ចំណេះដឹង

ហែម ច័ន្ទសុភ័ក្រ្ដ៖ ការដាំដើមឈើក្នុងទីក្រុង មានប្រយោជន៍ដល់សុខភាព និងបរិយាកាសរស់នៅ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ:ជាអ្នកស្រឡាញ់ធម្មជាតិ លោក ហែម ច័ន្ទសុភ័ក្រ្ដ ចាត់ទុកការដាំដើមឈើនៅតាមទីសាធារណៈ នៅជុំវិញបរិវេណផ្ទះ តាមអគារ ឬលើដំបូល ពិតជាមានសារៈសំខាន់ណាស់ ដោយសារ រុក្ខជាតិតូចធំទាំងនោះបានជួយលើកកម្ពស់សោភណ្ឌភាពទីក្រុង ជួយដល់សុខភាពម​នុស្ស និងសុខុមាលភាពសង្គម។

លោក ហែម ច័ន្ទសុភ័ក្រ្ដ អ្នករចនាសួនច្បារ និងជាសហស្ថាបនិកពិព័រណ៍រុក្ខជាតិនិងសួនច្បារភ្នំពេញ បានប្រាប់សារព័ត៌មាន SR Digital Media ឱ្យដឹងថា នៅតាមបណ្តាទីក្រុងបរទេសមួយចំនួនការដាំដើមឈើធ្វើជារបង ឬហៅថារបងបៃតង ពិតជាបានរួមចំណែកយ៉ាងច្រើន ដូចជាការកាត់បន្ថយការរំខានដោយសំឡេង ទប់ទល់នឹងកម្លាំងខ្យល់បោកបក់ បន្ថយកម្តៅសីតុណ្ហភាពតាមដងផ្លូវជួយឱ្យគុណភាពខ្យល់ប្រសើរឡើងជាដើម។

អ្នករចនាសួនច្បាររូបនេះ បន្តថា រដ្ឋាភិបាល និងប្រជាជនរស់ក្នុងទីក្រុងអាចចូលរួមដាំដើមឈើឱ្យបាន ច្រើន ដោយសារ ដើមឈើទាំងនោះ នឹងជួយដល់សុខភាពផ្លូវកាយផ្លូវចិត្ត និងផ្នែកសេដ្ឋកិចសង្គម ផងដែរ។

លោកបញ្ជាក់ដូច្នេះថា៖ «ការដាំដើមឈើតាមផ្លូវ ឬលម្ហបៃតងហ្នឹង វាផ្ដល់សោភណភាពដល់ទីក្រុង​ កាត់បន្ថយភាពតានតឹងដល់អ្នកដំណើរ និងផ្តល់ជាម្លប់ទៀត បើយើងយករុក្ខជាតិមកដាំធ្វើជារបងក្តីឬ ដាំក្នុងបរិវេណផ្ទះក្តី វាធ្វើឱ្យ​​​​​បរិយាកាសត្រជាក់ស្រស់ស្រាយ រស់នៅមានផាសុកភាពជាពិសេសជួយ ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ ជួយកាត់បន្ថយស្ត្រេស ហើយអាចទាក់ទាញអ្នកទេសចរទៀតព្រោះទីក្រុងយើងស្អាតធម្មជាតិ ហើយសុវត្ថិភាព ព្រោះប្រជាជននាំគ្នាធ្វើរបងបៃតង  ដែលនេះបញ្ជាក់ពីចំណេះដឹង របស់ពលរដ្ឋក្នុងប្រទេស»។

អ្នករត់ម៉ូតូកង់បីនៅម្ដុំផ្សារស៊ីឡឹប លោកសុខ ហួន យល់ឃើញថា ដើមឈើពិតជាមានសារៈសំខាន់ ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តួយ៉ាងនាពេលថ្ងៃត្រង់លោកតែងតែឈប់សម្រាកក្រោម ដើមឈើទាំងនោះ ត្បិតដើមឈើតាមដងវិថីនេះ បានផ្ដល់ជាម្លប់ត្រជាក់និងកាត់បន្ថយកម្ដៅផងដែរ។

ជាមួយគ្នានេះ ហែម ច័ន្ទសុភ័ក្រ្ដ បានស្នើឱ្យមានការផ្សព្វផ្សាយនិងលើកទឹកចិត្តជាសាធារណៈ ឱ្យបានទូលំទូលាយក្នុងការចូលរួមចំណែកដាំដើមឈើ ឬបង្កើតជាវគ្គបណ្តុះបណ្តាលឱ្យបានច្រើនស្តីពីបច្ចេកទេសក្នុងការដាំកូនឈើ និងរបៀបថែទាំដើមឈើជាដើម ឱ្យដូចពាក្យស្លោកមួយថា «មនុស្សមួយម្នាក់ដើមឈើមួយដើម»៕

អត្ថបទពេញនិយម

Google លែងជា «កិរិយាសព្ទ» សម្រាប់ Gen Z ទៀតហើយ

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ

គួរដឹង! ៧ចំណុចសំខាន់ នៃពិធីសែនក្បាលទឹក

បាត់ដំបង ទីក្រុងច្នៃប្រឌិតដំបូងរបស់ យូណេស្កូ ដែលសិល្បៈចម្អិនអាហារមាននិរន្តរភាពសម្រាប់បេតិកភណ្ឌម្ហូបខ្មែរ

ប្រាសាទសំបូរព្រៃគុក៖ ទឹកដីផ្តុំដោយរឿងរ៉ាវប្រវត្តិសាស្ត្រ និងសំណង់ប្រាសាទដ៏អស្ចារ្យ