សេដ្ឋកិច្ច

យុវតី២នាក់ ចាប់ដៃគ្នាលក់វត្ថុអនុស្សាវរីយ៍ចាក់ពីអំបោះ ទទួលបានការគាំទ្រខ្លាំង

October 22, 2024
ថិញ រិទ្ធី
Heading
Option 1
A woman sits on a motorcycle with a box of stuffed animals on the back.

ភ្នំពេញៈ បញ្ឈរម៉ូតូលើចិញ្ចើមផ្លូវក្បែររបងសាលា យុវតី២នាក់ កំពុងព្យួរវត្ថុអនុស្សាវរីយ៍ឃ្យូតៗធ្វើឡើងពីអំបោះចាក់ដោយដៃ រណេងរណោងជុំវិញម៉ូតូ អាជីវកម្មថ្មីថ្មោងបែបចល័តនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងអន្ទងចិត្តសិស្សានុសិស្ស និងអ្នកដំណើរតាមផ្លូវឱ្យចូលមកទស្សនា និងជាវយ៉ាងច្រើន។

កញ្ញា ថេង ដាលីន មានឈ្មោះហៅក្រៅថា Nom Pang បានប្រាប់សារព័ត៌មានSR Digital ឱ្យដឹងថា ផលិតផលដែលចាក់ចេញពីអំបោះនេះ ជាភាសាអង់គ្លេសឈ្មោះថា Crochet ដែលមានដូចជា កាបូប អាវ តុក្កតា ផ្កា បន្តោងសោរ និងផលិតផលជាច្រើនទៀត។

ដំណើរការអាជីវកម្មនាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ យុវតីវ័យ២៥ ឆ្នាំរូបនេះ និយាយទាំងទឹក មុខញញឹមដូច្នេះថា៖ «ពេលលក់ថ្ងៃដំបូង ទទួលបានការចាប់អារម្មណ៍ជាខ្លាំងមានអ្នកមកថតរូបទៅបង្ហោះច្រើន ហើយអីដែលឱ្យខ្ញុំរំភើបចិត្តនឹកស្មានមិនដល់នោះ គឺនៅថ្ងៃទីពីរដោយសាររូបថតដែលបង្ហោះថ្ងៃមុនលើ Facebook និងTikTok វាផ្ទុះខ្លាំងម៉ង»។

A white motorcycle with a table full of stuff on it.
រូបភាព៖ ដាលីន

អង្គុយចាក់បណ្តើរ និយាយបណ្តើរ ម្ចាស់អាជីវកម្មបែបចល័តរូបនេះ បានរំឭកពីការរៀនចាក់អំបោះ ដោយដៃថា៖ «ថ្ងៃមួយខ្ញុំទៅលេងផ្ទះបងស្រី ពេលហ្នឹងគាត់យកអំបោះ និងម្ជុលឱ្យខ្ញុំ ហើយខ្ញុំក៏បើក យូធូប (youtube) មើល និងរៀនចាក់លេង។ ខ្ញុំចាក់ដំបូងគឺផ្កា បន្ទាប់ពីរៀនបានប្រហែលមួយអាទិត្យ ខ្ញុំទទួលកុម៉្មង់ចាក់អាវឱ្យគេបានមួយបែបនេះ ហើយបាននាំឱ្យខ្ញុំមានចិត្តចង់បើកលក់វត្ថុនេះ»។

បើទោះបីជាអាជីវកម្មថ្មីថ្មោងក៏ដោយ ប៉ុន្តែយុវតីម្ចាស់អាជីវកម្មទាំង២នាក់ ទទួលបានការគាំទ្រខ្លាំង ដោយមានទាំងការមកជាវដល់ទីតាំង និងការកុម្ម៉ង់តាមអនឡាញយ៉ាងច្រើន រហូតពេលខ្លះពួកគេ ធ្វើជូនភ្ញៀវសឹងមិនទាន់ និងពុំមានផលិតផលលក់ថែមទៀតផង។

មានទីតាំងនៅខាងមុខរបងសាលាសន្ធរម៉ុក ម៉ូតូចល័តតាំងលក់វត្ថុអនុស្សាវរីយ៍ចាក់ដោយដៃនេះ បើកលក់ចាប់ម៉ោង ២:០០ រសៀល រហូតទៅដល់ម៉ោង ៦:០០ល្ងាច។ ដាលីនរៀបរាប់ថា វត្ថុនីមួយៗត្រូវចំណាយរយៈពេលចាក់ចន្លោះពី ៣០នាទី ទៅ១ម៉ោង ទើបរួចរាល់ ចំណែកតម្លៃមានទៅតាមផលិតផលដូចជា ផ្កាតម្លៃ ៣ដុល្លារ បាច់ផ្កាតម្លៃ ៦ ដុល្លារ បណ្តោងសោ តម្លៃ២ដុល្លារ និងកាបូបតម្លៃ ៦ ដុល្លារ។  

A table full of crocheted animals and stuffed animals.
រូបភាព៖ ដាលីន

ទាក់ទងនឹងការប្រើប្រាស់ម៉ូតូសម្រាប់តាំងលក់វត្ថុអនុស្សាវរីយ៍នេះ កញ្ញា ដាលីន បានពន្យល់ពីមូល ហេតុថា ដោយមើលឃើញពីអាជីវកម្មលក់កាហ្វេអាចចល័តលក់តាមម៉ូតូបាន ដូចនេះកញ្ញាក៏មាន គំនិតលក់ផលិតផលរបស់ខ្លួននៅលើម៉ូតូដូចគ្នា ម៉្យាងវាមានលក្ខណៈងាយស្រួល ក្នុងការទុកដាក់មិនត្រូវការដាក់តុតាំងលក់ និងមិនត្រូវការទីតាំងធំ។

មុនទទួលបានភាពជោគជ័យដូចពេលនេះ ដាលីនបានបញ្ជាក់ថា៖ «មានពាក្យមិនសមរម្យជាច្រើន មកលើខ្ញុំដែរ ដូចជាពាក្យថាមិនចេះខ្មាសគេទេ ឬម៉េចបានមកលក់អីវ៉ាន់នៅតាមដងផ្លូវអ៊ីចឹង។ ប៉ុន្តែពាក្យទាំងនេះមិនបានសម្លាប់ក្តីស្រមៃរបស់ខ្ញុំឡើយ ព្រោះមានម៉ាក់ប៉ា និងបងប្អូនបានជំរុញ លើកទឹកចិត្តរហូតមក»។

ទន្ទឹមនឹងនេះ សម្រាប់អ្នកចង់បើកអាជីវកម្មថ្មីៗដាលីន លើកទឹកចិត្តថា៖ «សូមបងប្អូនទាំងអស់ ដែលមានក្ដីស្រមៃចង់បើកអាជីវកម្មឬចង់ធ្វើអ្វីមួយ សូមបងប្អូនទាំងអស់គ្នាធ្វើតាមក្ដីស្រមៃរបស់ខ្លួនចុះ កុំបោះបង់ឱ្យសោះ»។

ទៅថ្ងៃខាងមុខ ម្ចាស់អាជីវកម្មវ័យក្មេងទាំង២នាក់ ក៏មានបំណងពង្រីកអាជីវកម្មផងដែរ ដោយនឹង បើកហាងដើម្បីលក់ផលិតផលផង និងទទួលបង្រៀនសិស្សផង ត្បិតអំបោះចាក់ដោយដៃនេះ អាចផលិតបានជាសម្ភារៈជាច្រើន និងមានទីផ្សារលក់ផងដែរ៕

អត្ថបទពេញនិយម

ដំណាំខ្ញីអូរសោម ដាំតាមលក្ខណៈបច្ចេកទេស គ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក

ច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចូលជាធរមាននៅកូរ៉េខាងត្បូង

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) ដឹកនាំអ្នកសារព័ត៌មានជាង ៣៧ ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

ក្មេងស្រីជាច្រើនដែលត្រូវគេបំបរបង់នៅចិន ធ្វើដំណើរមកមាតុភូមិស្វែងរកសាវតាកំណើត

Elon Musk៖ បេសកកម្មដំបូងនៅភពអង្គារគ្រោងធ្វើនៅពីរឆ្នាំទៀត