សេដ្ឋកិច្ច

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមាន ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន ៨៥ កន្លែងឯណោះ។

October 31, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ក្រសួងបរិស្ថាននាំវិស័យឯកជនទៅ​ទស្សនកិច្ចស្វែងយល់​​​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនៅ​​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​ន​រោ​ត្ដម​ភ្នំ​គូលែន​

យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​សៀមរាប៖ ក្រុមការងារ​អនុវត្ត​របស់​គម្រោង«​និរន្តរភាព​តំបន់​ទេសភាពនិង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា» បានរៀបចំ​ទស្សនកិច្ចសម្រាប់​វិស័យ​ឯកជនទៅកាន់​គោលដៅ​លម្ហែ​បៃតងនៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​ន​រោ​ត្ដម ភ្នំ​គូលែន​»​ជាទី​ដែល​ក្រសួងបរិស្ថាន​បានរៀបចំ​ជា​​សហគមន៍​ ដើម្បី​គោលដៅ​​និរន្តរភាពនិង​ការ​អភិរក្ស​​ធម្មជាតិ​​​ក្នុង​​តំបន់​អេកូទេសចរណ៍​ប្រវត្តិសាស្ត្រ​។ 

យោង​តាម​លោក ឃិន ម៉េង​ឃាងប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ នៃ​អគ្គនាយកដ្ឋាន​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន គម្រោង«​និរន្តរភាព​តំបន់​ទេសភាពនិង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា» ដែល​ហៅ​កាត់​ថា CSLEP បានធ្វើ​​​ដំណើរ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៥ ខែតុលា ដោយ​​​​ទទួលបាន​ការគាំទ្រ​ពី​ធនាគារពិភពលោក។

លោក​បាន​ប្រាប់​សារព័ត៌មាន SR ឱ្យដឹងថា​៖ «​​យើង​បាន​អញ្ជើញ​តំណាង​ក្រសួង​ស្ថាន​ប័ន​ពាក់ព័ន្ធវិស័យ​​​​ឯកជន​ជាច្រើន ​ដែល​គាត់​ធ្វើ​ធុរកិច្ច​ទេសចរណ៍ដើម្បី​ស្វែងយល់​តំបន់​ទាក់ទាញ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​ន​រោ​ត្ដម«​ភ្នំ​គូលែន​» ជាពិសេស​តំបន់​ប្រវត្តិសាស្ត្រតំបន់​បុរាណ​ស្ថាន ហើយនឹង​តំបន់​ព្រៃឈើ​ធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ​ជាដើម​»​។

គម្រោង​នេះ​មាន​គោលបំណងសិក្សា​ស្វែងយល់​អំពី​ទីតាំង​សក្តានុពល និង​ឱកាស​ក្នុងការ​អភិវឌ្ឍ​គម្រោង​​ទេសចរណ៍ធម្មជាតិភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​​សហគមន៍​មូលដ្ឋានតាមរយៈ​​ការគាំទ្រ​គោលនយោបាយ​​អនុវត្ត​គម្រោង​ទេសចរណ៍ធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិនិង​ចែករំលែក​ចំណេះដឹង និង​ផ្សព្វផ្សាយ​គោលដៅ​លម្ហែ​​បៃតង​ក្នុង​តំបន់ការពារធម្មជាតិ​។​

ការរៀបចំ​គោលដៅ​លម្ហែ​បៃតងសំដៅលើ​តំបន់​សក្តានុពល​ទេសចរណ៍ធម្មជាតិ ដែលមាន​នៅក្នុង​តំបន់ការពារធម្មជាតិដែល​ត្រូវបាន​សិក្សា ដោយ​រក្សាបាន​នូវ​គោលការណ៍​ចំនួន​៣ គឺ​៖ ភាព​ស្អាត ភាព​បៃតងនិង​ចីរភាព ដើម្បី​ធានាបាន​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះនិង​ការលើកកម្ពស់​ជីវភាព​សហគមន៍​ប្រកបដោយ​និរន្ត​ភាព ការរក្សានិង​បង្កើន​គម្រប​ព្រៃឈើ​ជា​អតិបរិមា និង​ឈានទៅ​សម្រេចបាន​នូវ​សហគមន៍​អ​ព្យា​ក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។នេះ​បើ​យោងតាម​លោក ឃិន ម៉េង​ឃាង​។​

នៅក្នុង​ឧទ្យាន​ជាតិព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​»មាន​ទឹកជ្រោះ ប្រាសាទបុរាណ បុរាណ​ស្ថាន និង​ពើង​ធម្មជាតិដែលមាន​ភាព​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត សរុប​ចំនួន​ ៨៥ ​កន្លែង ព្រមទាំង​មាន​ប្រជាពលរដ្ឋ​រស់​សរុប​ចំនួន១,២៤៦​គ្រួសារ ប្រជាជន​សរុប​ចំនួន ៥,០៣៦​នាក់ក្នុងនោះ​ស្ត្រី ២,៤៤៦​នាក់ ស្ថិតក្នុង​ឃុំ​ខ្នងភ្នំស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ​។​

ជាមួយគ្នា​នោះនៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​»ក្រសួងបរិស្ថាន​បានរៀបចំ​ជា​​សហគមន៍​​​​តំ​បន់ការពារធម្មជាតិ​សរុប​ចំនួន​៥រួមមាន៖ ១. សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ២.សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល ៣.សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃភ្នំ​ក្តួច ៤.សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃភ្នំ​ម្នាស់ និង​៥.សហគមន៍​តំបន់ការពារធម្មជាតិ​ជប់​តា​សុខ​»​។​

លោក ឃិន ម៉េង​ឃាង បាន​​ឱ្យដឹង​ប​ន្ថែ​ម​ទៀតថា​៖«​មកទល់​បច្ចុប្បន្ននេះកម្ពុជា​បាន​បង្កើត​តំបន់ការពារធម្មជាតិ​បាន​ចំនួន​ ៧៣ ​តំបន់​ទាំងនេះមាន​ផ្ទៃដី​សរុប​ប្រមាណ​ជា ​៧,២ លាន​ហិកតា​ស្មើនឹង​ ៤១%នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល​។ ផ្ទៃដី​ដ៏​ធំធេង​នេះតម្រូវឱ្យមាន​ការរៀប​ចំបែង​ចែក​តំបន់ ការពង្រឹង​ការគ្រប់គ្រងនិង​ទាញយក​សក្តានុពល​ពី​ធនធានធម្មជាតិ​ទាំង​នោះមក​បម្រើឱ្យ​សេដ្ឋកិច្ចសង្គមប្រកបដោយ​ស្មារតី​ទទួលខុ​ស​​ត្រូវ និង​ធានាឱ្យមាន​និរន្តរភាព​»​។​

តំបន់ការពារធម្មជាតិ​ទាំងអស់នេះមាន​សក្ដានុពល​យ៉ាង​ធំធេង​សម្រាប់​លើកកម្ពស់ និង​ជំរុញ វិស័យ ទេសចរណ៍ជាពិសេស​អេកូ​ទេសចរណ៍ ដែល​ក្នុងនោះ​មាន​៖ ទេសភាព​ធម្មជាតិ​ស្រស់ស្អាតខ្យល់អាកាស​បរិសុទ្ធ ជីវៈចម្រុះ សត្វ​ស្លាប ទឹកធ្លាក់ ឆ្នេរ ព្រៃឈើ សត្វព្រៃនិង​កោះ​ស្រស់ស្អាត តំបន់​បេ​តិក​ភ​ណ្ឌធម្មជាតិ និង​វប្បធម៌ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ និង​ប្រកបដោយ​និរន្តរភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ឱ្យទៅ​កម្សាន្ត​។​

គួរ​បញ្ជាក់ដែរថា ដើម្បី​ពង្រឹងនិង​ជួយ​សម្រួល​ដល់​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​អភិវឌ្ឍ​តំបន់អេកូ​ទេសចរណ៍ក្រសួងបរិស្ថាន​បានប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​គោលការណ៍​ណែនាំ​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូចស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​។ សៀវភៅ​គោលការណ៍​ណែនាំ​នេះ​ក៏បាន​ចែកជូន​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

CSLEP ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជាដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួង​អភិវឌ្ឍ​ជនបទក្រោម​ហិរញ្ញប្បទាន​ធនាគារពិភពលោក មូលនិធិ​បរិស្ថាន​សកលនិង​រាជរដ្ឋាភិបាល​កម្ពុជា​។គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិនិង​បង្កើន​សង្វាក់​តម្លៃ​អនុផល​ព្រៃឈើ នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញនិង​បឹង​ទន្លេសាប ដែលបាន​​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម​លើ​ខេត្ត​គោលដៅ​ចំនួន៧​រួមមាន​៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និង​កំពង់ឆ្នាំង​៕

អត្ថបទពេញនិយម

តើនឹងមានអ្វីកើតឡើងចំពោះ Telegram ក្រោយការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ?

ក្រដាសប្រាក់អនុស្សាវរីយ៍ ២០០.០០០រៀល ចំនួន ២០លានសន្លឹក នឹងដាក់ឱ្យចរាចរ អបអរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

ទឹកជ្រោះភ្នំខៀវដ៏ល្បីល្បាញនៅខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិ

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

ក្រុមអ្នកស្រាវជ្រាវអះអាងថា ពស់ពិសចឹក មិនប្រាកដថាមានពិសទេ