ជីវិត និង សង្គម

សង្គមស៊ីវិល និងយុវជន ស្នើឱ្យគ្រប់ភាគីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ

October 22, 2024
លៀប ទេពិទូ
Heading
Option 1

ភ្នំពេញៈ ដើម្បីអបអរសាទរខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា អង្គការ សង្គមស៊ីវិល និងយុវជនយល់ថា យើងគប្បីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារជាពិសេស កុមារគួរទទួលបានការអប់រំ កុំឱ្យងាយធ្លាក់ចូលក្នុងភាពក្រីក្រ ឬបាត់បង់នូវធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។  

យោងតាមផែនការជាតិ ស្ដីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ(២០០៨-២០១២)បានកំណត់ថា ពលកម្មកុមារ គឺជាការងារទាំងឡាយណា បើទោះបីជាទទួលបានកម្រៃ ឬមិនទទួល បានកម្រៃក្តីប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកចិត្តគំនិត ផ្នែករាងកាយផ្នែកសង្គមនិងផ្នែកសីលធម៌ របស់កុមារ ជាពិសេសរាំងស្ទះដល់ការអប់រំរបស់ពួកគេ។

លោក ថាវង្ស ជាបុគ្គលិកក្រុមហ៊ុនឯកជនបាន​ឱ្យដឹងថាការប្រើប្រាស់កម្លាំងពលកម្មលើកុមារនៅតែ បន្តមានតាមកន្លែងធ្វើការមួយចំនួនពិសេសកុមារស្ថិតនៅក្នុងគ្រួសារក្រីក្រ ដែលតម្រូវឱ្យពួកគេ ចេញមកធ្វើការដើម្បីបានប្រាក់ចំណូលជួយគ្រួសារ។

ជាមួយគ្នានេះ លោក ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាលនិងវិស័យឯកជនយកចិត្តទុកដាក់ទៅលើ ការប្រើប្រាស់ពលកម្មកុមារនេះ ដោយហេតុកុមារគឺជាទំពាំងស្នងឫស្សី ដែលគួរទទួលបានការអប់រំ ការមើលថែទាំត្រឹមត្រូវត្បិតប្រទេសមួយខ្លាំងទៅបាន ត្រូវមានទំពាំងដែលល្អតាំងពីតូចដូចគ្នា។  

កញ្ញា នាក់ សុគន្ធា ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិ កុមារ បានឱ្យដឹងថា អង្គការរបស់កញ្ញា បានចូលរួមលើកកម្ពស់និងប្រឆាំងនូវការប្រើប្រាស់ពលកម្ម លើកុមារតាមរយៈការធ្វើការជាលក្ខណៈបណ្ដាញ ជាមួយក្រុមដែលដឹកនាំដោយកុមារនិងយុវជនជាង​១៤ខេត្ត/ក្រុង ក្នុងការបង្កើនការយល់ដឹងពីសិទ្ធិកុមារដល់កុមារ ឬក្រុមកុមារនិងបានផ្សព្វផ្សាយពីសិទ្ធិ កុមារតាមរយៈការធ្វើយុទ្ធនាការនៅសហគមន៍និងតាមបណ្ដាញសង្គម ជាពិសេសការលើកកម្ពស់ ការចូលរួមរបស់កុមារក្នុងការតាមដាននិងជំរុញអ្នកមានកាតព្វកិច្ចអនុវត្តសិទ្ធិកុមារ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។  

ប្រធានគណៈកម្មាធិការរូបនេះបន្តថា យើងគប្បីលុបបំបាត់ការរប្រើប្រាស់ពលកម្មកុមារហើយអោយ កុមារ ទទួលបានការអប់រំទាំងចំណេះដឹង ឬជំនាញ ដើម្បីកុំឱ្យងាយធ្លាក់ចូលក្នុងភាពក្រីក្រនិងអបាយ មុខ ដូចជាល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ដែលធ្វើសង្គមជាតិអសន្តិសុខនិងបាត់បង់នូវធនធាន មនុស្សក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

រូបភាព៖ ភ្នំពេញប៉ុស្តិ៍

ជាមួយគ្នានេះដើម្បីចូលរួមទប់ស្កាត់លើការប្រើប្រាស់ពលកម្មលើកុមារ កញ្ញា នាក់ សុគន្ធា យល់ថាគួរមានវិធានការមួយចំនួនដូចជា បង្កើនការចុះអធិការកិច្ចការងារនៅតាមក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានា ដើម្បីធានាថាគ្មានការប្រើប្រាស់កម្លាំងពលកម្មកុមារខុសច្បាប់។រិតបន្តឹងការ អនុវត្តច្បាប់ និងដាក់ទោសទណ្ឌដល់សហគ្រាសឬនិយោជកដែលកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ។

ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីកាត់បន្ថយកុមារចូលធ្វើការ។ បង្កើនការផ្សព្វផ្សាយ និងអប់រំដល់អាណាព្យាបាល។បង្កើនការងារសមរម្យសម្រាប់យុវជន និងការផ្ដល់ការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់កុមារនិងយុវជននៅគ្រប់ទីកន្លែង ជាពិសេសតំបន់ដាច់ស្រយាល។

គួរបញ្ជាក់ថា បើតាមមាត្រា ១៧៧នៃច្បាប់ស្តីពីការងារបានចែងថា អាយុអប្បបរមាដែលអាចចូល ធ្វើការជាកម្មករនិយោជិតត្រូវបានកំណត់ ត្រឹម១៥ឆ្នាំ។ កុមារដែលមានអាយុពី១២ឆ្នាំដល់១៥ឆ្នាំ អាចអនុញ្ញាតឱ្យធ្វើតែការងារស្រាលដូចជាការងារនោះមិនបណ្តាលឱ្យខូចសុខភាព ឬការអភិវឌ្ឍនៃចិត្ត និងកាយរបស់កុមារ។ ការងារទាំងនោះមិនបណ្តាល ឱ្យប៉ះពាល់ដល់ការសិក្សាជាទៀងទាត់ ការចូលរួមក្នុងកម្មវិធីតម្រង់ទិសឬកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានកំណត់ដោយអាជ្ញាធរ មានសមត្ថកិច្ច។

ច្បាប់ដដែលនេះចែងបន្តថា ការងារប្រកបដោយគ្រោះថ្នាក់មួយចំនួនក៏ត្រូវបានហាមឃាត់សម្រាប់ កុមារអាយុក្រោម១៨ឆ្នាំ ដូចជាការនេសាទសមុទ្រ/ឡឥដ្ឋ/ស្រែអំបិល/ចំការកៅស៊ូ។ល។ប្រសិនបើ កុមារ ធ្វើការ ពួកគាត់ទទួលបានសុវត្ថិភាពពីការងារនិងទទួលបានប្រាក់កម្រៃត្រឹមត្រូវ។ ប្រសិនបើ អធិការកិច្ចការងារ ពិនិត្យឃើញថាក្រុមហ៊ុនសហគ្រាស ឬនិយោជក អនុវត្តផ្ទុយនឹងបញ្ញត្តិចំពោះ កុមារ នោះនឹង ត្រូវទទួលនូវការចាត់វិធានការនិងផ្ទន្តាទោសដូចដែលមានចែងក្នុងច្បាប់ស្ដីពីការងារ៕

អត្ថបទពេញនិយម

ក្រុមយុវជន សប្បាយរីករាយហែទីងមោង ក្នុងពិធីហែទៀនវស្សា នៅស្រុកស្អាង

កសិករនៅបាត់ដំបង ចែករំលែកបទពិសោធន៍ចិញ្ចឹមជ្រូកកណ្ដុរ មិនត្រឹមតែងាយស្រួល ថែមទាំងមានទីផ្សារល្អ

មិនចង់ឲ្យមុខជាំ ស្រីៗត្រូវចេះតិចនិកទាំងនេះ

ភ្ញៀវទេសចរជាង ៥ពាន់នាក់ ចូលរួមព្រឹត្តិការណ៍“Big Bike meeting Elite Night” នៅផាប់ស្ទ្រីត

សត្វស្លាបអ្វីដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក?