កីឡាករជើងខ្លាំងមានរហស្សនាម «នាគខ្មៅ» ឈឿង ល្វៃបានស្នើឱ្យកីឡាករ កីឡាការិនីកម្ពុជា ជាពិសេសក្រុមអត្តពលិកជម្រើសជាតិប្រដាល់គុនខ្មែរគួរណាស់ចុះទៅសិក្សាបន្ថែមពីសាវតារ ខ្លឹមសារ និងប្រវត្តិពិតនៃចម្លាក់ក្បាច់គុនបុរាណខ្មែរដែលបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប។
ការលើកឡើងបែបនេះរបស់ ឈឿង ល្វៃ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគេ រួមជាមួយកីឡាករ លន បញ្ញា កីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនី ឆា ចាន់ដេងរួមទាំងក្រុមគុនល្បក្កតោ បានចុះទៅមើលដោយផ្ទាល់ពីសាវតារនិងប្រវត្តិក្បាច់គុនបុរាណខ្មែរ នៅលើជញ្ជាំងប្រាសាទនានា ក្នុងតំបន់អង្គរក្នុងកម្មវិធី «ដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ»ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៧ ដល់ទី២៩ ខែសីហា ឆ្នាំ២០២៤។
បើទោះបីជា ឈឿង ល្វៃមានបច្ចេកទេសប្រកួតល្អនិងមានជំនាញអាចផ្តួលដៃគូប្រកួតឱ្យសន្លប់ទាំងការប្រើកណ្តាប់ដៃ ជង្គង់ ទាត់ជាពិសេសការប្រើក្បាច់កែងប៉ុន្តែកីឡាករជម្រើសជាតិប្រដាល់គុនខ្មែររូបនេះ បានអះអាងថាការចុះទៅស្វែងយល់បន្ថែមពីចម្លាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាសាទក្នុងតំបន់អង្គរ វាជារឿងចាំចាប់ ចំពោះកីឡាករ កីឡាការិនីកម្ពុជាគ្រប់រូបជាពិសេសក្រុមជម្រើសជាតិប្រដាល់គុនខ្មែរតែម្តង។
ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឈឿង ល្វៃ បានឱ្យដឹងថាតាមរយៈដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរនៅខេត្តសៀមរាបនេះ បានធ្វើឱ្យរូបគេមានការយល់ដឹងកាន់តែច្រើនពីអត្ថន័យពិតនៃចម្លាក់ក្បាច់គុនបុរាណខ្មែរហើយរូបគេ នឹងយកចំណេះដឹងទាំងនេះ ទៅពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមក៏ដូចជាចែករំលែកបទពិសោធន៍នេះទៅដល់អ្នកជំនាន់ក្រោយ៕