ជីវិត និង សង្គម

ក្រោយជនរងគ្រោះរងវិបត្តិរាប់ឆ្នាំ ទីបំផុតមានការដាក់ទោសជនខិលខូចប្រើបច្ចេកវិទ្យា Deepfake បង្កើតរូបអាសអាភាសគម្រាមនិស្សិតនៅកូរ៉េខាងត្បូង

October 22, 2024
August Stella
Heading
Option 1

នៅពេលដែល រូម៉ា (ជាឈ្មោះ​ប្រឌិត​ដើម្បីការពារ​អត្តសញ្ញាណ) ​កំពុង​ចូលរៀន​​​​ទូរ​ស​ព្ទ​របស់​នាង​ចាប់​ផ្តើម​​​ញ័រ​ឥតឈប់ឈរ​។​ ជាធម្មតា នាង​នឹងមិន​អើពើ​​ទេប៉ុន្តែ​ចំនួន​នៃ​សារផ្ញើចូលច្រើនពេក ធ្វើ​ឱ្យ​នាង​ទ្រាំ​មិន​បាន​​ក៏​បើកមើល​​ហើយ​ភាំង​ស្មារតី។

មុខ​របស់​នាង​ត្រូវបានប្រើប្រាស់​​​ជា​​រូបភាព​អាសអាភាស​តាមរយៈបច្ចេកវិទ្យា Deepfake រួច​ផ្ញើ​ចែកចាយ​​​តាម​រយៈ​​តេឡេក្រាមដែល​​​​ល្បី​​​ផ្តល់​ភាព​អនាមិក​ដល់​អ្នកប្រើប្រាស់ ​​និង​កំពុង​​​រង​នូវ​ការ​ចោទ​ប្រកាន់អំ​​ពី​បទ​​ឧក្រិដ្ឋកម្ម​​ផ្លូវភេទ​តាម​ឌីជីថល។

រូបភាព​ រូម៉ា ត្រូវបាន​អមដោយ​ការសារមាក់ងាយ​បៀតបៀន​ផ្លូវភេទ​​យ៉ាងអសុរស។​

អ្នកសរសេរ​សារបាន​តិះដៀល​ដោយ​ព្យាយាម​ទាញ​ចម្លើយ​ថា​៖«​ប្រសិនបើនាង​ហ៊ាន​ឆ្លើយ​តប ខ្ញុំ​នឹង​ប្រាប់​នាង​ពី​របៀប​តាមចាប់ខ្ញុំ»។

​នាង​មិនបាន​ឆ្លើយតប​នឹង​សារ​ទាំង​នោះទេប៉ុន្តែ​បាន​ថតរូប​​អេក្រង់ទុកជាភស្ដុតាង​ហើយ​ប្រញាប់​ទៅ​ប៉ុស្តិ៍​ប៉ូលិស​។​

រ៉ូម៉ា ​មិនដឹងថា ​រឿង​​ដែល​បាន​កើតឡើងកាល​ពី​បី​ឆ្នាំ​​មុនអាច​នឹង​ផ្ទុះជាថ្មី​​​​ដូចសព្វ​ថ្ងៃ​នេះទេ​​ ​​នៅពេល​ការចាប់ខ្លួនជន​ខិសខូច​ពី​បទ​ឧក្រិដ្ឋ​​ដោយ​ប្រើ​បច្ចេកវិទ្យា Deepfake បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​។​

​ជនរងគ្រោះ​រាប់សិប​នាក់​ត្រូវ​បានកំណត់​អត្តសញ្ញាណដែល​ភាគច្រើន​ជា​និស្សិត​ និង​​​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល (SNU)​។​

​ប៉ុន្មាន​ខែក្រោយ​មកកូរ៉េខាងត្បូង​បាន​ប្រឈមនឹង​​ការរីក​សាយភាយ​នៃ​រូបភាព​អាសអាភាស​ក្លែងក្លាយដែលមាន​ជនរងគ្រោះ​រាប់មិនអស់​រាប់តាំង​ពី​សាកលវិទ្យាល័យ វិទ្យាល័យសាលា​មធ្យមសិក្សា និង​សូម្បីតែ​សាលាបឋមសិក្សា​។​

​អ្នកនយោបាយ និង​អ្នកអនុវត្ត​ច្បាប់​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​នេះខណៈដែល​ក្មេងស្រី និង​ស្ត្រី​បាន​លុប​រូបថត​របស់ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមព្រោះតែ​ខ្លាច​​​​រូបភាព​របស់​ពួកគេ​ត្រូវបានយក​ទៅ​កែ​ដូចរូប​ពិតៗ​​ដោយប្រើ​បច្ចេកវិទ្យា Deepfake។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeolបាន​ព្រមាន​កាលពី​ចុងខែ​សីហា​ថា៖«ក្នុង​ចំណោម​ពួកយើង នរ​​ណា​ម្នាក់ក៏​​អាច​ក្លាយជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​តាម​ឌីជីថល​បែបនេះ​»។​

លោក​បាន​អំពាវនាវ​ថា៖ «​​ខ្ញុំ​សូម​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់និង​ចាត់វិធានការ​​ ដើម្បី​លុបបំបាត់​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​តាម​ប្រព័ន្ធ​ឌីជីថល​ទាំងនេះ​»​​។​

​ប៉ុន្តែ​កាលពី​បី​ឆ្នាំមុននៅពេលដែល​ការរំលោភបំពានទើបតែ​​​បានចាប់ផ្តើម រូ​ម៉ា ​មាន​អារម្មណ៍​ឯកោ និង​អស់​សង្ឃឹម​ព្រោះ​​​ប៉ូលិស​មិនសូវ​ខ្នះខ្នែង​ដោះ​ស្រាយ​ករណីនេះ​ ដោយ​គ្រាន់តែ​ណែនាំ​ឱ្យ​នាង​បន្ត​ថត​អេក្រង់​​និង​​​ប្រមូលភស្ដុតាង​។

​នាង​បាន​រំឭកថា​៖ «​ការវាយប្រហារ​កើត​ឡើង​ផ្ទាល់ៗ​​​នៅលើ​ទូរ​សព្ទ​របស់យើង ហើយយើង​​មិនអាច​ធ្វើ​អ្វី​បានឡើយ​»​។​

នាង​បាន​ផ្លាស់​ទៅ​ក្រៅប្រទេស​ដើម្បី​បន្ត​ថ្នាក់អនុបណ្ឌិត​​ហើយ​ព្យាយាម​បំភ្លេចរឿង​អាសោច​ទាំង​​នេះ​។​

ក្នុងអំឡុងពេ​ល​ធ្វើដំណើ​រ​ត្រឡប់​ទៅ​ទីក្រុង​សេ​អ៊ូ​លកាលពី​​ខែមិថុនា​​ឆ្នាំមុនរូម៉ា​ បាន​ជួប​ជាមួយ​អតីត​និស្សិត​ពីរ​នាក់​ញ៉ាំ​​អាហារ​ថ្ងៃត្រង់​។​

អ្នកទាំងពីរ​​​ក៏​ជាជនរងគ្រោះ​ដែលមុខ​របស់ពួកគេ​ត្រូវបានប្រើ​លើ​រូបភាព​​អាសអាភាស​ក្លែងក្លាយ។​

ឃើញដូច្នោះ រូម៉ា​ បាន​និយាយថា​៖ «​ខ្ញុំ​​មានអារម្មណ៍​បីដូច​រង​របួស​សាជាថ្មី​​​»​។​

នាង​បាន​បន្ត​ថា៖ ​«​ពេល​ខ្ញុំ​ឮ​ប៉ុន្មាន​ប្រយោគ​ដែល​ពួកគេ​និយាយពី​សារ​ក្នុង​តេឡេក្រាមខ្ញុំអាច​​ដឹងថា​ជនដៃដល់​​​ជា​មនុស្ស ឬ​ក្រុម​តែមួយ​​»​។​

​ដោយ​ពុំសូវទទួល​បាន​ការ​យកចិត្ត​ទុកដាក់ដោះស្រាយ​ពី​សំណាក់ប៉ូលិសទីបំផុត​​​អ្នក​ទាំងបីបាន​ស្នើ​សុំ​​ជំនួយ​ពី​អ្នកកាសែត​ឯករាជ្យ Won Eun Ji ដែល​​ធ្លាប់មាន​បទពិសោធន៍​លាតត្រដាង​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​លើ​​ឌីជីថលនៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​​អ្នកកាសែត​ Eun Ji បាន​រៀបចំ​ផែន​ការ​ដើម្បី​ជ្រៀតចូលគ្រុបតេឡេក្រាម​ជនល្មើស តាម​រយៈ​មិត្ត​ភ័​ក្ដិ​ប្រុស​​។​

​នៅ​ក្នុងគ្រុម​ មេខ្លោងបាន​​អួតអាង​​អំពី​ការប្រមូល​រឿង​អាសអាភាសកែច្នៃ​ដោយ​​ប្រើ​បច្ចេកវិទ្យា Deepfake ហើយ​បាន​និយាយខ្លួន​គាត់​ចង់បង្កើន​សមាជិក​​បុរស​​បន្ថែមទៀត​ដើម្បី​បំផុស​ឱ្យ​គ្រុប​តេឡេក្រាម​​​កាន់តែ​រំ​ជើបរំជួលនឹង​អំពើថោកទាបនេះ។

​អ្នកកាសែត Eun Ji បាន​​ព្យាយាម​ដាក់​អន្ទាក់ ដោយ​​បង្កើត​ទំនាក់ទំនង​ជាមួយ​ជនល្មើស។នាង​បាន​ក្លែង​​បន្លំ​​អត្តសញ្ញាណ​ជា​​​បុរសមាន​​ប្រពន្ធ​ធ្វើការ​នៅសាកលវិទ្យាល័យជាតិ​សេអ៊ូល​​​។​

​នាង​បាន​និយាយថា​៖ «​ពួកគេ​​ផ្ញើ​រូបថត​អាក្រាតកាយ​របស់​ជនរ​ង​គ្រោះ ឬ​រូបថត​កែ​​ដែល​មើលទៅ​ដូច​ជន​រងគ្រោះ​​​កំពុង​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ​ស្ដែងៗ​»​។​

អ្នកកាសែត​រូបនេះក៏​​​បាន​រំឭក​ពី​ការសន្ទនា​នៅ​ក្នុងគ្រុបតេឡេក្រាមរួមមាន​ការ​និយាយ​រឿងណាត់គ្នា​​រំលោភ​បូក​ជាដើម។

​នាង​ត្រូវ​ចំណាយពេល​ជាង​មួយឆ្នាំ​ដើម្បី​កសាង​ទំនុកចិត្ត​ជាមួយ​មេខ្លោង​។​បន្ទាប់ពីការ​សន្ទនា​ជិត​ពីរ​ឆ្នាំ នាង​បាន​ប្រើប្រាស់រូបភាព​

​​ខោអាវក្នុង​ទាក់ចិត្ត​មេខ្លោងឱ្យ​ចូលទៅ​រើស​ក្នុងបន្ទប់ទឹកក្នុង​​​សាលារួច​ឱ្យ​កម្លាំង​ប៉ូលិស​ចុះ​ចាប់​នៅនឹងកន្លែងតែម្ដង។​

អ្នកកាសែត Eun Ji បាន​និយាយ​ថា៖ «​ខ្ញុំ​គិតថាឧក្រិដ្ឋកម្ម​នេះ​នឹង​បញ្ចប់​នៅពេលនេះ​។ ជនរងគ្រោះ​អាច​ស្រាកស្រាន្ត​​ផ្លូវចិត្ត​ហើយ»។​

​បុរស​ពីរ​នាក់​ដែលជា​អតីត​និស្សិត​នៅ SNU ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែឧសភា​។យ៉ាងហោចណាស់​ជនរងគ្រោះ​ចំនួន ៦១​នាក់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ក្នុងនោះ​មាន ១២​នាក់​ជានិស្សិតនិង​​​អតីត​និស្សិត​នៅ SNU ។​

ក្រោយពីជនល្មើស​ត្រូវបានផ្តន្ទាទោសរូម៉ា ​​បាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​។​ខ្ញុំ​មិនបាច់​សង្ស័យ​ប្រុសៗ​ផ្សេងទៀត​ដែលខ្ញុំស្គាល់នោះទេ»។

​​សាលារៀននិង​សាកលវិទ្យាល័យ​ចំនួន ៥០០ ទីតាំង​បាន​​រង​ការ​ប៉ះពាល់ដោយរឿង​អាស្រូវ​ Deepfake។ ​ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់ ជាពិសេស​ក្នុង​ខែសីហារបាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានកំណត់​ក្រុមតេឡេក្រាម​ កាន់តែច្រើន​ដែលមាន​សមាជិក​រាប់រ​យ​នាក់ នាំគ្នា​​បង្ហោះ​រូបភាព​​​អាសអាភាស​ក្លែងក្លាយ​។​

​ក្រុម​ផ្សេងទៀត​​​បាន​​ចែករំលែក​រូបភាព​ Deepfake ថែមទាំង​ផ្តល់ព័ត៌មានពី​ជនរងគ្រោះ​ដូចជា​ឈ្មោះនិង​សាលារៀន​ជាដើម​។​

​លោក Kim Myung-joo អ្នកជំនាញ​ផ្នែក​ការពារ​ព័ត៌មាន​មកពី​សាកលវិទ្យាល័យ Seoul Women's University បាន​និយាយថា៖ «​បញ្ហា​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ស្ទើរតែ​ជា​គ្រោះមហន្តរាយ​ជាតិ​នៅក្នុង​ប្រទេស​កូរ៉េ»​​។​

​វាមិនត្រឹមតែជាក្ដីកង្វល់របស់អជ្ញាធរនិង​ប្រជាជនប៉ុណ្ណោះទេ វ័យ​​​របស់​​​ជនល្មើស​​ក៏​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភដែរ។

​ទិន្នន័យ​របស់​ប៉ូលីស​បង្ហាញថាជនសង្ស័យ​ចំនួន ៣ ភាគ ៤ ពាក់ព័ន្ធ​នឹង​រឿង​អាសអាភាស​ក្លែងក្លាយ មានអាយុ​ក្មេង និង​​ជា​អនីតិជនពោលគឺ​សិស្ស​ប្រុស​​ផ្តោតលើ​ការបៀតបៀន​សិស្សស្រី​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា៖«​ជនល្មើស​ភាគច្រើន​ជា​ក្មេង​ជំទង់​»។​

លោក​បាន​លើកឡើង​ថា៖ «​អ្នកខ្លះ​ប្រហែលជា​ច្រានចោល​ថា​វា​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដែល​កេងប្រវ័ញ្ច​បច្ចេកវិទ្យា​នៅក្រោ​​ម​របាំង​នៃ​ភាព​អនាមិក​»។​

​ការបង្កើត​រូបភាព​អាសអាភាស​ក្លែងក្លាយ​អាច​​ជាប់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ​។​

​មុនពេល​វិបត្តិ​រូបភាពអាសអាភាស​កែច្នៃ​ដោយបច្ចេកវិទ្យា Deepfake ប្រទេសកូរ៉េ​ក៏ជួបបញ្ហា​ការ​លួច​បង្កប់កាមេរ៉ា​តាមទីសាធារណៈនិង​ការ​លួចថតនារី​ក្នុង​បន្ទប់ដេក និង​បន្ទប់ទឹកជាដើម​។​

សម្រាប់ រូម៉ា នាងយល់ថា បញ្ហា​វប្បធម៌ជា​​មូលដ្ឋាន​ដែល​ត្រូវ​ដោះស្រាយ​ជាជាង​ការ​ប្រឈម​នឹង​បច្ចេកវិទ្យា​និម្មិត។

នាង​បាន​លើកឡើង​ថា៖ «​ខ្ញុំ​មិនសូវ​ព្រួយបារម្ភ​អំពី​បច្ចេកវិទ្យាឬ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យាទេ។​ អ្វី​ដែល​​គួរ​ឱ្យ​បារម្ភ​គឺ​​ការប្រព្រឹត្ត​ខុសនិង​វប្បធម៌​រំលោភ​សេពសន្ថវៈ​នៅក្នុង​សង្គម​កូរ៉េ និង​ប្រទេស​ដទៃ​ទៀត​​​»៕

ប្រភព៖ https://www.abc.net

អត្ថបទពេញនិយម

សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត

គួរដឹង! រោគសញ្ញា និងមូលហេតុ បណ្តាលឱ្យកុមារកើតជំងឺទឹកនោមផ្អែម

Nvidia ប្រគល់តំណែងជើងឯកជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកទៅ Microsoft

សួនអំណាន ពង្រីកដល់៦ខេត្ត ដើម្បីលើកកម្ពស់ការអានសៀវភៅ

ក្រូចឆ្មាជួយបំបាត់ក្លិនក្លៀក បានយ៉ាងមានប្រសិទ្ធភាព