ជីវិត និង សង្គម

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ ទិវាមច្ឆាជាតិ ០១ កក្កដា ២០២៤ គឺជាទិវាមួយដ៏សំខាន់ដែលប្រារព្ធធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្ស និងការពារជលផលកម្ពុជា។ នាឱកាសទិវានេះ ក្រុមពលរដ្ឋ និងអ្នកនិយមស្ទូចត្រី ក៏ស្នើឱ្យរួមគ្នាធ្វើការប្រលែងកូនត្រីនៅតាមព្រែកបឹង ស្ទឹង និងទន្លេផងដែរ។

លោក ចេង គុយឡាយ អ្នក​ធ្វើ​ចម្ការ​នៅ​ឃុំ​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្តាល​បាន​ឱ្យសារព័ត៌មាន SR Digital Media ​ដឹង​ថា «ទិវាមច្ឆាជាតិ» ​មាន​សារៈសំខាន់​ចំនួន​៣​ចំណុច ​រួមមានទី១ ដើម្បី​ជាតិ ក្នុងនោះ​មាន​ការ​ស្ដារ​ធនធាន​មច្ឆា និង​ជីវចម្រុះ​ជាតិ​ឡើងវិញ​ ទី២ ដើម្បី​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ក្រីក្រ និង​អ្នកនេសាទ ព្រោះ​ពួកគាត់​រស់​ដោយសារ​ការ​នេសាទ​ត្រីចិញ្ចឹម​ជីវិត និង​ទី៣ ដើម្បី​ខ្លួនឯង ព្រោះ​ការ​ប្រលែង​ត្រីនេះ ជា​ការ​ធ្វើបុណ្យ សន្សំ​កុសល​សម្រាប់​ជាតិ​ខាងមុខ​។

លោក គុយ​ឡាយ បានបន្តថា៖

«ខ្ញុំ​ប្រលែង​ត្រីមិនមែន​តែ​ក្នុង​ទិវា​មច្ឆា​ទៀត​ប៉ុណ្ណោះ​ទេ និយាយ​ទៅមួយ​ឆ្នាំ ខ្ញុំ​ប្រលែង​កូន​ត្រី​បាន៤ ​ទៅ៥​ដង​ដែរ ដោយ​កៀរគរ​មិត្តភក្តិទិញ​កូន​ត្រី​ប្រមាណ​ ១ ​ម៉ឺន​ក្បាល មាន​ដូចជា ត្រី​ក្រាញ់ ត្រី​អណ្ដែង ត្រី​ឆ្តោរត្រី​ប្រា យក​ទៅ​ប្រលែង​នៅ​ទន្លេ​បាសាក់»។

ទន្ទឹមនឹងនេះ លោក ក៏ស្នើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសរួមគ្នាការពារ អភិរក្ស និង​លែងកូនត្រីទាំងអស់គ្នា ដើម្បីស្ដារធនធានមច្ឆាជាតិរបស់កម្ពុជា ឱ្យមានចំនួនច្រើនឡើងវិញ។

លោក ភី ចាន់សុណា សមាជិកក្រុមអ្នកស្ទូចត្រីកម្ពុជាបានឱ្យដឹងផងដែរថា នៅក្នុងទិវាមច្ឆាជាតិនេះ ក្រុមអ្នកស្ទូចត្រីកម្ពុជា ក៏ចូលរួមប្រារព្ធទិវានេះផងដែរ ដោយនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីថែរក្សា និងប្រលែងត្រីបន្ថែមទៀត លើត្រីដែលមានស្រាប់ឱ្យកាន់តែសម្បូរច្រើនឡើង។

អ្នកនិយមស្ទូចត្រីរូបនេះ បន្ថែមថា៖

«ទិវានេះ ក៏រំឭកដាស់តឿនស្មារតីដល់ប្រជាជនខ្មែរឱ្យចូលរួមការពារមច្ឆាជាតិ មិនត្រូវប្រព្រឹត្តបទល្មើសនេសាទឡើយ ហើយក្រុមខ្ញុំក៏ព្យាយាមស្វែងរកពូជត្រីណាដែលកម្រផងដែរ ដើម្បីទុកអភិរក្សទុកឱ្យអ្នកជំនាន់ក្រោយ»។

គួរបញ្ជាក់ថា «ផលត្រី» នៅក្នុង​រដូវ​ប្រមូល​ត្រី​ប្រហុក ឆ្នាំ២០២៣នេះ មានការកើនឡើងជាងឆ្នាំ ២០២២ ប្រមាណ៥% ដោយសារមានការសហការ និងខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីជលផល និង​កងកម្លាំង​ចម្រុះ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាព​ក្នុង​រដូវ​ត្រី​ពង​។​ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងកាលពីថ្ងៃទី ១៩ ធ្នូ ឆ្នាំ២០២៣៕  

អត្ថបទពេញនិយម

អាហារដែលគួរចៀសវាងដើម្បីការពារការកើតមុន

ឈឿង ល្វៃ៖ «ក្រុមជម្រើសជាតិ ត្រូវសិក្សាបន្ថែមពីចម្លាក់ក្បាច់គុនបុរាណខ្មែរនៅអង្គរ»

ភស្តុតាងថ្មីបង្ហាញថា លេខសូន្យឥណ្ឌា មានវ័យចំណាស់ជាងលេខសូន្យខ្មែរ

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ

ជាង១៧ឆ្នាំ អង្គការទន្លេគ្លីនិកផ្ដល់ការព្យាបាលឥតគិតថ្លៃ ៣៦ម៉ឺនករណី ដល់សហគមន៍ក្រីក្រនៅបឹងទន្លេសាប