ភ្នំពេញៈពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០០៤ដល់ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៤គឺជាគម្រប់ខួប២០ព្រះវស្សានៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា។
នាឱកាសនេះសារព័ត៌មានអេសអ័រ(SRNews) សូមលើកយកជីវប្រវត្តិសង្ខេបនិងការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គដូចតទៅ៖
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុ ព្រះរាជបិតានិង សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុព្រះរាជមាតាជាតិខ្មែរព្រះអង្គទ្រង់ប្រសូតនាថ្ងៃទី១៤ខែឧសភាឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដមសីហនុ និងសម្តេចព្រះមហាក្សត្រីនរោត្ដមមុនីនាថ សីហនុ។ព្រះអង្គមានព្រះអនុជមួយព្រះអង្គព្រះនាម នរោត្ដមនរិន្ទ្រពង្ស(សោយទិវង្គតនៅឆ្នាំ២០០៣)។
នៅឆ្នាំ១៩៥៩ដល់១៩៦២ព្រះអង្គទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម,វិទ្យាល័យដេកាត(សាលាបារាំងដ៏ល្បីល្បាញនៅសម័យនោះ)នៅរាជធានីភ្នំពេញ។
នៅឆ្នាំ១៩៦២ដល់ ១៩៦៧ព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក(Prague)ប្រទេសឆេកូស្លូវ៉ាគី។
នៅឆ្នាំ១៩៦៧ដល់ ១៩៧១ស្ថិតនៅក្នុងប្រទេសឆេកូស្លូវ៉ាគីព្រះអង្គបានចូលរៀនផ្នែកសិល្បៈរបាំ តូរ្យតន្ត្រីល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ។
នៅឆ្នាំ១៩៧០ ព្រះអង្គបានសិក្សានៅមធ្យមសិក្សាប័ត្រនៅប្រាគដោយទទួលបាននិទ្ទេសល្អណាស់។
នៅឆ្នាំ១៩៧១ព្រះអង្គបានទទួលជ័យលាភីលេខ១ផ្នែករបាំបុរាណនៅវិទ្យាស្ថានអភិរក្សជាតិប្រាគ។
នៅឆ្នាំ១៩៧១ ដល់១៩៧៥ព្រះអង្គបានសិក្សានៅសកលវិទ្យាល័យបណ្ឌិតសភា ផ្នែកសិល្បៈតន្ត្រីប្រាគ។
នៅឆ្នាំ១៩៧៥ ព្រះអង្គបានសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ។
នៅឆ្នាំ១៩៧៥ព្រះអង្គ បានព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈនិងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា។
នៅឆ្នាំ១៩៧៥-១៩៧៦ព្រះអង្គបានចាកចេញពីទីក្រុងប្រ៉ាកដោយបន្តទៅសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកភាពយន្តនៅប្រទេសកូរ៉េខាងជើង។
នៅឆ្នាំ១៩៧៧ ដល់១៩៧៩ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនិងស្ថិតក្នុងការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវរាជបិតានិងព្រះវររាជមាតានិងព្រះអនុជសម្តេចនរោត្តមនរិន្ទ្រៈពង្សនៅក្នុងព្រះបរមរាជវាំង។
នៅឆ្នាំ១៩៧៩ព្រះអង្គបានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំងជាមួយព្រះបិតាព្រះមាតា។
នៅឆ្នាំ១៩៧៩ ដល់១៩៨០ ព្រះអង្គបានធ្វើជាព្រះលេខាផ្ទាល់របស់ព្រះវររាជបិតាក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន។
នៅឆ្នាំ១៩៨១ ដល់២០០០ ព្រះអង្គបានយាងទៅកាន់ទីក្រុងប៉ារីសនិងធ្វើជាសាស្ត្រាចារ្យផ្នែករបាំបុរាណនិងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្សMARIUSPETIPA, GABRIEL FAURE និងW.A.MOZARTនៅក្រុងប៉ារីស។
នៅឆ្នាំ១៩៨៤ដល់ ១៩៨៨ព្រះអង្គ ធ្វើជាប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំងនិងជាអគ្គនាយកនិងជានាយកសិល្បៈនៃក្រុមរបាំបាលេ“DEVA”
នៅឆ្នាំ១៩៨៨ ដល់១៩៩៣ ព្រះអង្គធ្វើជាអគ្គនាយកនិងជានាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្ត“ខេមរាភាពយន្ត”ក្នុងនោះទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីររឿងទី១.”សុបិន្ត”និងទី២.“ធាតុទាំង៤”។
នៅឆ្នាំ១៩៩២-១៩៩៣ព្រះអង្គ ត្រូវជ្រើសតាំងជាឯកច្ឆន្ទជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
នៅឆ្នាំ១៩៩៣-២០០៤ព្រះអង្គត្រូវបានតែងតាំងជាព្រះរាជប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំងជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញនិងភក្តីភាពចំពោះវប្បធម៌កម្ពុជា។
នៅឆ្នាំ២០០៤ ព្រះអង្គបានក្លាយជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង
នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ១៩៩៤ព្រះអង្គ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរម្យងារជាសម្តេចក្រុមឃុន
នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០០៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ថ្ងៃទី៣១ ខែសីហាឆ្នាំ២០០៤ព្រះអង្គ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជាសម្តេចព្រះបរមនាថ
នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០០៤ព្រះអង្គត្រូវបានជ្រើសតាំងឲ្យឡើងសោយរាជ្យដោយសមាជិកទាំង៩រូបនៃក្រុមប្រឹក្សារាជសម្បតិ្តក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទនរោត្តមសីហនុ ព្រះបិតារបស់ព្រះអង្គ។
នៅថ្ងៃសុក្រទី២៩ខែតុលា ឆ្នាំ២០០៤សម្តេចព្រះបរមនាថនរោត្តម សីហមុនីទ្រង់ឡើងគ្រងរាជសម្បត្តិជាផ្លូវការ។
នៅខែធ្នូឆ្នាំ២០១៤ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីត្រូវបានអង្គការអន្តរជាតិផ្នែកព្រះពុទ្ធសាសនាថ្វាយព្រះរាជបរមងារ«ព្រះស្រីលោកធម្មិករាជ»ក្នុងមហាសន្និបាតព្រះពុទ្ធសាសនាពិភពលោកលើកទី៦៕