ភ្នំពេញៈជានិស្សិតឆ្នាំទី៣ សិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ កញ្ញា ឆែម ស្រីគាបានសម្រេចបំណងខ្លួនឯង ក្នុងការបង្កើតនូវទេសចរណ៍អំណានដែលជាសកម្មភាពមួយក្នុងការនាំយកសៀវភៅសិក្សា សៀវភៅសម្រាប់កុមារនិងសៀវភៅលើកទឹកចិត្ត ទៅតាំងបង្ហាញនៅតាមបណ្តាខេត្តនានាដើម្បីលើកកម្ពស់ការអាន ដោយសាធារណៈជនអាចអានសៀវភៅបានដោយសេរី។
ចាប់ផ្តើមសកម្មភាពទេសចរណ៍អំណាននៅក្នុងអំឡុងខែកក្កដាឆ្នាំ២០២៤នេះ កញ្ញា ឆែម ស្រីគា បានឱ្យដឹងថា ទេសចរណ៍អំណានគឺផ្តោតទៅលើការដាក់តាំងសៀវភៅឱ្យសាធារណៈជនអាន ដោយឥតគិតថ្លៃនៅតាមទីប្រជុំជន និងក្រុងតាមបណ្តាខេត្តនានា ហើយសកម្មភាពនេះគឺធ្វើឡើងតាមរយៈម៉ូតូ ដោយចំណាយថវិកាផ្ទាល់ខ្លួននិងមិនរកប្រាក់ចំណេញអ្វីឡើយ។
កញ្ញាបញ្ជាក់ប្រាប់សារព័ត៌មានអេសអ័រ (SRNews) ថា៖ «ការធ្វើទេសចរណ៍អំណានគឺខ្ញុំធ្វើនៅក្នុងក្រុងព្រោះខ្ញុំមើលឃើញថានៅទីសាធារណៈ យុវជនម្នាក់ៗឈ្ងោកចុចតែទូរសព្ទនិងអ្នកមានដៃគូមួយចំនួន ប្រព្រឹត្តនៅប្រការអសីលធម៌ជាដើមអ៊ីចឹងនៅពេលយើងមានតាំងសៀវភៅតាមទីសាធារណៈ វាល្អម្យ៉ាង ព្រោះមានក្មេងៗយុវជន យុវនារី អាណាព្យាបាលជាច្រើន នាំកូនកាន់សៀវភៅអាន វាពិតជាល្អមែនទែន»។
កំណត់យកខេត្តពោធិ៍សាត់ជាគោលដៅដំបូងក្នុងការចាប់ផ្តើមសកម្មភាពទេសចរណ៍អំណាន ការតាំងសៀវភៅជាសាធារណៈរបស់និស្សិតអក្សរសាស្ត្រខ្មែរខាងលើនេះមានអ្នកចូលរួម អានសៀវភៅជាច្រើន ហើយកញ្ញាក៏បន្តទៅខេត្តគោលដៅទី២។
ស្រីគា រៀបរាប់ដូច្នេះថា៖ «ខ្ញុំបានឆ្លៀតពេលមួយល្ងាច ចាប់ផ្ដើមទេសចរណ៍អំណានជាលើកដំបូងនៅសួនច្បារកោះសំពៅមាសក្នុងក្រុងពោធិ៍សាត់ មនុស្សចាប់អារម្មណ៍ច្រើនអ្នកចូលអាន ជាង១០០នាក់ ខ្ញុំសប្បាយចិត្តពេលឃើញបែបនេះ ហើយមានអ្នកសុំទិញសៀវភៅដែរតែខ្ញុំអត់លក់ទេ គឺជូនគាត់ជាអនុស្សាវរីយ៍ ហើយបន្ទាប់មកខ្ញុំបានខេត្តទី២ គឺកែប ដែលមានអ្នកអានសៀវភៅ ជាង៣០នាក់»។
ទេសចរណ៍អំណានទើបតែធ្វើបានប្រមាណ២ខេត្តនិងកំពុងរៀបចំទៅកាន់ខេត្តទី៣ និស្សិតអក្សរសាស្ត្រខ្មែរឆ្នាំទី៣រូបនេះបានឱ្យដឹងទៀតថាការរៀបចំទេសចរណ៍អំណាន ពុំមានការលំបាកអ្វីឡើយអំឡុងពេលចុះទៅតាមបណ្តាខេត្តនីមួយៗ តួយ៉ាងកន្លែងស្នាក់នៅម្ហូបអាហារ បងប្អូនប្រជាពលរដ្ឋនៅទីនោះ ពុំមានការយកប្រាក់អ្វីឡើយដែលទង្វើទាំងអស់នេះ កើតចេញពីការគាំទ្រសកម្មភាពរបស់កញ្ញា។
សៀវភៅដែលតាំងបង្ហាញសម្រាប់បងប្អូនប្រជាពលរដ្ឋអានមានសៀវភៅជាច្រើនដូចជាសៀវភៅលើទឹកចិត្ត សៀវភៅពាណិជ្ជកម្ម សាសនា ប្រលោមលោក រឿងនិទានសម្រាប់កុមារនិងមានសៀវភៅជាច្រើនទៀតដែលបានមកពីការបរិច្ចាគពីអ្នកនិពន្ធ សិស្សនិស្សិតនិងប្រជាពលរដ្ឋ។
អ្នករៀបចំទេសចរណ៍អំណានយល់ឃើញថា៖ «យុវជនអានសៀវភៅបែបលើទឹកចិត្តរួចហើយគួរតែអានសៀវភៅបែបប្រវត្តិសាស្ដ្រព្រោះថាយុវជនយើងបច្ចុប្បន្ននេះមានការធ្លាក់ទឹកចិត្តច្រើនប្រសិនបើស្មារតីពួកគាត់អត់នឹងទេ ពួកគាត់មិនអាចរកអ្វីដែលថ្មីទេ អ្វីដែលជួយជំនួយស្មារតីគាត់ទាំងហ្នឹងទេ»។
ទាក់ទងដំណើរការនៃទេសចរណ៍អំណានវិញយុវតីវ័យ២២ឆ្នាំរូបនេះ អះអាងថាកញ្ញាគ្រោងនឹងរៀបចំទេសចរណ៍អំណានទៅកាន់ខេត្តក្រុងទូទាំងប្រទេសដោយនឹងធ្វើឡើងទៅតាមពេលវេលា និងលទ្ធភាពដែលកញ្ញាមាន៕