ជាមួយសក់ពណ៌ម្ទេសទុំ ខោអាវក៏លេងពណ៌ឆើត សិល្បការិនី យ៉ាយ៉ូអី គូសាម៉ា(Yayoi Kusama) បាននិយាយពេលសម្លឹងមើលទីក្រុងញូវយ៉កដែលជាមជ្ឈមណ្ឌលនៃសិល្បៈសហសម័យ ពីអគារ Empire State ថា៖ «ខ្ញុំនឹងសោយរាជនៅក្រុងញូវយ៉ក!»។
សិល្បការិនីវ័យ ៩៥ ឆ្នាំ ដែលចេញពីជប៉ុនមកទីក្រុង Seattle ក្នុងឆ្នាំ ១៩៥៨ បានសន្យាខ្លួននឹងឯងថា នាងនឹងកាន់កាប់ពិភពសិល្បៈ។
កើតក្នុងឆ្នាំ ១៩២៩ គូសាម៉ា បានធ្វើឱ្យមនុស្សម្នាស្រឡាំងកាំងតាមរយៈការប្រើប្រាស់រូបភាពមមីមមើដែលរំខាននាងតាំងពីកុមារភាព រំលេចទៅជារូបចម្លាក់និងផ្ទាំងគំនូរក្រវេមក្រវាម ហើយមានរង្វង់ស្នាមអុជៗជាអត្តសញ្ញាណរបស់ខ្លួន។
ដោយសុខភាពមិនល្អ ធ្លាក់ខ្លួនឈឺ នាងធ្លាប់បានត្រលប់ទៅប្រទេសជប៉ុនវិញនៅឆ្នាំ ១៩៧៣ ដើម្បីសាកល្បងសាងកេរ្តិ៍ឈ្មោះ និងលក់ស្នាដៃរបស់ខ្លួន។
មនុស្សជាច្រើនតែងតែមានការគិតចំពោះអ្នកសិល្បៈថាជាមនុស្សធ្វើកិច្ចការចេញពីបេះដូង និងមិនចាប់អារម្មណ៍ចង់បានលុយ។ ប៉ុន្តែ គូសាម៉ា ខុសពីគេដោយនាងធ្លាប់ទាំងប្រើទូរស័ព្ទសាធារណៈតេស្វែងរកអ្នកទិញស្នាដៃរបស់នាង។
នៅពេលអាយុ ៦៤ឆ្នាំហើយ ទើបសិល្បការិនី គូសាម៉ា បានបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងឆ្នាំ ១៩៨៣ នៅឯមហោស្រពពិព័រណ៍សិល្បៈ Venice Biennale ដែលគេប្រដូចទៅនឹង «អូឡាំពិកនៃសិល្បៈ» នៅទីក្រុងវេនិក ប្រទេសអ៊ីគតាលី។
ចាប់ពីពេលនោះមក គូសាម៉ា ត្រូវបានគេអញ្ជើញដោយស្ថាប័ននានាទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យរៀបចំតាំងពិព័រណ៍ទោលជាហូរហែ។ដំណើរទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីនរបស់ គូសាម៉ា បានទាក់ទាញអ្នកទស្សនាសរុបចំនួន២ លាននាក់ដែលធ្វើឱ្យវាក្លាយជាពិព័រណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៤។
បច្ចុប្បន្ននេះ ការតាំងពិព័រណ៍ទោលរបស់ គូសាម៉ា ទ្រង់ទ្រាយធំកំពុងដំណើរការនៅប្រទេសព័រទុយហ្គាល់។
ស្នាដៃសិល្បៈជាច្រើនរបស់នាងរួមមានរូបលិង្គតូចៗផុសច្រូងច្រាងល្ពៅ និងផ្កាពណ៌ឆើតៗ ហើយមានស្នាមអុជៗដែលពេញនិយមសម្រាប់មនុស្សគ្រប់វ័យមកថតរូប និងចែករំលែកតាមបណ្ដាញសង្គម៕
ប្រភព៖ Asia News Network/The Japan News