សម្រាប់អ្នកដែលចូលចិត្តតន្ត្រីក្លាសិកនិងសិល្បៈចម្រៀងអូប៉េរា ឱកាសដ៏កម្រគឺការសម្ដែងនៅសណ្ឋាគារលំដាប់ផ្កាយដែលផ្ដល់ជូនសំបុត្រទស្សនាឥតគិតថ្លៃ។
ការប្រគំតន្ត្រីក្លាសិករបស់ក្រុមតន្ត្រីយុវជនអង្គររួមជាមួយអ្នកចំរៀងបែបអូប៉េរ៉ា លោក ឃួន សិទ្ធិស័ក្តិ នឹងធ្វើឡើងនៅថ្ងៃ ២៤ខែកញ្ញានេះ វេលាម៉ោង ៧យប់ នៅឯសាល NABA Theater ក្នុងសណ្ឋាការណាហ្គាវើលដ៍ ២ ដោយស្វាគមន៍ការចូលកន្លះម៉ោងមុនការសម្ដែង។
យោងតាមសេចក្ដីប្រកាសដោយក្រុមតន្ត្រីយុវជនអង្គរ ការសម្ដែងលើកនេះរួមមានបទក្លាស៊ិកបទចម្រៀអូប៉េរា បទនៅក្នុងខ្សែភាពយន្ត និងបទភ្លេងជាច្រើនទម្រង់ផ្សេងទៀតជាមួយឧបករណ៍ភ្លេងដ៏សម្បូរបែបរាប់តាំងពីព្យាណូ វីយូឡុង វីយូឡា ស្គរសាក់សូហ្វូ សេឡូ បាសទ្វេ និងក្លែរីណេតជាដើម។
បង្កើតឡើងកំឡុងឆ្នាំ ២០០៦និង២០០៧ ក្រុមតន្ត្រីយុវជនអង្គរ (ANYO) បានធ្វើការសម្តែងលើកដំបូងរបស់ខ្លួននៅបរិវេណប្រាសាទអង្គរវត្ត។នេះគឺជាការបង្កើតតន្ត្រីក្លាសិកដំបូងគេក្នុងប្រទេសកម្ពុជាចាប់តាំងពីសម័យសង្គមរាស្ត្រនិយម(១៩៥៣-១៩៧០)។ ក្រុមតន្ត្រីនេះត្រូវបានគ្រប់គ្រងដោយតន្ត្រីករពីររូបគឺ លោករ៉ម តារាវង្ស និងលោកស្រី ទេព គន្ធារ៉េត។
ក្រោមការសម្របសម្រួលរបស់គណៈរដ្ឋមន្ត្រីកម្ពុជានិងដោយមានការគាំទ្រពីក្រុមតន្ត្រី Gunma Junior Orchestra និង Shinichi Minami ក្រុមតន្ត្រីយុវជនអង្គរបាននិងកំពុងទទួលការជ្រោមជ្រែងហើយបានរីកចម្រើនបន្តិចម្តងៗរហូតក្លាយជាវង់ភ្លេងស៊ីមហ្វូនី។
ក្រុមតន្ត្រីយុវជនអង្គរ មានសមាសភាពគ្រូខ្មែរ(ធ្លាប់សិក្សានៅអតីតសហភាពសូវៀត)និងតន្ត្រីករវ័យក្មេងដែលមានចំនួនសរុបប្រហែល ៦០ ឬ ៧០ នាក់។តន្ត្រីករភាគច្រើនមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អ្នកផ្សេងទៀតបង់ថ្លៃដើម្បីបង្រៀនតន្ត្រីហើយត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិនៅក្នុងក្រុមតន្ត្រីយុវជនអង្គរ។
ចង់ដឹងថាការសម្ដែងតន្ត្រីក្លាសិកនិងចម្រៀងអូប៉េរ៉ា ធ្វើឱ្យទស្សនិកជនរំភើប ផ្ចង់អារម្មណ៍ លន្លង់លន្លោច និងព្រឺសម្បុរទៅតាមសូរសៀងតន្ត្រីបែបអភិជននេះយ៉ាងណានោះប្រិយមិត្តអាចស្វែងរកសំបុត្រឥតគិតថ្លៃពីទីតាំងប្រគំន្ត្រី នៅណាហ្គា ២ ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ៕