បាត់ដំបង: សិស្សានុសិស្សចំនួន ១៨៣ នាក់កំពុងទទួលបានសិក្សាភាសាអង់គ្លេស និងភាសាខ្មែរ ដោយឥតគិតថ្លៃនៅសាលាសហគមន៍ភាសាអង់គ្លេសមួយ ដែលមានទីតាំងស្ថិតនៅភូមិធ្ង័រឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ឃឹម ចន្ត្រាស្ថាបនិក និងគណៈគ្រប់គ្រងសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ង័រ បានប្រាប់សារព័ត៌មានឌីជីថល SR ឱ្យដឹងថាការបង្រៀននៅសាលាសហគមន៍នេះ ផ្តោតសំខាន់លើភាសា អង់គ្លេសជាគោលប៉ុន្តែប្រសិនបើសិស្សណាម្នាក់ពុំចេះផ្នែកភាសាខ្មែរ ឬខ្សោយភាសាខ្មែរសាលាសហគមន៍ ក៏នឹងជួយង្រៀនដើម្បីពង្រឹងចំណេះដឹងដល់សិស្សបន្ថែមផងដែរ។
គ្រូបង្រៀននៅសាលាបឋមសិក្សាធ្ង័ររូបនេះបន្តថាសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ង័រ បង្រៀនសិស្សានុសិស្សដោយឥតគិតថ្លែមានសិស្សសរុបចំនួន ១៨៣ នាក់ ចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១៦ ឆ្នាំចែកចេញជាប្រាំថ្នាក់ និងមានបង្រៀនចំនួន ២ វេន ដោយវេនទី១សិក្សាចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៦ល្ងាច ចំណែក វេនទី២ សិក្សាពីម៉ោង៦ល្ងាច ដល់ម៉ោង៧ យប់ ដែលបង្រៀន ដោយគ្រូស្ម័គ្រចំនួន ៤ នាក់។
មុននឹងក្លាយជាសាលាសហគមន៍នេះស្ថាបនិកសាលាខាងលើ បានរំឭកថា នៅក្នុងឆ្នាំ២០១៣ គ្រាដែលលោកកំពុងសិក្សារៀនថ្នាក់បរិញ្ញាបត្រលោកបានបង្កើតសាលាភាសាអង់គ្លេសមួយ ដោយយកក្រោលគោរបស់បងប្រុសលោកប្រែទៅជាទីបង្រៀនវិជ្ជាដល់សិស្ស ក្នុងគោលបំណង ផ្តល់ចំណេះដឹងនិងរកកម្រៃខ្លះដើម្បីចិញ្ចឹមជីវិត។
លោករៀបរាប់យ៉ាងដូច្នេះថា៖«ពេលហ្នឹងខ្ញុំបានទៅរៀននៅក្រុង (បាត់ដំបង់) ខ្ញុំមើលឃើញថា ក្មេងៗនៅក្រុងពួកគេចូលរៀននៅសាលាល្អៗ អាចនិយាយភាសាអង់គ្លេសបានល្អ ហើយបើយើងក្រឡេកមកមើលក្មេងៗនៅសហគមន៍យើងវិញ ពួកគេធំៗអស់ហើយអ្នកខ្លះក៏មិនស្គាល់ភាសា អង់គ្លេស សូម្បីតែអាន អេ ប៊ី ស៊ី ក៏មិនចេះផងវាខុសគ្នាដាច់ អ៊ីចឹងខ្ញុំក៏ចាប់បើកបង្រៀនពួកគាត់ ពេលនោះគឺសិស្សបង់លុយ៦ ទៅ ៧ ពាន់រៀលប៉ុណ្ណោះក្នុងមួយខែ ហើយមានសិស្ស ៤៨ នាក់និងមានចំនួន ២ថ្នាក់»។
បុរសវ័យ៣១ឆ្នាំរូបនេះបានឱ្យដឹងទៀតថា៖ «បង្រៀនភាសាអង់គ្លេសប្លែកពីភាសាខ្មែរ តែឪពុកម្តាយសិស្ស មិនសូវឲ្យតម្លៃលើភាសាអង់គ្លេសទេហើយពេលដល់ខែម្តងៗ សិស្សគ្មានប្រាក់បង់ ឡើយចំណែកខ្ញុំក៏ពិបាកដែរពេលហ្នឹង ណាមួយខ្ញុំមានគ្រួសារត្រូវរកប្រាក់ផ្គត់ផ្គង់ផងតែម្យ៉ាងវិញទៀតខ្ញុំក៏មិនអាចបោះបង់មហិច្ឆតាឈប់បង្រៀនឬឆន្ទៈចោលពាក់កណ្តាលទីបានឡើយ»។
ផ្តើមចេញពីឆន្ទៈចង់បន្តផ្តល់ចំណេះដឹងដល់សិស្សនេះហើយលោក ចន្ត្រា បានសម្រេចចិត្តស្វែងរកអង្គការ ដើម្បីសហការក្នុងការជួយសម្រួលដល់ការបង្រៀនក្មេងៗដោយមិនគិតប្រាក់។នៅក្នុងឆ្នាំ២០១៥ លោកទទួលបានជំនួយហិរញ្ញវត្ថុពីអង្គការកុមារនិងក្ដីសង្ឃឹម ប៉ុន្តែជំនួយនេះ បានបញ្ចប់ទៅវិញនៅឆ្នាំ២០១៧ក្នុងអំឡុងពេលលំបាកនេះហើយ លោក ចន្ត្រាក៏ទទួលបានជំនួយពីខាងឃុំ ដែលបានមកពីការរៃអង្គាសប្រាក់ពីសប្បុរសនានានិងផ្លាស់ប្តូរទីតាំងសាលា ពីការបង្រៀននៅក្រោលគោ មកសាងសង់លើទីតាំងថ្មីដែលជាដីរបស់គ្រួសារលោកមេឃុំ។
លោក ចន្ត្រាបញ្ជាក់ថា៖ «ខាងឃុំ-ស្រុកគាត់ក៏បានកៀរគររកប្រាក់បានមួយចំនួន ដើម្បីសាងសង់សាលារៀនពីកូនឈើប្រក់ស័ង្កសីបាន៣បន្ទប់ តែចំនួនកូនសិស្សកាន់ច្រើនឡើងៗ ទើបខាងស្រុកគាត់សម្រេចចិត្តផ្ដល់១បន្ទប់ថែមទៀត ដើម្បីសម្រួលឲ្យសិស្សានុសិស្សបានសិក្សាគ្រប់គ្រប់គ្នាៗ»។
ដំណើរការមកដល់ពេលនេះសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ង័រ នៅតែប្រឈមមុខនឹងបញ្ហាចម្បងគឺហិរញ្ញវត្ថុ ដោយសារតែដៃគូជំនួយនានាបានសម្រេចផ្អាកក្នុងការផ្គត់ផ្គងដល់សាលាចាប់តាំងពីវិបត្តិការរីករាលដាលនៃជំងឺកូវីដ ១៩ (២០២០-២០២៣)និងវិបត្តិសេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្ននេះ។
តែទោះបីជាយ៉ាងណាគណៈគ្រប់គ្រងសាលាសហគមន៍រូបនេះ នៅតែព្យាយាមស្វែងរកជំនួយ តាមរយៈបណ្ដាញសង្គមប៉ុន្តែថវិកាទាំងអស់នេះ នៅតែមិនទាន់ឆ្លើយតប នឹងការចំណាយក្នុងសាលា បាននៅឡើយពោលចាប់ពីខែមករា ដល់កក្កដា ឆ្នាំ២០២៤នេះ គ្រូស្ម័គ្រចំនួន៤នាក់ដែលបង្រៀននៅសាលានេះ ពុំទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅឡើយ ដោយម្នាក់ៗ ទទួលបាន៦០ដុល្លារក្នុង១ខែ។
បើទោះបីជាជួបប្រទះនឹងបញ្ហាក្តីស្ថាបនិករូបនេះ នៅតែប្តេជ្ញាចិត្ត បន្តបង្រៀនភាសាអង់គ្លេសនេះ ដោយឥតគិតថ្លៃដ៏រាបណានៅមានសិស្សមករៀន ហើយលោកនឹងមិនបោះបង់សិស្សឡើយ ដោយលោកនឹងស្វែងរកវិធីផ្សេងៗដើម្បីដោះស្រាយបញ្ហាបន្តទៀត។
ជាចុងក្រោយ លោកចន្ត្រា ស្នើឱ្យសប្បុរសជននានា ជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ដើម្បីទ្រទ្រង់ដំណើរការរបស់សាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ង័រដើម្បីបណ្តុះបណ្តាលធនធានមនុស្សជំនាន់ ឱ្យមានចំណេះដឹងល្អប្រសើរ។
គួរគូសបញ្ជាក់ថា លោកឃឹម ចន្ត្រា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្មនិងគ្រូបង្រៀននៅសាលាបឋមសិក្សាធ្ង័រ ដោយលោកគឺជាបុគ្គលមួយរូបបានរួមចំណែកក្នុងការផ្តល់នូវ ចំណេះដឹងភាសាអង់គ្លេសឥតគិតថ្លៃនេះ ក្នុងគោលដៅឱ្យសិស្សានុសិស្សនៅទីជនបទនេះចេះដឹង និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន។ គណនីហ្វេសប៊ុករបស់លោកឃឹម ចន្ត្រាឈ្មោះ Chantra Khoem (https://www.facebook.com/chantra.khoem) ឬទំនាក់ទំនងលេខទូរសព្ទ066 268 584/069 852 569 ៕