ពិធីបុណ្យអុំទូកជាព្រះរាជពិធីដ៏សំខាន់មួយរបស់ជាតិខ្មែរ និងមានប្រវត្តិតាំងពីបុរាណកាលមកហើយបានចែងទុកក្នុងឯកសារជាតិ អន្តរជាតិពិសេសបានចារទុកលើសិលាចារឹកក៏ដូចជាជញ្ជាំងប្រាសាទខ្មែរនានាថែមទៀត។
ថ្ងៃនេះ សារព័ត៌មាន SRNews សូមលើកយកពីប្រវត្តិនៃពិធីបុណ្យអុំទូកមកចែកជូនប្រិយមិត្តអ្នកអានបានស្វែងយល់បន្ថែម៖
១. តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា៖នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។
ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
២. ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាងអាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖
សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាតងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំ ការពារស្រុកមានដូចខាងក្រោមនេះ៖
ទាហានជើងទឹក ចែកជា៣ក្រុម៖
- ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនិងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។
- ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនិងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។
- ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀង អាហារសម្រាប់ កងទ័ព ។
របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូកដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិករដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះ មានទីប្រជុំទឹកគ្រប់ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺនពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតមក។
ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យនេះឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរដែលបានរំដោះទឹកដីឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។
ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំនិងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុងមួយចំនួនបានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះឱ្យខេត្តរបស់ខ្លួនទៀតផង។
ពិធីប្រណាំងទូកនាពេលបច្ចុប្បន្ន
កាលដើមឡើយទូកដែលចូលរួមប្រណាំងមានតែបីប្រភេទប៉ុណ្ណោះមានទូកប៉ុកចាយ ទូកអុំ និងទូកចែវ។ ទូកទាំងបីប្រភេទនេះមានទូកបុរសនិងទូកនារី ដាច់ដោយឡែកពីគ្នា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះគណៈកម្មការបុណ្យជាតិបានអនុញ្ញាតឱ្យមានទូកបរទេសក្នុងការចូលរួមប្រណាំងជាលក្ខណៈប្រពៃណីដែរ។ឯចំណុះកីឡាករក្នុងទូកនីមួយៗមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទទូកដែរគឺទូកខ្លីមានចំនួនពី ២០ ទៅ ៣០ នាក់ និងទូកវែងមានចំនួនពី ៤០ ទៅ ៥០នាក់។
មកដល់សព្វថ្ងៃនេះចំណុះទូកមានការប្រែប្រួលច្រើន គឺទូកវែងមានចំនួនកីឡាកររហូតដល់ ៧០នាក់ក្នុងមួយទូក។ ការចូលរួមភាគច្រើនគឺមកពីខេត្តដែលនៅជាប់ដងទន្លេ ដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ក្រចេះ ព្រៃវែង ស្ទឹងត្រែងជាដើមហើយក៏ខេត្តទាំងនេះជាខេត្តដែលមានចំនួនទូកច្រើនជាងគេ។ ក្រៅពីនេះក៏មានទូកមកពីខេត្តមួយចំនួនទៀតដូចជា ខេត្តកំពង់ឆ្នាំង កំពង់ធំ តាកែវ សៀមរាប ពោធិ៍សាត់ បាត់ដំបង ផងដែរ។អ្វីដែលពិសេសគឺទូកដែលចូលរួមមានស្ទើរទូទាំងប្រទេសសូម្បីតែខេត្តដែលគ្មានទន្លេ ស្ទឹង សោះក៏ចូលរួមដែរ ដូចជា កំពង់ស្ពឺ រតនគិរីត្បូងឃ្មុំ ជាដើម។
ចំពោះការជ្រើសរើសកីឡាករប្រណាំងទូកជាប្រការសំខាន់តម្រូវឱ្យមានគុណសម្បត្តិជាចម្បង។ថ្វីដ្បិតតែការប្រណាំងទូកជាការកម្សាន្តតាមបែបប្រពៃណីប៉ុន្តែក៏ទាមទារឱ្យកីឡាករមានកាយសម្បទាគ្រប់គ្រាន់ និងរឹងមាំ។អ្វីដែលត្រូវការបំផុតនោះ គឺកីឡាករត្រូវតែចេះហែលទឹក។
ការប្រកួតទៀតសោតកីឡាករគ្រប់រូបចាំបាច់ត្រូវតែគោរពវិន័យរបស់គណៈកម្មការរៀបចំអុំទូកកំណត់និងត្រូវចេះយល់ចិត្តគ្នា ព្រោះថាការប្រកួតអុំទូកត្រូវប្រព្រឹត្តជាក្រុមប្រសិនបើគ្មានការយល់ចិត្តគ្នា ការអធ្យាស្រ័យគ្នាទេនោះ នឹងអាចប៉ះពាល់ដល់ក្រុមខ្លួនអាចដូចនឹងពាក្យស្លោកមួយថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”។ប៉ុន្តែទោះបីជាយ៉ាងណាក៏គណៈកម្មការបុណ្យអុំទូកបានត្រៀមរួចជាស្រេចក្នុងការជួយសង្គ្រោះលើគ្រោះថ្នាក់ណាមួយដែលនឹងអាចកើតមានជាយថាហេតុ។ទាំងសម្ភារ ទាំងឧបករណ៍ជំនួយមានដូចជា កប៉ាល់ ទូក អូប៊័រនិងក្រុមជួយអ្នករងគ្រោះ ជាដើម៕