ជីវិត និង សង្គម

ក្មេងស្រីជាច្រើនដែលត្រូវគេបំបរបង់នៅចិន ធ្វើដំណើរមកមាតុភូមិស្វែងរកសាវតាកំណើត

October 22, 2024
August Stella
Heading
Option 1

នៅក្នុង​ការស្វែងរក​អត្តសញ្ញាណ​ដ៏​គួរឱ្យ​សោកសង្រេង​កូនចិញ្ចឹម​ដើម​កំណើត​ជនជាតិ​ចិន​ដូចជា កញ្ញា LouleeWilson កំពុង​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញដោយ​ស្វែងរក​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អតីត​កាលដែល​បាន​​បាត់បង់​។

ជា​និស្សិត​មហាវិទ្យាល័យ​អាមេរិក​អាយុ១៩​ឆ្នាំ​ កញ្ញា Wilson ដើម​កំណើត​ចិន ត្រូវបានគេបំបរបង់ចោល​ និង​រើស​​​​យកទៅ​ចិញ្ចឹម​នៅ​ប្រទេស​ក្រៅ។ជោគវាសនា​​ដ៏អភ័ព្វ​​របស់​នា​ង​ ត្រូវ​បាន​​​​ជំរុញ​ដោយ​គោលនយោបាយ​គ្រួសារ​មួយកូន​ម្នាក់​ ​ដ៏​តឹងរ៉ឹង​​កាលពី​អតីតកាល​នៅប្រទេស​ចិន​។​

​​គោលនយោបាយ​ដែល​បានដាក់​ទណ្ឌកម្ម​គ្រួសារចំពោះការ​មានកូន​លើស​កំណត់ត្រូវបាន​អនុវត្ត​យ៉ាងតឹងរឹង​​​រហូតដល់​ចុងឆ្នាំ ២០១៦។ គោលនយោបាយ​នេះ ​បាន​នាំឱ្យ​កុមារ​ចិន​ជាង៨២០០០ នាក់​ត្រូវបាន​យកទៅ​ចិញ្ចឹម​នៅ​សហរដ្ឋ​អាមេរិក​ចាប់តាំងពី​ឆ្នាំ ១៩៩៩ដោយ​ក្នុង​នោះ​ភាគច្រើន​គឺ​ជា​ក្មេងស្រី ដោយសារតែផ្នត់គំនិត​គ្រួសារ​ និង​​​វប្បធម៌​​ចាក់ឫស​ដ៏​ជ្រៅ​នៅ​ចិននិយម​​កូនប្រុស។

នៅពេលដែល​កូនចិញ្ចឹម​ទាំងនោះ​ធំ​ពេញវ័យ​ពួកគេ​​មានគំនិត​ចង់​ដឹងអត្តសញ្ញាណ​ដើម​របស់ខ្លួន និង​ចង់​បាន​​​ការ​ជួបជុំ​​ជាមួយ​គ្រួសារឪពុកម្ដាយ​បង្កើត​របស់​ពួកគេ។តម្រូវ​ការ​ផ្លូវ​ចិត្ត​ និង​ដំណើរ​ស្វែង​រក​សាវតា​ឫសគល់​របស់ពួកគេត្រូវ​បាន​ឆ្លើយ​តប​តាម​រយៈ​សេវាកម្ម​សម្របសម្រួល​ដោយ​អង្គការ​នានា​​ដូចជា អង្គការ​ឫសគល់​នៃ​សេចក្តីស្រឡាញ់(The Roots of Love)​ ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ម្តាយចិញ្ចឹម​របស់កញ្ញា​Loulee គឺលោកស្រី​ Corinne Wilson។​

​ការស្វែងរក​ក្រុមគ្រួសារ​បង្កើត​​​មាន​ភាព​លំបាកណាស់ដោយសារ​តែ​​កំណត់ត្រា​ឯកសារ​​ដែល​មិន​គួរឱ្យ​ទុកចិត្ត បញ្ហា​ឧបសគ្គ​ភាសានិង​សហគមន៍ចិន​​ដែល​ស្ទាក់ស្ទើរក្នុង​ការ​សើរើ​នូវ​​​ប្រវត្តិ​ដ៏​ឈឺចាប់​ពីអតីតកាល។

គោលនយោបាយ «កូន​តែមួយ»ជារឿយៗ​អនុញ្ញាតឱ្យគ្រួសារ​មួយ​អាច​បង្កើត​​កូន​ទី​ពីរ ប្រសិនបើ​កូន​ទីមួយ​ជា​​ ​ស្រី​។យ៉ាងណាក៏ដោយ ការអនុវត្ត​ច្បាប់​គឺ​តឹងរ៉ឹង ដោយ​មានការ​គំរាម​រុះរើ​ផ្ទះនិង​ការផាកពិន័យ​ហួសហេតុ​។​​

លោក ​Yi Enqing ដែលសព្វថ្ងៃមាន​​អាយុ៥៧ ឆ្នាំ​ គឺ​ជាជាង​ឈើ​ធ្លាប់បាន​បោះបង់ចោល​កូនស្រី​កាល​ពីប្រមាណ ៣០​ឆ្នាំមុន។

លោក​ជា​ជនជាតិ​ចិន​​ម្នាក់ដែល​ចង់បាន​ការជួប​ជុំគ្រួសារសាច់សារលោហិត​​កូនបង្កើត​វិញ បើ​ទោះបីជាលោក​​មានការ​ភ័យខ្លាចថាកូនស្រីមិនព្រមទទួលស្គាល់​រូបលោក។

នៅក្នុង​ភូមិ​មួយប្តី​ប្រពន្ធ​មួយគូ​កំពុង​ផ្តល់​គំរូ DNA ដោយ​សង្ឃឹមថា ពួកគេ​នឹង​រក​ឃើញ​កូនស្រី​ដែល​ពួកគេ​បាន​បង្ខំ​ចិត្ត​បែក​​​ក្នុង​ឆ្នាំ១៩៩០។​​

អង្គការ​​ឫសគល់​នៃ​សេចក្តីស្រឡាញ់បានជួយស្វែង​រក​កូន និង​ឪពុកម្ដាយ​បង្កើត​ ដោយ​​បញ្ជូនគម្រូ​ DNA ទៅកាន់​មន្ទីរពិសោធន៍​ដើម្បីធ្វើការ​ផ្គូរផ្គង​។

ជាលទ្ធផល មាន​​គ្រួសារ​ខ្លះ​បាន​រកឃើញ​កូន​ស្រី​ដែល​បានបែកគ្នាតួយ៉ាងដូចជា​ការជួប​ជុំគ្នា​រវាង​​ក្មេងស្រី​ភ្លោះ​មួយគូ​ជាមួយ​ម្តាយបង្កើត​របស់​ពួកគេ​ក្រោយពី​បែកគ្នា​ជាង​២០​ឆ្នាំ។ការ​ជួបជុំ​ឪពុកម្ដាយ​បង្កើត​ និង​រឿងរ៉ាវ​បំបរបង់​កូន បាន​បន្សល់​នូវ​​​ភាពជូរចត់​អារម្មណ៍វិលវល់​​ស្មុគស្មាញ​ ពាក់ព័ន្ធ​​​នឹងបញ្ហា​​អត្តសញ្ញាណនិង​ការរើសអើង​ជាតិ​សាសន៍​។​​

​អ្នកជំនាញ​ដូចជាGrace Newton និង Cassidy Sack បាន​គូសបញ្ជាក់​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ដែល​កូនចិញ្ចឹម​ត្រូវ​ប្រឈមមុខដែលជា​រឿយៗ​ប្រឈម​នឹង​ភាពមិន​ចុះសម្រុង​ខាង​វប្បធម៌និង​ការបាត់បង់​មរតក​កំណើត​របស់​ពួកគេ​។

គោលនយោបាយ​កូន​តែមួយដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​ឆ្នាំ ១៩៧៩ ដើម្បី​គ្រប់គ្រង​កំណើន​ប្រជាជនចិន​ត្រូវបាន​គេ​រិះគន់​ថា​ជា​​វិធីសាស្ត្រ​ធ្ងន់ធ្ងរនិងផ្ដល់​​ផលប៉ះពាល់​ផ្លូវចិត្ត​យូរអង្វែង​លើ​គ្រួសារ​​។​​

​នៅពេលដែល​អត្រាកំណើត​របស់​ប្រទេស​ចិន​ធ្លាក់ចុះកេរដំណែល​នៃ​គោលនយោបាយកូនមួយ​​នេះ ​នៅតែ​បន្សល់ទុកបញ្ហា​​​​​មួយ​ជំនាន់ ​ដើម្បី​ផ្សះផ្សា​ជាមួយនឹង​ផលវិបាក​របស់​វា​។

សម្រាប់កញ្ញា ​Loulee Wilson នាង​នៅ​តែ​​មាន​​បំណងប្រាថ្នា​ស្វែង​រកដើម​កំណើត​របស់ខ្លួន​​និង​​ចង់​បង្ហាញ​​ការ​ដឹង​​គុណ​របស់​នាង​សម្រាប់​ជីវិត​ដែល​ពោរពេញ​ទៅដោយ​សុភមង្គល​និង​សុខភាពល្អ​​ជាមួយ​ឪពុកម្តាយ​ចិន​​ដែល​នាង​មិនទាន់បាន​ជួប​នៅឡើយ​៕​

អត្ថបទពេញនិយម

សហគមន៍ព្រៃធំពពេល ទាក់ទាញភ្ញៀវទេសចរដើរផ្សងព្រេង សិក្សាពីជីវចម្រុះ

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤

ការងារចំនួន៥ ដែលមានទីផ្សារ សម្រាប់យុវជននៅសម័យឌីជីថល

មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍

តើប្លាស្ទិក បង្កបញ្ហាអ្វីខ្លះដល់បរិស្ថាន ធម្មជាតិ សត្វ និងមនុស្ស?