេះ​ក៏​មាន​ការផ្តល់​ជូនប​ន្ថែ​ម​ទៀតនូវ​សេវា​គ្រៀវ​សត្វ​សុខន​ដោយ​ឥតគិតថ្លៃនៅទីតាំង​​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។

​លោក Keiichiro Tazawa បាន​ប្រាប់​បន្តថា​៖«​សេវាកម្ម​នេះ​សម្រាប់​សត្វ​សុខន​ដែល​មកពី​ខណ្ឌដង្កោនៅ​រាជធានី​ភ្នំពេញ ហើយនឹង​ចាប់ពី​ថ្ងៃទី ២១ ខែតុលា ដល់​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤»​។​

​​ការចាក់​ថ្នាំ​បង្ការធានាបាន​នូវ​​ការការពារ​ក្រោយ​ការប៉ះពាល់ និង​ត្រូវបាន​ចាត់​​ទុកថា​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ទប់ស្កាត់​ការស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​របស់​មនុស្សដោយ​ការពារ​ការចម្លង​ជំងឺ​ពី​ប្រភព​របស់​វា​។​

​ទំនាក់ទំនង​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​តាមរយៈទំព័រហ្វេសប៊ុក Mission Rabies Cambodia ឬតេ​លេ​ក្រាម +85510804176 https://t.me/missionrabiescambodia៕

អត្ថបទពេញនិយម

អតីតកូនអ្នកក្រគ្មានដីធ្វើស្រែ ប្រែជាអ្នកច្នៃអលង្ការពីគ្រាប់កាំភ្លើង មានការគាំទ្រទាំងក្នុង និងក្រៅស្រុក

តើគ្រឿងញៀនជាអ្វី និងមានប្រភពកំណើតមកពីណា?

ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ

ស្ត្រីមានជំងឺផ្លូវចិត្តឈានចូលកំរិតទី៣ ប្រាប់ពីគន្លឺះសំខាន់យកឈ្នះជម្ងឺមួយនេះ

ក្រូចឆ្មាជួយបំបាត់ក្លិនក្លៀក បានយ៉ាងមានប្រសិទ្ធភាព