តាកែវ: នៅតាមពិធីមង្គលការបុណ្យទាន វត្តអារាម និងកម្មវិធីប្រពៃណីនានា សូរសំឡេងភ្លេងខ្មែរត្រូវបានបន្លឺឡើងយ៉ាងពីរោះរណ្ដំ។ប៉ុន្តែវង់ភ្លេងខ្មែរពីបរមបុរាណដែល ជាអត្តសញ្ញាណជាតិដ៏សំខាន់នេះ បានថមថយប្រជាប្រិយភាពទៅតាមជំនាន់និងត្រូវបានជំនួសដោយតន្ត្រីសម័យ។
ដោយចាប់អារម្មណ៍ឃើញដូច្នោះហើយ ទើបលោក ហេងសែន ជាតន្ត្រីករបុរាណ នៅក្នុងផ្សារព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវបានស្វះស្វែងថែរក្សាតន្ត្រីប្រពៃណីខ្មែរតាមរយៈការផលិតឧបករណ៍ភ្លេងលក់ ក៏ដូចជាផលិតជាវីដេអូបង្រៀនពីការលេងតន្ត្រីបុរាណសម្រាប់អ្នកដែលបានជាវឧបករណ៍ភ្លេងពីរូបលោក។
បុរសវ័យ៣២រូបនេះបានប្រាប់បន្តទៀតថា៖ «មូលហេតុដែលខ្ញុំផលិតនិងលក់ ក៏ដូចជាបង្រៀនភ្លេងទៅអ្នកដែលជាវឧបករណ៍ភ្លេងទៅព្រោះបច្ចុប្បន្នឧបករណ៍ភ្លេងមិនសូវមានអ្នកចាប់អារម្មណ៍ច្រើន ធ្វើឲ្យរូបខ្ញុំខ្លាចថាថ្ងៃណាមួយឧបករណ៍ភ្លេងទាំងនេះនឹងត្រូវបានបាត់បង់ ទើបខ្ញុំខិតខំថែរក្សាតាមរយៈការផលិត វីដេអូរបៀបបង្រៀនលេងភ្លេង»។
លោកបានបញ្ចូលគំនិតអភិរក្សជាមួយសិប្បកម្មក្រោមឈ្មោះយីហោថា«ជួយថែរក្សា ឧបករណ៍ភ្លេងខ្មែរ» ដែលគំនិតនេះផុសចេញពីសាវតារបស់លោកជាតន្ត្រីករមួយរូប។
លោក ហេង សែនបានរៀបរាប់ឱ្យ SR News ឲ្យដឹងថា៖ «ដោយសារខ្ញុំជាអ្នកលេងភ្លេងបុរាណស្រាប់ ទើបខ្ញុំផលិតឧបករណ៍ភ្លេងខ្មែរលក់និងបង្រៀនភ្លេងទៅកាន់អ្នកដែលចង់រៀននិងអ្នកដែលបានទិញឧបករណ៍ភ្លេងពីរូបខ្ញុំទៅ»។
លោក ហេង សែន បានឱ្យដឹងថា ដំណើរការនៃការផលិតឧបករណ៍ភ្លេងនីមួយៗមានភាពសាំញ៉ាំច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាលទម្រាំចេញជាឧបករណ៍សម្រេច។
ឧបករណ៍ដែលលក់ដាច់ជាងគេគឺ ទ្រនិងស្គរហើយគោលបំណងនៃការជាវរបស់អតិថិជនខុសៗគ្នា ដោយអ្នកខ្លះប្រើក្នុងការប្រកបមុខរបរទទួលទានជាប្រចាំថ្ងៃឬធ្វើជាវត្ថុតាំងនៅផ្ទះ។ អតិថិជនខ្លះទៀតបានទិញឧបករណ៍ភ្លេងខ្មែរដោយសារតែចិត្តស្រឡាញ់ បំណងជួយអភិរក្ស ឬចំណូលចិត្តទុកប្រគំលេងម្ដងម្កាល។
សម្រាប់ការផលិតឧបករណ៍ភ្លេងនីមួយៗលោកលៃលកផលិតដោយខ្លួនឯងខ្លះនិងជួលឱ្យគេធ្វើខ្លះ។
ម្ចាស់សិប្បកម្មក្រោមឈ្មោះថា «ជួយថែរក្សាឧបករណ៍ភ្លេងខ្មែរ» បានបញ្ជាក់ថា ទ្រមានតម្លៃចាប់ពី១៤.០០០រៀលរហូតដល់១៨.០០០រៀល។ចំពោះស្គរវិញមានតម្លៃចាប់ពីតម្លៃ៨០.០០០រៀលរហូតដល់១៨០.០០០រៀលទៅតាមប្រភេទឈើ ស្បែកនិងក្បូរក្បាច់រចនារបស់វា។
សព្វថ្ងៃនេះលោក ហេង សែន ក៏មានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះថា«ជួយថែរក្សាឧបករណ៍ភ្លេងខ្មែរ» សម្រាប់បង្ហោះលក់ឧបករណ៍ភ្លេងក៏ដូចជាវីដេអូ របៀបលេងភ្លេងដែរដើម្បីផ្សព្វផ្សាយឲ្យកូនខ្មែរបានឃើញនិងបានស្គាល់ក្នុងបំណងជំរុញការថែរក្សាមរតកមួយនេះឲ្យគង់វង្សយូរអង្វែង។
លោករំពឹងថា នឹងបន្តសិប្បកម្មធ្វើឧបករណ៍ភ្លេងក៏ដូចជាបង្កើនការវីដេអូបង្រៀនការលេងភ្លេងបុរាណឲ្យបានច្រើនដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងប្រទេសនិងទៅកាន់ពិភពលោក។
ព័ត៌មានបន្ថែមពី ឧបករណ៍ភ្លេងខ្មែរនេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក ជួយថែរក្សារ ឧបករណ៍ភ្លេងខ្មែរឬទំនាក់ទំនងទូរសព្ទលេខ ០៩៧ ៦៤៩០៦៣៦ /០១០ ៦៧៥១២៣៕