ជីវិត និង សង្គម

សិតទៀនវស្សា ជាព្រះរាជពិធី និងជាទំនៀមរបស់ពុទ្ធបរិស័ទ មានសារៈសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈពិធី​សិតទៀនវស្សា គឺជា​ទំនៀម​របស់​ប្រជារាស្ត្រ​ពុទ្ធបរិស័ទ​ផងនិង​ជា​ព្រះរាជ​ពិធី​របស់ ព្រះរាជា​ផង ដែល​ទំនៀម​សិតទៀនវស្សា​នេះបានធ្វើ​ឡើងជា​យូរ​មកហើយ​ក្នុងប្រទេស​ខ្មែរ​។ នេះ​បើតាម​សៀវភៅ «​ព្រះ​រាជពិធី​ទ្វាទសមាស​» ចេញផ្សាយ​ក្នុង​ព​.​ស​. ២៥០៣​។

​លោក រឹម ទិ​ត្យ​បញ្ញាឧទ្ទេសាចារ្យ​ព្រះ​វិន័យ វត្ត​សំបួរមាស បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​ឌីជីថល SRឱ្យដឹងថា ពិធី​សិតទៀនវស្សា មានន័យថាជាការ​សិត​ដើម្បីឱ្យ​កើតចេញ​ជា​ទៀន ដែល​ពី​បុរាណ ពុទ្ធបរិស័ទ​តែងតែ​ជួបជុំគ្នាប្រមូល​ប្រេង ខ្លាញ់ត្រី ឬ​ក្រមួនឃ្មុំ ដើម្បី​ធ្វើជា​ទៀនវស្សា ប្រគេន​ដល់​ភិក្ខុសង្ឃ​គង់​ចាំ​វស្សា​រយៈពេល​បី​ខែដែល​សំដៅ​សម្រួល​ដល់​ការរស់នៅ និង​សិក្សា​រៀនសូត្រ​ធម៌​វិន័យនៅតាម​ទីវ​ត្ត​អារាម​នានា​។

​ឧទ្ទេសាចារ្យ​ព្រះ​វិន័យ​រូបនេះបញ្ជាក់​បន្ថែមថា ពិធី​សិតទៀនវស្សា ពុំមាន​ក្នុង​ព្រះពុទ្ធសាសនា​សកល​នោះទេគឺ​មានតែ​ក្នុង​ទំនៀម​ខ្មែរ​តែប៉ុណ្ណោះហើយ​ពិធី​សិតទៀនវស្សា​សម្រាប់​ពុទ្ធបរិស័ទ​ពុំមាន​កំណត់ពេល​វេលា​ឡើយប៉ុន្តែ​ចំពោះ​ព្រះ​រាជពិធី​សម្រាប់​ព្រះមហាក្សត្រ គឺមាន​ការកំណត់​កាល​វេលា​ច្បាស់លាស់។

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​ព្រះរាជ​ពិធី គឺ​ត្រូវ​បានកំណត់​ពេលវេលា យើង​ដឹងថា​មុន​១​សប្តាហ៍នៃ​ការចូល​ព្រះវស្សា សម្រាប់​រាជវាំង​ដែល​ធ្វើជា​រៀងរាល់ឆ្នាំប៉ុន្តែ​សម្រាប់​រាស្ត្រ​អត់​កំណត់​ទេ តែ​សម្រាប់​ខ្ញុំ​សង្កេតឃើញថាទំនៀម​ខ្លះ​នៅតាម​ជនបទ គឺ​គេ​កំណត់​ថ្ងៃ​ដោយ​ខ្លួនគេ មិន​ទៀង​ថា ១​សប្តាហ៍ ឬ២​សប្តាហ៍​មុន​ចូល​វស្សា​ទេ ស្រេច​តែ​លើ​វត្ត​កំណត់ បើ​វត្ត​កំណត់​យក​ថ្ងៃ​ចន្ទឬ​ថ្ងៃ​អង្គា​រ៍ នោះគេ​ប្រមូលគ្នា​ធ្វើ​ពិធី​សិត​ទៀន​ព្រះវស្សា ហែ​ទៅ​វត្ត​នោះ​»​។

ចំពោះ​ព្រះ​រាជពិធី​សិតទៀនវស្សា​ព្រះរាជ​ទ្រព្យក្នុង​ព្រះបរមរាជវាំងព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សេ្ត​ច​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុតក្នុង​ព្រះ​រាជពិធី​នេះ​។ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទានប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ពុទ្ធ​សីមា​នីមួយៗព្រមទាំង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​​។

​ការ​ដង្ហែ​ក្បួន​នៃ​ព្រះរាជា​ពិធី​នេះ មានសភាពតូច​ល្មមដោយ​វត្ត​ខាងក្រៅ​ក្រុង ហែ​ដោយ​រថយន្ត ចំណែក​វត្ត​ក្នុង​ក្រុង​ហែ​ដោយ​ថ្មើរជើងនិង​រថយន្ត ត្បិត​វត្ត​ទាំងនោះ​នៅ​ជិត​ព្រះបរមរាជវាំង​។​ ​គេ​យក​ទៀនវស្សា​ទាំងឡាយព្រមទាំង​គ្រឿង​បរិក្ខារ​ដាក់​លើ​សង្ឃឹកមាន​មនុស្ស​៤​នាក់​សែង និង​វង់ភ្លេង​ប្រគំ​អម​ដង្ហែ​ទៅ​។កាល​ហែ​ទៅដល់​វត្ត​ណា គេយក​ទៀនវស្សា​១​ទៅ​ដាក់​ក្នុង​ព្រះវិហារ​នោះចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ពុទ្ធរូប​, ចំណែកគ្រឿង​បរិក្ខារ​យកទៅ​តម្កល់​ក្នុង​ទី​សមគួរហើយ​ទូល​ព្រះគ្រូ​ចៅអធិការ​វត្ត​ឱ្យ​លោក​ចាត់ចែង​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​។

​ចំពោះ​ពិធី​សិតទៀនវស្សា​ទូទៅ​វិញប្រជាជន​ដែលមាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា តែង​នាំយក​នូវ​ទៀន ធូប សំពត់​សាដកភេសជ្ជៈ គ្រឿងឧបភោគ​បរិភោគ និង​របស់​ប្រើប្រាស់​ផ្សេងៗទៅ​ប្រគេន​ព្រះសង្ឃ​តាម​លទ្ធភាព ព្រោះ​វេលា​គង់​ចាំ​ព្រះវស្សា​នេះព្រះសង្ឃ​ពុំ​ចេញ​បិណ្ឌ​បាត្រ និង​ត្រូវ​សមាទានសីល​រយៈពេល ៣​ខែ​ក្នុង​វត្ត​អារាម​។

​ឧទ្ទេសាចារ្យ​ព្រះ​វិន័យ រឹម ទិ​ត្យ​បញ្ញាចាត់ទុក​ពិធី​សិតទៀនវស្សា​នេះ ពិត​មាន​សារៈសំខាន់​ណាស់ព្រោះ​ការ​ប្រារព្ធ​ពិធី​នេះ ប្រៀបដូចជា​ការថែរក្សា​អាយុ​ព្រះពុទ្ធសាសនាតាមរយៈ​ការផ្គត់ផ្គង់​ព្រះសង្ឃ នូវ​សម្ភារៈប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគស្រប​ពេលដែល​ព្រះសង្ឃ និង​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាងខ្លាំង​ក្នុងសង្គម​ខ្មែរ​តាំងពី​សម័យបុរាណមកដល់​ពេលបច្ចុប្បន្ន​។

​គួរ​បញ្ជាក់ថាព្រះ​រាជពិធី​សិតទៀនវស្សា ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយ​កំណត់​យក​ថ្ងៃ៨​កើត ខែ​ទុតិយាសាឍ ពោលគឺ​មុន​មួយ​សប្តាហ៍​នៃ​ពិធីបុណ្យ​ចូលកាន់​ព្រះវស្សាទៅតាម​បវេណី​មហាក្សត្រ និង​ព្រះពុទ្ធសាសនា​។ សម្រាប់​ពិធី​ចូលកាន់​ព្រះវស្សាតែងតែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ ១​រោច ខែអាសាឍ រហូតដល់​ថ្ងៃ ១៥​កើត ខែអស្សុជមាន​រយៈពេល​៣​ខែ​៕

អត្ថបទពេញនិយម

គន្លឹះខ្លះៗជួយឱ្យអ្នកត្រៀមខ្លួនបានល្អ ពេលទៅមើលសមរាត្រីនៅអង្គរវត្ត

ការញ៉ាំឈីសទាំងដុំៗច្រើនលើសកំណត់ នាំឱ្យអ្នកកើតជំងឺជាច្រើន

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី

ក្រូចឆ្មាជួយបំបាត់ក្លិនក្លៀក បានយ៉ាងមានប្រសិទ្ធភាព

លើសពីអំណាន មហោស្រពអក្សរសិល្ប៍ខ្មែរ នៅកំពង់ចាម មានទាំងសៀវភៅ និងសិល្បៈកម្សាន្តដល់យប់