កំពង់ចាម: ដោយសម្លឹងឃើញគុណវិបត្តិនៃការប្រើប្រាស់ហ្គាសចម្អិនអាហារប្រចាំថ្ងៃ ជាងក្រឡឹងម្នាក់បានកែច្នៃចង្ក្រានដោយប្រើប្រេងចាស់ៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្ទុះហ្គាសនិងសម្រួលការចំណាយក្នុងគ្រួសារ នាំឱ្យមានការគាំទ្រពេញបណ្ដាញសង្គម។
ប្រមាណជា ២ ខែមុន លោក កែវ សុធារ៉ា បានបង្កើតសិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅនៅ ភូមិ អ្នកតាស្នឹង ឃុំ បឹងណាយ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម។
មិនយូរប៉ុន្មានចង្ក្រានកែច្នៃរបស់លោកត្រូវបានអ្នកប្រើប្រាស់ណែនាំតៗគ្នា ហើយសព្វថ្ងៃលោកកំពុងតែមមាញឹកក្នុងការផលិតចង្ក្រានប្រើប្រេងខ្មៅដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ខណៈអតិថិជនគាំទ្រមានមកពីគ្រប់បណ្ដាខេត្តក្រុងរហូតដល់មានការទិញទៅសហរដ្ឋអាមេរិកថែមទៀត។
ម្ចាស់សិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅបានប្រាប់ SR News ពីការបង្កើតសិប្បកម្មនេះឡើងថា៖ «បានជាខ្ញុំចាប់ផ្ដើមកែច្នៃចង្ក្រានប្រើប្រេងចាស់ៗនៅខែសីហាឆ្នាំ ២០២៤នេះបន្ទាប់ពីមានព័ត៌មានផ្ទុះនៅតាមបណ្ដាញសង្គម ដោយខ្ញុំជាជាងក្រឡឹងស្រាប់ ទើបខ្ញុំចាប់ផ្តើមច្នៃនិងបំពាក់គ្រឿងមួយចំនួន ដើម្បីបានចង្ក្រានដែលមានចំហេះខ្លាំងឆេះសព្វនិងមានគុណភាពខ្ពស់»។
លោក ធារ៉ា បានបញ្ជាក់ថា ការផលិតចង្ក្រាននេះត្រូវបានធ្វើឡើងក្នុងបំណងចង់ឲ្យអ្នកប្រើប្រាស់ចំណេញពេលវេលាដោយសារចង្ក្រានឆាប់ក្តៅ និងជួយសន្សំសំចៃថវិកាជាជាងការប្រើប្រាស់ ហ្គាសឬអគ្គិសនី។
ចង្ក្រាននេះប្រើប្រាស់ឡើងវិញ នូវកាកសំណល់ប្រេងម៉ាស៊ីនយានជំនិះ។ក្រៅពីប្រេងដែលស្ដារចេញពីម៉ូតូនិងរថយន្ត អ្នកប្រើប្រាស់ក៏អាចយកប្រេងសល់ពីការបំពងម្ហូបអាហាររួចមកប្រើប្រាស់ផងដែរ។
លោក ធារ៉ា បានបញ្ជាក់ថា៖ «ចង្ក្រាននេះយើងអាចប្រើជាមួយប្រភេទប្រេងឆាចាស់ៗប្រេងបាតម៉ូតូរថយន្តនិយាយរួម ឲ្យតែប្រភេទចាស់ៗ»។
ចំពោះចង្ក្រាន លោក ធារ៉ា បានផលិតជាខ្នាតទំហំ ៣តឹក ៤ជ្រុង កម្ពស់ ៣តឹកប្រវែងបណ្ដោយ ៥ តឹកដែលអាចប្រើជាលក្ខណៈគ្រួសារក៏បានឬក្នុងអាជីវកម្មខ្នាតតូចក៏បាន។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចកុម្ម៉ងខ្នាតចង្ក្រានសម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានផងដែរ។
ទោះជាសិប្បកររូបនេះមានបទពិសោធន៍ជាជាងក្រឡឹងក្ដីក៏ការផលិតចង្ក្រានប្រើប្រេងខ្មៅនៅតែជួបប្រទះការលំបាកខ្លះដែរដូចជាការនាំចូលនូវកង្ហារខ្យង និងម៉ូទ័រខ្យល់ពីបរទេស សម្រាប់ភ្ជាប់ជាមួយចង្ក្រានដោយសារតែគ្រឿងបង្គុំទាំងពីរនេះពុំមានផលិតនៅក្នុងស្រុក។
សិប្បករធ្វើចង្ក្រានវ័យ ៣៧ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «យើងត្រូវតែភ្ជាប់ម៉ូទ័រគូថខ្យងទៅនឹងទីបពណ៌ខ្មៅធំដោយបំពង់ទីបជ័រមួយទៀត។បន្ទាប់មកយើងត្រូវចាក់ប្រេងចូលក្នុងបំពង់បឺតស្តុកប្រេងរួចដាក់ក្រដាសចូលក្រឡចង្ក្រាន រួចដុតវាឲ្យចេះក្រដាសនិងប្រេងសិនទើបយើងចាប់ផ្តើមបើកវ៉ូលីមម៉ូទ័រគូថខ្យង ហើយយើងមិនត្រូវ ប្រើម៉ូទ័រគូថខ្យងនៅពេលវាមិនទាន់ឆេះប្រេងនោះទេ»។
ចង្ក្រានរបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជនដែលបានជាវយកទៅប្រើប្រាស់និងឃើញលទ្ធផលថា វាពិតជាជួយសន្សំសំចៃ ក្ដៅលឿនរហ័ស ចំណាយពេលវេលា ថវិកាតិចនិងមិនបារម្ភហានិភ័យចំពោះការផ្ទុះ។ អ្នកប្រើប្រាស់ត្រូវចំណាយលើភ្លើងអគ្គិសនីត្រឹមតែ៣ទៅ ៤ វ៉ាត់ប៉ុណ្ណោះ។
លោកបានសម្រិតសម្រាំងនូវប្រភេទដែកក្រាស់ៗ និងរឹងមាំ ដើម្បីឱ្យអតិថិជនអាចយកទៅប្រើប្រាស់ បានយូរអង្វែងក្នុងតម្លៃមួយសមរម្យ។
លោក ធារ៉ា បាននិយាយថា៖ «ចំពោះចង្ក្រានខ្នាតកណ្តាលយើងលក់ជូនក្នុងតម្លៃ ៦៥ ដុល្លារ ឬ ២៦ ម៉ឺនរៀលប៉ុណ្ណោះ»។
បើតាមការលើកឡើងរបស់សិប្បករអ្នកប្រើប្រាស់ចង្ក្រានប្រេងខ្មៅ លែងបារម្ភនឹងហានិភ័យចំពោះការផ្ទុះឆេះដូចចង្ក្រានហ្គាសឡើយ។អត្ថប្រយោជន៍ជារួមរបស់វាបន្ថែមទៀតគឺជួយកាត់បន្ថយការប្រើប្រាស់ អុស ធ្យូង ដែលនាំឲ្យបាត់បង់ព្រៃឈើ។ចង្ក្រានប្រើប្រេងខ្មៅក៏ជួយរក្សាបរិស្ថានក្នុងផ្ទះពីការខ្មៅគូថឆ្នាំងជញ្ជាំង និងពិដានផងដែរ ដោយសារតែវាមិនមានផ្សែង។
នាពេលអនាគតសិប្បកម្មរបស់លោកគ្រោងនឹងផលិតចង្ក្រានឱ្យបានច្រើនជម្រើសដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ម្ចាស់សិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅបាននិយាយថា៖«ខាងយើងក៏នឹងចង់ឲ្យប្រជាជនខ្មែរងាកមកប្រើចង្ក្រាននេះព្រោះយើងមិនចាំបាច់កាប់ព្រៃឈើមកធ្វើជាអុសធ្យូងនិងចំណាយនៃការប្រើប្រាស់ហ្គាសដោយចំណាយលើភ្លើងបន្តិចបន្តួចប៉ុណ្ណោះជាពិសេសជួយសម្រួលសេដ្ឋកិច្ចគ្រួសារនិងជីវភាពឲ្យកាន់តែប្រសើរឡើង»។
សិប្បកម្មរបស់លោក កែវ សុធារ៉ា អាចទំនាក់ទំនងតាមទំព័រហ្វេសប៊ុកៈ សិប្បកម្មចង្ក្រានប្រេងខ្មៅ កូនខ្មែរកំពង់ចាម ឬ ក៏តាមរយៈតេឡេក្រាមលេខ ០៩៧២២៣១០០៧/០៨៨ ៧៩៦២៩៩៩៕