ភូមិអត្តពលោកអូឡាំពិក នៅទីក្រុងប៉ារីសបានផ្ទុះការជជែគវែកញែកជាថ្មី ដោយលើកនេះអំពីការប្រើប្រាស់ស៊ុមគ្រែក្រដាសកេសកាតុង។ខណៈពេលដែលការរចនាត្រូវបានអ្នកស្នេហាបរិស្ថានសរសើរចំពោះនិរន្តរភាពរបស់វាក្តីបារម្ភអំពីការប្រើប្រាស់វាក្នុងបំណងរួមមេត្រីត្រូវបានចោទជាចម្ងល់។
អត្តពលិកមុជទឹកជនជាតិអង់គ្លេស Tom Daley បានចែករំលែកនៅលើបណ្ដាញសង្គម Instagramដោយបង្ហាញពីស៊ុមគ្រែតែមួយគត់ថា៖»នេះជាប្រធានបទដែលតែងតែត្រូវបានគេលើកយកមកនិយាយច្រើន អំពីគ្រែនៅក្នុងភូមិអូឡាំពិក»។
ទោះជាយ៉ាងណាក៏ដោយអត្តពលិកដូចជា Evy Leibfarth បានបំភ្លឺថា គ្រែមានផាសុកភាពទោះបីជាមានទម្រគ្រោងជាក្រដាសកាតុងធ្វើកេសក៏ដោយ។
គ្រែក្រដាសកាតុងបានបង្ហាញខ្លួនជាលើកដំបូងនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ កាលណោះ គ្រែក្រដាសទទួលបានភាពល្បីល្បាញដោយសារពាក្យចចាមអារាមដែលគ្មានមូលដ្ឋានថាវាជា«គ្រែប្រឆាំងនឹងការរួមភេទ»។
ចាប់តាំងពីពេលនោះមកអត្តពលិកបានលុបបំបាត់ពាក្យចចាមអារាមនេះ ដោយបង្ហាញពីភាពធន់រាំរបស់គ្រែហើយបង្ហោះរូបផ្សព្វផ្សាយតាមបណ្ដាញសង្គម។
អ្នកហាត់កាយសម្ព័ន្ធជនជាតិអៀរឡង់ Rhys McClenaghan ដែលបានសាកល្បងកម្លាំងរបស់គ្រែក្រដាសដ៏ល្បីល្បាញនេះបាននិយាយថា៖«គ្រែអាចទប់ទល់នឹងសកម្មភាពខ្លាំងក្លា»។
ការផ្តោតលើនិរន្តរភាពជំរុញការប្រើប្រាស់ក្រដាសកេសកាតុងធ្វើកេសលោក Takashi Kitajima អ្នកគ្រប់គ្រងទូទៅនៃភូមិអត្តពលិកទីក្រុងតូក្យូបាននិយាយថា៖«គណៈកម្មាធិការរៀបចំកំពុងគិតអំពីវត្ថុដែលអាចកែច្នៃឡើងវិញបាន ហើយគ្រែគឺជាអ្វីដែលយើងអាចច្នៃពីរបស់ងាយស្រួលតម្លើងនិងប្រើប្រាស់ឡើងវិញ»។
កីឡាអូឡាំពិកទីក្រុងប៉ារីសបានយកគម្រូតាមភូមិកីឡាទីក្រុងតូក្យូដោយសង្កត់ធ្ងន់លើនិរន្តរភាពនៅក្នុងជម្រើសនៃការរចនាទទួលអត្តពលិក។
ខណៈពេលដែលអត្តពលិកមួយចំនួនដូចជា Katie Ledecky សរសើរគ្រែនេះថាទន់ស្រួលអ្នកផ្សេងទៀតដូចជា Angelica Delgado យល់ថា គ្រែទាំងនោះ រឹងបន្តិចក្នុងការគេង។
ទោះបីជាមានមតិចម្រុះក៏ដោយគ្រែក្រដាសកេសកាតុងនៅតែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់កីឡាអូឡាំពិកចំពោះការទទួលខុសត្រូវផ្នែកបរិស្ថាន៕
ប្រភព៖ The Washington Post