ជីវិត និង សង្គម

ជាងចម្លាក់ថ្មកែវ ខេត្តពោធិ៍សាត់ អាជីពដែលទាមទារភាពអំណត់បំផុត គួរឱ្យស្ងើចសរសើរ

December 24, 2024
ថិញ រិទ្ធី
Heading
Option 1

ពោធិ៍សាត់​:ស្ថិត​នៅទឹកដី​ល្បីល្បាញដែលជាអត្តសញ្ញាណ​​​​​ចម្លាក់​ផ្ដិលខាត់​ថ្មកែវ​លោក ស្វាយប៉ុក គឺជា​​ជាង​​​​ចិត្ត​ធ្ងន់​ដូច​ផ្ទាំង​ថ្ម ទើប​អាច​ប្រើ​ភាពអំណត់​ដាប់​ឆ្លាក់​​​ប្រែក្លាយ​វត្ថុធាតុដើម​ជា​ចម្លាក់​ថ្មកែវ​​ដ៏មានតម្លៃ។

ចម្លាក់​លើ​ថ្ម​ជា​សិល្បៈ​មួយ​ ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជាដោយ​​​ខេត្ត​ពោធិ៍សាត់​ត្រូវ​បាន​គេ​ស្គាល់ថា​ជា​ទឹកដី​នៃ​​​ជាង​​ចម្លាក់​ថ្ម​កែវ​ដ៏ជំនាញក្នុងការដាប់​​គូរវាស​ទៅតាម​ក្បួនខ្នាត ហើយ​រំលេចជា​ស្នាដៃ​​​​តម្លៃ​រាប់ពាន់​ដុល្លារ​សម្រាប់ការ​លក់​ទាំង​ក្នុង និង​នាំ​​​ចេញទៅ​ក្រៅប្រទេស។

​ត្បិតតែ​ចម្លាក់ថ្ម​កែវ​មាន​តម្លៃខ្ពស់តែ​​​អាជីព​នេះក៏​​ទាមទារ​ការ​តាំងចិត្ត និង​​អត់ធ្មត់​ខ្លាំងផង​ដែរ ដូចជា​លោកប៉ុកដែល​​​​ចំណាយពេលជាង ២​ឆ្នាំ​ ក្រេបជញ្ជក់ចំណេះជំនាញ​​​​ឆ្លាក់​រូប​លើ​ថ្ម​ជាមួយ​លោកគ្រូស្វាយ ពឿ​ន ជា​គ្រូ​បង្គោល​​ក្នុង​ក្រុម​ជាងចាប់តាំងពីឆ្នាំ ១៩៩៨។

ឈរ​ជើង​លើ​អាជីវកម្មចម្លាក់ថ្មកែវជាង១៤ឆ្នាំ សិប្បករ​រូបនេះ​បាន​ប្រាប់​SR News ពី​មូលហេតុ​នៃ​ការ​ចាប់​យក​អាជីព​ជាងចម្លាក់ថា​៖«​បានជា​ខ្ញុំ​ចាប់រ​បរជា​ជាងចម្លាក់​នេះ ព្រោះ​ជា​របរ​មួយ​សម្រាប់​ទំនុប​បម្រុង​គ្រួសារ​ហើយក៏​ជា​របរ​មួយ​ថ្លៃថ្នូរ​សុច​រិ​ត​និង​ជាកា​ងារ​មួយ​ដែល​ជួយ​ផ្សព្វផ្សាយ​ពី វប្បធម៌ និង​អរិយធម៌​ខ្មែរ ជា​កេ​រមរតក​បន្តវេន​ពី​ដូនតា​មកដល់​បច្ចុប្បន្ន​និង​កូនចៅ​ជំនាន់​ក្រោយ​»​។​

​​ជាមួយ​ឧប្បនិស្ស័យ និង​​ទេពកោសល្យស្រាប់លោកប៉ុក​ អាច​មាន​សមត្ថភាព​​​ពេញលេញ​ក្នុង​ការដើរ​លើ​វិថី​អាជីព​ជាជាង​ចម្លាក់ ហើយ​នៅ​ឆ្នាំ២០១០ លោក​ក៏​សម្រេចចិត្ត​ចាប់ផ្តើម​បើកមុខ​របរ​តូច​មួយ ដោយ​ប្រើប្រាស់​ជំនាញ​ចម្លាក់​ថ្ម​​រហូតដល់​បច្ចុប្បន្ន។​

​សមិទ្ធផល​ទាំងអស់ពី​សិប្បកម្ម​របស់លោក​មាន​ការ​​ចូលរួម​ពីកូនជាង​៦​នាក់ដោយ​ក្នុងនោះ​ខ្លះជា​ជា​ជាង​ជំនាន់​មុន ហើយ​ខ្លះទៀត​ក៏​ត្រូវជា​​ក្មួយ​ដែល​លោក​បាន​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​។

​ក្រៅពី​ទាមទារ​កម្លាំង​ច្រើនគ្នា លោក​បាន​បញ្ជាក់ទៀតថាក្នុងការ​ឆ្លាក់​រូប​ព្រះ​មួយអង្គទាមទារ​​​ចំណេះដឹងការតស៊ូ ផ្ចិតផ្ចង់​អំណត់​អត់ធ្មត់​​​មែនទែនទើប​ទទួលបាន​រូបចម្លាក់​ត្រូវ​ក្បួនខ្នាត និង​មានក្បូរក្បាច់​ស្រស់ស្អាត​។​

​បុរស​វ័យ​៤១​ឆ្នាំ​រូបនេះ​បាន​បន្តថា៖​​«ក្នុងការ​ឆ្លាក់​រូប​ព្រះ​មួយអង្គ ខ្ញុំ​ត្រូវ​កំណត់​ទៅលើ​ទំហំ​ដែល​ភ្ញៀវបាន​កុម្ម៉ង់​សិន ដោយ​ខ្ញុំ​ត្រូវ​កាត់​ថ្ម​តាម​ទំហំ​ដែល​បាន​កំណត់ដោយ​ខ្នាតរួច​បាន​គូសព្រាង​នៅលើ​ថ្ម ទៅតាម​ក្បួនខ្នាត​និង​ទំហំ​រួចទើប​ចាប់ផ្ដើម​ដាប់​ទម្លាក់​ឲ្យ​ចេញ​ជា​រូបរាង រួច​ទើប​ខ្ញុំ​រៀបចំ​សម្រួល​ធ្វើ​ជា​ជើងដៃនិង​ចាប់ផ្តើម​លម្អិត​ផ្នែក​នី​មួយៗ​នៃ​រូប ពី​ផ្នែក​ខាងក្រោម​រហូតដល់​ផ្នែក​ខាងលើបន្ទាប់មក​ខ្ញុំ ត្រូវ​ឆ្លាក់​បើកមុខ រួច​ខាត់​វា​ជាការ​ស្រេច​»​។​

លោក ប៉ុក បន្ថែមទៀតថាចំពោះ​រូប​ព្រះ​ថ្មកែវ​មួយអង្គ ដែលមាន​ភ្នែនពីរ​​ម៉ែត្រ និង​​តម្លៃ ៦,៥០០​ដុល្លារ​​ត្រូវ​ប្រើ​រយៈពេល មួយខែ​១៥​ថ្ងៃ ដោយចំណាយ​កម្លាំង​​កូនជាង​ចំនួន​បីនាក់​​។

អ្វី​ដែល​លំបាកបំផុត​ក្នុង​ដំណាក់​កាល​ឆ្លាក់គឺ​ការ​ដាប់ថ្ម​ធ្វើជា​រូប​ព្រះ​នេះ​ ដែលទាមទារជំនាញ​ ការតស៊ូ និង​​​ចិ​ត្ដ​អំណត់​ខ្លាំងមែនទែន​។​

​រូបចម្លាក់​មួយអង្គៗ​ត្រូវបាន​ដាក់​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​ជាវ​ដាក់​តម្កល់​នៅ​ទីវ​ត្ត​អារាមនៅតាម​ផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាដើម​។ស្នាដៃ​ចម្លាក់​នេះទទួល​បាន​​ការ​គាំទ្រ​ច្រើន​ពី​សំណាក់ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ដោយ​មាន​​អ្នក​​ជាវយកទៅ​បរទេស​ផង​ដែរ​​ដូចជាសហរដ្ឋអាមេរិក ថៃ វៀតណាម ​បារាំង និង​បណ្ដាប្រទេសដទៃទៀត​។​

​ថ្ម​ជា​ច្រើន​ត្រូវបាន​នាំ​មកពី​កន្លែង​ផ្សេងៗ​គ្នាដូ​ចជា ថ្មកែវ​មាន​ប្រភព​មកពី​ខេត្តពោធិ៍សាត់ និង​ថ្មភក់ជា​ថ្ម​លេខ​ពីរ បន្ទាប់ពី​ថ្មកែវ​គឺ​យក​មកពី​ខេត្តព្រះវិហារនិង​កំពង់ធំ​។

លោក ប៉ុក បាន​ប្រាប់ពីវត្ថុធាតុដើម​ក្នុងការ​ធ្វើចម្លាក់​ថា៖«ចំពោះ​ថ្មកែវ​យើង​ទិញ​មក​គិត​ជា​គីឡូដោយ​មួយ​គីឡូ​តម្លៃ​ចាប់ពី​២០០០​​រៀល​រហូត​ទៅដល់​៤០០០០​រៀល ចំពោះ​ថ្មភក់ មួយ​គីបតម្លៃ ២០០០​រៀល ថ្ម​ម៉ាប ១​គីប តម្លៃ​២០០​ដុល្លារ​ទៅដល់​២៥០​ដុល្លារ»​។​

ជាងចម្លាក់​ថ្ម​កែវ​ក៏​បានបញ្ជាក់ដែរ​ថា៖«រាល់​រូបចម្លាក់​ទាំងអស់ យើង​អាច​ឆ្លា​ក់បាន​ទៅតាម​ការ​កុម្ម៉ង់​របស់​អតិថិជន​»។​

​​​សិប្បកម្ម​លោក ស្វាយ ប៉ុកមាន​ទី​លំ​ស្ថិតនៅ ភូមិ អូរ​ស្តៅ ឃុំ ផ្ទះ​ព្រៃ ក្រុង ពោធិ៍សាត់ខេត្តពោធិ៍សាត់​។​​ព័ត៌មាន​បន្ថែម​ពី រូបចម្លាក់​នេះ អាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កចម្លាក់​ថ្មកែវ ខេត្តពោធិ៍សាត់​ ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១២ ២៧១ ៤៧៧៕

អត្ថបទពេញនិយម

«ក្រុមសិល្បៈវត្តព្រៃក្ទម្ព» ប្រមូលផ្តុំយុវជន និងកុមារ ហាត់សម្តែងយីកេ និងរបាំក្បាច់បុរាណខ្មែរ

ទន្តបណ្ឌិត សៀ សុងឡាយ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង មានអត្ថប្រយោជន៍ និងពុំមានគ្រោះថ្នាក់ឡើយ

ហេតុអ្វីបានជាមូសចូលចិត្តខាំអ្នកនេះជាងអ្នកនោះ?

ទៅលេងរាម កុំភ្លេចឈាងចូលមើលដើមឈើយក្សអាយុកាលច្រើនសតវត្សរ៍

ស្ត្រីមានជំងឺផ្លូវចិត្តឈានចូលកំរិតទី៣ ប្រាប់ពីគន្លឺះសំខាន់យកឈ្នះជម្ងឺមួយនេះ