ជីវិត និង សង្គម

មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

បាត់ដំបង៖សហគមន៍ចិញ្ចឹមមាន់ស្រែនៅក្នុងស្រុកសំឡូត បានចងក្រងអ្នកចិញ្ចឹមមាន់ (មាន់ស្រែ) តាមបែបធម្មជាតិដើម្បីបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ឱ្យទទួលបានទិន្នផលល្អ មានទីផ្សារនិងងាយស្រួលក្នុងការផ្គត់ផ្គង់។  

លោក ឈៀង ឈន មន្ត្រីគម្រោងនៃអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍ (ហៅថា ស៊ី អូ ស៊ី ឌី)បានប្រាប់សារព័ត៌មាន SR Digital Media ថា សហគមន៍ចិញ្ចឹមមាន់ បង្កើតឡើងនៅខែមិនាឆ្នាំ២០២៤ ក្រោមគំនិត​ផ្ដួចផ្ដើមនិងជំនួយថវិកា និងបច្ចេកទេសពីអង្គការកម្ពុជា​ដើម្បីកុមារ និងការអភិវឌ្ឍ និង​អង្គការ​ CWS​ Globalក្នុងគោលបំណងដើម្បីចរចាទីផ្សារ និងពង្រីកឱកាសទីផ្សារចិញ្ចឹមមាន់របស់កសិករ ដើម្បីលើកកម្ពស់គុណភាពកសិផលឬផលិតផលរបស់កសិករអ្នកចិញ្ចឹមមាន់ តាមរយៈការ​បង្រៀនពីបច្ចេកទេស​នៃការ​ថែទាំមាន់ចាក់វ៉ាក់សាំងឬថ្នាំបង្ការ និងការផ្ដល់ចំណីជាដើមដល់សមាជិកសហគមន៍។

រូបថត៖ រដ្ឋបាលឃុំតាតោក

លោក​បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅឃុំតាតោកនិងឃុំកំពង់ល្ពៅនៃស្រុកសំឡូតនេះ គឺដាច់ស្រយាលតិច អ៊ីចឹងឈ្មួញដែលដើរទិញមាន់ ពិបាកចូលមកទិញជួនកាលឈ្មួញទៅទិញតែម្ដង លែងទៅទៀតហើយ  ព្រោះវាឆ្ងាយពេក ហើយទាល់តែមានមាន់ច្រើនលក់ទើបគេចូលទិញតែពេលមានសហគមន៍បែបនេះ ​ប្រជាពលរដ្ឋ​នៅទីនេះងាយស្រួលយក​មាន់ទៅលក់ ណាមួយ​ឈ្មួញ​ដែលរកទិញមាន់ស្រែ​គេអាចមកទិញបានតាមតម្រូវការ​ ​មិនចាំបាច់​ដើររក​ទិញតាមផ្ទះ​ មករក​តែ​សហគមន៍​​មកបានហើយចង់បាន​ចំនួន​ប៉ុន្មាន​ក្នុងមួយថ្ងៃ ឬប៉ុន្មានមួយខែ​ គឺសហគមន៍អាច​ប្រមូលឱ្យបាន ក្រៅពីនេះសហគមន៍ក៏រកទីផ្សារផ្សេងទៀតដែរដូចជារកឈ្មួញក្នុងស្រុក អាហារដ្ឋាន ភោជនីដ្ឋាននានា ដែលមានតម្រូវការមាន់ស្រែ»។

រូបថត៖ រដ្ឋបាលឃុំតាតោក

មាន់ស្រែ គឺជាសំដៅដល់មាន់ដែលចិញ្ចឹមតាមបែបធម្មជាតិដោយប្រលែងឱ្យស៊ីចំណីនៅជុំវិញផ្ទះ ហើយការចិញ្ចឹមបែបនេះ ដើម្បីទទួលបានគុណភាពសាច់ល្អក៏ត្រូវមានការបណ្តុះបណ្តាលផងដែរ ដូចជាការផ្តល់ចំណីលក្ខណៈធម្មជាតិនិងការថែទាំសុខភាពមាន់ ជាពិសេសការចាក់វ៉ាក់សាំងការពារជំងឺសម្រាប់កូនមាន់ ឬពេលមាន់មានជំងឺអ្នកចិញ្ចឹមត្រូវដឹងពីវិធីព្យាបាល?

រូបថត៖ រដ្ឋបាលឃុំតាតោក

នាពេលបច្ចុប្បន្ននេះ សហគមន៍មាន់ស្រែនេះមានសមាជិកចំនួន២៥គ្រួសារ ដែលមកពី ឃុំកំពង់ល្ពៅ និងឃុំតាតោក ៣ទីតាំង នៃស្រុកសំឡូតខេត្តបាត់ដំបង។ សហគមន៍ប្រមូលមាន់ពីសមាជិក ដោយលក់ចេញក្នុងតម្លៃ ១៤០០០៛ ទៅ ១៦០០០៛ក្នុងមួយគីឡូសម្រាប់មាន់រស់ និងមាន់ដែលសម្អាតរួចមានតម្លៃ ២ម៉ឺន ទៅ២ម៉ឺន៤ពាន់រៀល»។

សមាជិកសហគមន៍ចិញ្ចឹមមាន់ស្រែនៃឃុំតាតោក អ្នកស្រីទិត សារាត់ បានឱ្យដឹងថា អ្នកស្រីបានចូលជាសមាជិកសហគមន៍បានរយៈពេលប្រមាណជិត៤ខែ​ ដោយអ្នកស្រីទទួលបានចំណេះដឹងជាច្រើនពីអ្នកជំនាញនៃអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍ ស្តីពីបច្ចេកទេសចិញ្ចឹមថែទាំ និងការដាក់ចំណី​តាមបែបធម្មជាតិ​ដូចជា ដើមចេក កន្ទក់ ស្រូវ ផ្ទីស្លឹកបាស់​ជាដើម ដែលពុំមានផ្ដល់នូវចំណីគីមី​អ្វីនោះទេ ដោយ​បច្ចុប្បន្ននេះ អ្នកស្រីមានមាន់ចិញ្ចឹមប្រមាណ​ជាង៨០​ក្បាល»។

ស្ត្រី​វ័យ ៣៩ឆ្នាំ​រូបនេះ​ បន្ថែមថា៖ «​ខ្ញុំសប្បាយចិត្តណាស់ដល់ពេលមានសហគមន៍អ៊ីចឹងទៅ​វា​ងាយ​ស្រួល​ ពេលណាកុន​​លុយអី​ចាប់១ ឬ២ក្បាល ទៅលក់នៅ​ផ្ទះសហគមន៍គ្រាន់ដោះទាល់ដែរ ហើយ​វាបាន​មួយគីឡូ ១៦០០០៛ដែរ»។ ​

រូបថត៖ រដ្ឋបាលឃុំតាតោក

នាពេលអនាគត​ អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍ និងអង្គការ CWS Globalមានគម្រោងក្នុងការពង្រីកសហគមន៍ចិញ្ចឹមមាន់នេះឱ្យកាន់ទូលំទូលាយទៅ​កាន់​ភូមិឃុំ​ស្រុក​​ដែល​ដាច់ស្រយាល​​ផ្សេង​ទៀត ក៏ដូចជាបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាបច្ចេកទេស​ក្នុង​ការដាំបន្លែ ​ការ​ចិញ្ចឹម​ជ្រូក​ពូជ ផងដែរ។ ទំនាក់ទំនងលេខទូរសព្ទសហគមន៍ចិញ្ចឹមមាន់៖ ០៦៩ ៩៦៦ ៨៤៩ឬ ០១៧ ៣០៤ ៤៥៩៕

អត្ថបទពេញនិយម

សារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកលើប្រទេសកម្ពុជា

Elon Musk៖ បេសកកម្មដំបូងនៅភពអង្គារគ្រោងធ្វើនៅពីរឆ្នាំទៀត

ប្រវត្តិ និងស្នាដៃ ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ

មកស្គាល់ប្រវត្តិ នារីចល័តចរ អ្នកផលិតមាតិកាទេសចរណ៍ ក្លាហានរុករកតំបន់លាក់ខ្លួនស្អាតៗផ្សព្វផ្សាយពីកម្ពុជា

គុណវិបត្តិនៃការបង្អត់អាហារ (fasting) មិនបានត្រឹមត្រូវ