កំពតៈភូមិថ្មីកំពត គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិកែច្នៃជាប់មាត់ទឹកមានទេសភាពគួរជាទីមនោរម្យដូចជា ដងព្រែក ជួរភ្នំ រុក្ខជាតិបៃតងតូចធំក្បូនដ៏ធំបណ្តែតលើផ្ទៃទឹក ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរមកសម្រាកលម្ហែកាយ ជិះទូកកម្សាន្តតាមដងព្រែក ញ៉ាំអាហារ ស្ដាប់តន្ត្រីនិងច្រៀងលេងយ៉ាងសប្បាយរីករាយ។
មានចម្ងាយប្រហែលជិត៥ គីឡូម៉ែត្រពីរង្វង់មូលទុរេន រមណីយដ្ឋានភូមិថ្មីកំពត បើកដំណើរការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១យប់ ដោយក្នុងនោះអ្នកទេសចរដែលមានបំណងចូលទស្សនាកម្សាន្តថតរូបអនុស្សវរីយ៍ ជិះជលយាន្តតាមដងព្រែក អាចទិញសំបុត្រតម្លៃ២ដុល្លារហើយតម្លៃសំបុត្រនេះ ភ្ញៀវអាចប្តូរជាអាហារឬភេសជ្ជៈនៅខាងក្នុងរមណីយដ្ឋានវិញបាន ចំណែកភ្ញៀវដែលស្នាក់នៅពុំចាំបាច់ទិញសំបុត្រឡើយ។
ផ្ទះស្នាក់នៅភូមិថ្មីកំពត មានចំនួន២ប្រភេទ គឺប្រភេទបឹងហ្គាឡូ និងផ្ទះវីឡាឯកជន(ផ្ទះបែបខ្មែរ)។ បឹងហ្គាឡូនីមួយៗត្រូវបានសង់ឡើងស្ថិតនៅដាច់ពីគ្នា ខ្ពស់ផុតពីដីមានរានហាលខាងមុខធំល្មម អាចគយគន់ទេសភាពមាត់ព្រែកបាន ស័ក្តសមសម្រាប់ភ្ញៀវដែលមានចំនួនតិច។សម្រាប់ប្រភេទបឹងកាឡូនេះ ក៏មាន២ប្រភេទផងដែរដោយបឹងកាឡូម៉ាស៊ីនត្រជាក់តម្លៃ ៦៨ ដុល្លារ និង ៥៨ ដុល្លារ ដែលអាចគេងបាន២ នាក់បូករួមជាមួយនឹងអាហារពេលព្រឹក ចំណែកបឹងកាឡូកង្ហារ តម្លៃ ២៨ ដុល្លារអាចគេងបាន ២ នាក់។
កន្លែងស្នាក់មួយទៀតគឺផ្ទះវីឡាឯកជន ឬផ្ទះបែបខ្មែរ សង់ឡើងជាផ្ទះឈើដ៏ធំទូលាយរចនាឡើងក្នុងទម្រង់បែបផ្ទះខ្មែរបុរាណ មានជាន់ក្រោម និងជាន់លើដែលអាចគេងបានច្រើននាក់ ផ្នែកខាងក្នុងផ្ទះមានតាំងលម្អដោយគ្រឿងសង្ហារិមកាលពីជំនាន់មុន មានសាឡុងទទួលភ្ញៀវ កន្លែងអានសៀវភៅរានហាលខាងមុខធំទូលាយ អាចគយគន់ទេសភាព វាលស្មៅពណ៌បៃតង ដងព្រែកនិងជួរភ្នំជាដើម។ ផ្ទះវីឡាឯកជន ឬផ្ទះបែបខ្មែរនេះ មានតម្លៃ ១៨០ដុល្លារអាចគេងបានចន្លោះពី ៨ ដល់ ១២នាក់។ នៅទីនេះ ក៏មានភោជនីដ្ឋានដែលបម្រើជូននូវម្ហូបបែបខ្មែរ និងបែបអឺរ៉ុបផងដែរ។
ទើបតែបង្កើតបានជាង១ ឆ្នាំ ភូមិថ្មីកំពត កំពុងទាក់ទាញ់ភ្ញៀវទេសចរមកលេងយ៉ាងច្រើនកុះករត្បិតនៅទី ទេសចរក្នុងខេត្តកំពតមួយនេះ មានសេវាកម្មកម្សាន្តជាច្រើនដូចជាការកម្សាន្តជិះទូកកៃយ៉ាក់មានតម្លៃ ១ ម៉ឺនរៀលក្នុងម្នាក់ការជិះឡានអគ្គីសនីលើទឹកមានតម្លៃ ២០ ដុល្លារ ក្នុង១ម៉ោង ដោយអាចជិះបានប្រមាណ៣ ទៅ ៤ នាក់ ចំណែកទូកទេសចរណ៍ខ្នាតធំ អាចជិះបានមនុស្សច្រើន មានតម្លៃ១០០ដុល្លារ ក្នុង១ម៉ោង ដោយជិះលេងតាមដងព្រែក ជិះកម្សាន្តតាមភូមិនេសាទលើសពីនេះអ្នកទេសចរ អាចហែលទឹកលេង មើលថ្ងៃលិច ថតរូបទុកជាអនុស្សាវរីយ៍ស្រូបខ្យល់អាកាសដ៏បរិសុទ្ធបែបធម្មជាតិ ហាត់យូហ្គា ម៉ាស្សា ស្ប៉ា ធ្វើសមាធិអង្គុយជជែកគ្នាលេង និងញ៉ាំអាហារជួបជុំគ្រួសារបានផងដែរ។
រមណីយដ្ឋានជាប់មាត់ទឹកនេះក៏មានសាលប្រជុំ មានទីតាំងសម្រាប់រៀបចំកម្មវិធីជប់លៀងផ្សេងៗជាលក្ខណៈក្រុមហ៊ុន និងគ្រួសារ និងមានការប្រគុំតន្ត្រីភ្លេងខ្មែរការចាក់ភ្លេងរាំលេងកម្សាន្តពីសំណាក់ ឌីជេជាដើម។
លោកនីម នី ជា supervisor នៅភូមិថ្មីកំពតបានប្រាប់សារព័ត៌ឌីជីថល SR ឱ្យដឹងថា ការបង្កើតភូមិថ្មីកំពតនេះឡើង គឺដើម្បីសហការជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងបង្កើនតំបន់ទេសចរណ៍ឱ្យកាន់ច្រើននិងផ្តល់នូវការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យគេចផុតពីការចំណាកស្រុកទៅធ្វើការនៅបរទេស។
ទាក់ទងនឹងភូមិសាស្ត្រនៅភូមិថ្មីកំពតលោក នីម នី បញ្ជាក់ថា៖ «នៅទីនេះមានអាកាសធាតុអំណោយផលមែនទែនខាងក្រោយព័ទ្ធដោយភ្នំបូកគោហាក់បីដូចជាមានកន្លែងដែលបន្សុទ្ធខ្យល់ធម្មជាតិមួយ ដែលធ្វើឱ្យយើងស្រូបយកដោយមានផាសុកភាព នៅខាងមុខវិញ ទីតាំងយើងជាប់នឹងមាត់ព្រែកតែម្តង ដែលអាកាសធាតុត្រជាក់លាយឡំជាមួយទេសភាពស្អាតជាប់ចិត្ត អមទៅដោយដើមចាក ជាប់ទៅនឹងព្រែក។
ទីនេះយើងទើបតែអាប់ដេត(Update) បាន៤០ភាគរយប៉ុណ្ណោះនៅពេលអនាគត យើងនឹងបន្ថែមឱ្យមានការជិះខ្សែរ៉ក និងមានផ្សារបែបសហគម៍ទៀត»។
រមណីដ្ឋានភូមិថ្មីកំពតមានទីតាំងស្ថិតនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត និងមានផ្ទៃដីជិតទំហំជិត៦ ហិចតា ។ គេហទំព័រហ្វេសប៊ុក Pham Thmey Kompot ឬទំនាក់ទំនងលេខទូរសព្ទ០៨៥ ២៧៧ ៧៧៧/ ០៧៨ ២៨៧ ៧៧៣/ ០៩០ ៧៧៤ ៩៤៩៕
ទីតាំង: Pham Thmey Kompot