ភ្ញៀវទេសចរដែលទៅលេងនៅរមណីយដ្ឋានទេទឹកពុះ (HOT WATER) មិនត្រឹមតែបានកម្សាន្តលម្ហែនិងសិក្សាស្វែងយល់ពីបាតុភូតទឹកពុះប៉ុណ្ណោះទេ ក្រៅពីនោះភ្ញៀវទេសចរ ក៏អាចងូតទឹកក្តៅឬចុះត្រាំ ទឹកក្តៅបានផងដែរ ដោយការធ្វើបែបនេះ ព្រោះពួកគេជឿថាអាចនាំឱ្យជាសះស្បើយពីជំងឺ។
ភ្ញៀវទេសចរដែលចុះត្រាំទឹកក្តៅឬងូតទឹកនៅទីនេះ ភាគច្រើនជាមនុស្សវ័យចាប់ពី៣០ឆ្នាំឡើងទៅ ដែលមានបញ្ហាឈឺសន្លាក់ជំងឺស្បែក និងជំងឺផ្សេងៗទៀត។ បើតាមអ្នកស្រុករស់នៅទីនេះ បានឱ្យដឹង ថា កន្លងមកមានអ្នកជំងឺម្នាក់បានមកត្រាំទឹកក្តៅរយៈពេល១សប្តាហ៍ហើយអាការៈឈឺសន្លាក់ របស់គាត់បានជាសះស្បើយច្រើន ទន្ទឹមនឹងនេះបូករួមជាមួយនឹងការល្បីល្បាញពីយូរយារមកផង ក្នុងការព្យាបាលជំងឺតាមរបៀបត្រាំទឹកក្តៅនេះក៏នាំឱ្យមានការធ្វើបែបនេះតៗរៀងមក។
លោកលាង ផាន់ណារ៉ា វ័យ34 ឆ្នាំ ដែលធ្លាប់បានទៅកម្សាន្តនៅតំបន់ទេទឹកពុះបញ្ចាក់ថា
«លោកបានចុះត្រាំងជើងនៅទីនោះ រង្វង់ 15 ទៅ20នាទី ដោយអង្គុយជជែកគ្នាលេងជាមួយ នឹងទឹកហូររេចៗដែលហូរចេញពីទេទឹកពុះហ្នឹង វាធ្វើឱ្យលោកស្រួលខ្លួននៅបាតជើងក្រោយពីដើរលេងហត់នៅជុំវិញតំបន់នោះ និយាយទៅខ្ញុំសប្បាយស្រស់ស្រាយក្រោយពីបានឃើញទឹកដែលពុះចេញពីក្នុងដី វាជាទិដ្ឋភាពមួយប្លែកដែលមិនធ្លាប់បានដឹងនិងបានឃើញពីមុន»។
ទាក់ទងនឹងជំនឿវិញនៅទីនេះពលរដ្ឋមានជំនឿយ៉ាងខ្លាំងទៅលោកបារមីលោកយាយទេ ដែលគេ ជឿថា ពូកែស័ក្កសិទ្ធិហើយនៅទីនោះក៏មានការជឿ និងបន់ស្រន់ចំពោះរូបសំណាក់លោកតារាជកុង និងលោកយាយមានផងដែរ។
បើទោះបីការត្រាំទឹកក្តៅនៅទេទឹកពុះមានទាក់ទងនឹងជំនឿក៏ពិតមែនប៉ុន្តែបើតាមការសិក្សា ដែលធ្វើឡើងនៅសាកលវិទ្យាល័យក្យូតុរបស់ជប៉ុននិងចុះផ្សាយក្នុងព្រឹត្តិបត្ររបាយការណ៍វិទ្យាសាស្ដ្រ បានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗពី ៥ ដងឡើងក្នុងមួយសប្ដាហ៍ បានផ្ដល់ជាប្រយោជន៍ចំពោះសុខភាពបេះដូងព្រោះការត្រាំទឹកក្ដៅឧណ្ហៗជួយលំហូរចរន្ដឈាមរត់ពីជើងនិងពោះទៅកាន់បេះដូង លើសពីនេះ កាត់បន្ថយឱកាសពីការរឹងសរសៃឈាមនិងស្ទះសរសៃឈាមថែមទៀត។ ការសិក្សានេះ បានតាមដានបុរស និងស្ដ្រី ៨៧៣ នាក់ដែលងូតទឹកក្ដៅជាមធ្យម ១២ នាទីបានទប់ស្កាត់ជំងឺ ដាច់សរសៃឈាមខួរក្បាលនិងបញ្ហាបេះដូង ។
គួរបញ្ជាក់ថា នៅមណ្ឌលកម្សាន្តទេទឹកពុះនេះ ក៏មានដំណមផងដែរ ពោលគឺមិនអនុញ្ញាតឱ្យយកស៊ុតមាន់ ស៊ុតទាទៅស្ងោរក្នុងទឹកក្តៅនោះឡើយ។ នេះបើតាមប្រជាពលរដ្ឋនៅមើលថែក្នុងតំបន់នោះ។ចំណែកទឹកក្តៅនៅ ទេទឹកពុះនេះមានកម្តៅចាប់ពីអង្សារសេ ៥០ ទៅ ៧០អង្សារសេ។ មណ្ឌលកម្សាន្ត"ទេទឹកពុះ" មានទីតាំងស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ៕