ដោយយកឃ្លាជាគោលថា «ជួបខ្ញុំនៅទីឥតដែនកំណត់» (Meet Me Where Anything Can Be Everything) សិល្បការិនីពីររូបបានសហការគ្នារំលេចស្នាដៃគំនូរ៧០ ផ្ទាំង ដែលតំណាងឱ្យឱកាសឆ្លុះបញ្ចាំង ស្វែងយល់អបអរសោភ័ណភាពនៃជីវិតនិងការផ្លាស់ប្ដូរឥតឈប់ឈរ។
កម្រងស្នាដៃប្រភេទគំនូរ Surrealism និងគំនូរសហសម័យរបស់អ្នកទាំងពីរកំពុងដាក់តាំងបង្ហាញនៅវិចិត្រសាលនៃសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
សិល្បការិនី ដាលីយ៉ា ភិរុណ និង វត្តី តាន់បានរកឃើញពិភពសិល្បៈសហសម័យដ៏រស់រវើករបស់កម្ពុជានៅពេល ដែលអ្នកទាំងពីររួមកម្លាំងគ្នាបង្កើតកម្រងស្នាដៃ «ជួបខ្ញុំនៅទីឥតដែនកំណត់» នេះឡើង។
កើតនៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៥ ដាលីយ៉ា ភិរុណ ជាវិចិត្រករសម័យថ្មីមួយរូបដែលមានចិត្តស្រឡាញ់ប្រភេទគំនូរ Surrealismជាទម្រង់សិល្បៈសតវត្សរ៍ទី២០។ សិល្បៈ Surrealism ផ្ដោតលើការគូររំលេចរូបរាងមនុស្សវត្ថុឬរុក្ខជាតិដូចទម្រង់ពិតតែមានបង្កប់អត្ថន័យ បទពិសោធន៍ការស្រមើសម្រៃតំណាងឱ្យផ្នត់គំនិតអ្វីមួយដែលសិល្បករចង់ប្រាប់ទៅកាន់ទស្សនិកជន។
បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិចិត្រសិល្បៈពីសាកលវិទ្យាល័យសិល្បៈនៅទីក្រុង Philadelphia ដាលីយ៉ាត្រូវបានទទួលស្គាល់ជាសិល្បការិនីអន្តរជាតិមួយរូប។ស្នាដៃរបស់នាងត្រូវបានគេស្គាល់តាមរយៈការច្របាច់បញ្ចូលរវាងការពិតនិងការស្រមើលស្រមៃដែលជារឿយៗធ្វើឱ្យអ្នកទស្សនាឆ្លុះបញ្ចាំងពីអាថ៌កំបាំងជីវិត។
សម្រាប់ពិព័រណ៍ «ជួបខ្ញុំនៅទីឥតដែនកំណត់» នាងបានប្រើជក់ប្រែក្លាយវត្ថុប្រចាំថ្ងៃទៅជានិមិត្តរូបនៃគំនិតអារម្មណ៍សុបិន និងថាមពលអរូបីជុំវិញពិភពលោក។
សិល្បការិនីវត្តីតាន់ កើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៩២និងធ្លាប់បញ្ចេញស្នាដៃធ្វើក្នុងទម្រង់ផ្សេងៗដូចជាទម្រង់សិល្បៈដំឡើងរូបគំនូរអរូបី និងចម្លាក់ជាដើម។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនស្នាដៃសិល្បៈរបស់វត្តី ត្រូវបានបញ្ចូលជាមួយអារម្មណ៍ «ចង់ដឹងចង់ឃើញ» លាយឡំជាមួយអត្ថន័យបែបលេងសើចក្នុងការបរិយាយភាពស្មុគស្មាញនៃជីវិត។
វត្ថីធ្លាប់បានចូលរួមក្នុងការតាំងពិព័រណ៍អន្តរជាតិដោយផ្តោតលើប្រធានបទការផ្លាស់ប្តូរការរីកចម្រើន និងចលនានៃជីវិត។
ដាលីយ៉ានិងវត្តី បានធ្វើការក្នុងស្ទូឌីយោរួមគ្នាដើម្បីលើកទឹកចិត្តគ្នាឱ្យគ្នាទៅវិញទៅមកក្នុងកំឡុងពេលបង្កើតស្នាដៃដើម្បីសម្រាប់ការដាក់តាំងពិព័រណ៍នេះ។
ការតាំងពិព័រណ៍«ជួបខ្ញុំនៅទីឥតដែនកំណត់» ស្វាគមន៍សាធារណជន ២៤ ម៉ោង និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២៤នៅវិចិត្រសាល ជាន់ទី ៣៥ សណ្ឋាគាររ៉ូសវូដ ភ្នំពេញ៕